Connect with us

កីឡា

ព័រទុយហ្គាល់ ទំនងតឹង​ព្រឹក​នេះ ប៉ះ ក្រូអាត ជាក្រុមល្អការពារ និងបម្រើ

បានផុស

នៅ

ក្រុមជម្រើសជាតិ ព័រទុយហ្គាល់ ទំនងនឹងមិនងាយស្រួលនោះទេ សម្រាប់ការប្រកួតវគ្គ ៣២ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក World Cup 2026 ដោយត្រូវជួបជាមួយក្រុម ក្រូអាត ដែលជាក្រុមរឹងមាំនៅតំបន់ការពារ និងបម្រើ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមខ្លាំងទាំង ២ នឹងត្រូវជួបគ្នា ក្នុងវគ្គ ៣២ ក្រុម នាវេលាម៉ោង ៦ ព្រឹក (ម៉ោងនៅកម្ពុជា) ថ្ងៃ សុក្រ ទី ៣ ខែ កក្កដា ឆ្នាំ ២០២៦។ បើប្រៀបធៀបមើលអំពីកម្រិតកីឡាករនៃក្រុមទាំង ២ គឺ ព័រទុយហ្គាល់ ហាក់មានប្រៀបជាង ពោលគឺពួកគេល្អទាំងព្រមតាំងពីតំបន់អ្នកចាំទី ដល់ប្រយុទ្ធ។

ទោះបីជាយ៉ាងណា ក្រុមជម្រើសជាតិ ក្រូអាត នៅតែត្រូវបានគេមើលឃើញ ជាក្រុមដ៏រឹងមាំមួយ ដែលនឹងអាចបង្ករជាឧបសគ្គធំដល់ក្រុមបញ្ចខែល ទោះបច្ចុប្បន្នកីឡាករសំខាន់របស់ពួកគេ ដូចជា Luka Modric និង Ivan Perisic មានវ័យជ្រែហើយក៏ដោយ។

អំឡុងការប្រកួតវគ្គចែកពូលកន្លងទៅ ក្រុម ក្រូអាត ធ្វើបានល្អគួរឱ្យកត់សម្គាល់ ដោយឆ្លងកាត់ ៣ ប្រកួត ឈ្នះ ២ និងចាញ់ ១។ ពួកគេបានប្រកួតបើកឆាក ដោយចាញ់ អង់គ្លេស ២-៤ ប៉ុន្តែពីរប្រកួតចុងក្រោយ បានឈ្នះក្រុម ប៉ាណាម៉ា ១-០ និងឈ្នះ ហ្គាណា ២-១។

ចំណុចគួរឱ្យចាប់អារម្មណ៍មួយទៀត អំពីក្រុមមកពី អឺរ៉ុប មួយនេះ គឺពួកគេមិនសូវមានគេលើកមកនិយាយច្រើននោះទេ ប៉ុន្តែកន្លងមក ពួកគេតែងតែធ្វើបានល្អសឹងមិននឹកស្មានក្នុងព្រឹត្តិការណ៍ World Cup នេះ។ ក្នុង World Cup ២ លើកចុងក្រោយ ពួកគេធ្វើបានល្អខ្លាំង ដោយឆ្នាំ ២០១៨ ឡើងដល់វគ្គផ្តាច់ព្រ័ត្រ ខណៈឆ្នាំ ២០២២ ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

អំណះអំណាងខាងលើ បានបង្ហាញ ថា ក្រូអាត គឺជាក្រុម ដែលមិនអាចមើលរំលងបាន ហើយក៏អាចធ្វើឱ្យ ព័រទុយហ្គាល់ ជួបការលំបាកផងដែរ។ ប៉ុន្តែចំណុចល្អមួយរបស់ ព័រទុយហ្គាល់ វិញ គឺប្រវត្តិជួបគ្នា។ ក្នុងជំនួប ៨ លើកចុងក្រោយ ព័រទុយហ្គាល់ បានឈ្នះដល់ទៅ ៥ លើក ខណៈចាញ់តែ ១ លើកប៉ុណ្ណោះ និងស្មើ ២ លើក។

អំឡុងការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលកន្លងទៅ គឺ ព័រទុយហ្គាល់ មិនទាន់ចាញ់នោះទេ ដោយឆ្លងកាត់ ៣ ប្រកួត ឈ្នះ ១ និងស្មើ ២។ ប្រការនេះ បានបង្ហាញ ថា ក្រុម ព័រទុយហ្គាល់ នៅតែជាក្រុមខ្លាំង ទោះមិនទាន់បង្ហាញទម្រង់លេងឱ្យល្អឥតខ្ចោះ ស្របទៅតាមសមត្ថភាពកីឡាករក៏ដោយ។

សរុបមក ការប្រកួតរវាងក្រុមទាំង ២ រាត្រីនេះ នឹងក្លាយជាការប្រកួតដ៏តឹងតែងមួយ ដោយសារពួកគេសុទ្ធតែជាក្រុមខ្លាំង និងមានចំណុចពិសេសល្អរៀងៗខ្លួន។ យ៉ាងណា យើងនឹងរង់ចាំមើលការជួបគ្នាលើកដំបូងរវាងក្រុមទាំង ២ ថាតើក្រុមណា នឹងអាចទម្លាយរបាំងឡើងទៅវគ្គ​ ១៦ ក្រុមចុងក្រោយបាន៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម