កីឡា
ហេតុអ្វីបានជារៀបចំការប្រកួត«ល្បុក្កតោ»អន្តរជាតិដូច MMA សុទ្ធសាធ?
សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជានឹងរៀបចំព្រឹត្តិការណ៍ប្រកួតល្បុក្កតោអន្តរជាតិអាជីពមានលក្ខណៈកីឡាគុនចម្រុះសុទ្ធសាធនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិកដែលមាន៥ប្រទេសចូលរួមប្រកួត។

ការប្រកួតល្បុក្កតោអន្តរជាតិអាជីពលើកដំបូងនេះមានម្ចាស់ផ្ទះកម្ពុជា វៀតណាម ហ្វីលីពីន ឥណ្ឌូណេស៊ី និងឡាវ ដែលប្រទេសនីមួយៗសុទ្ធតែជ្រើសរើសអត្តពលិករបស់ខ្លួនដែលមានបទពិសោធច្រើនពីកីឡាផ្សេងៗដូចជាគុនចម្រុះ ចំបាប់ ប្រដាល់សេរី និងឃីកបុកស៊ីងជាដើម។ ក្បាច់គុនផ្សេងៗត្រូវបានលាយបញ្ចូលគ្នាដើម្បីប្រកួតល្បុក្កតោអាជីព។
កន្លងមក កម្ពុជាមិនធ្លាប់បានរៀបចំការប្រកួតលក្ខណៈគុនចម្រុះអន្តរជាតិអាជីពបែបនេះទេ ខណៈភាគច្រើនប្រកួតបែបសម្តែងដែលមិនសូវគ្រោះថ្នាក់ទាំងនៅក្នុង និងក្រៅប្រទេស ប៉ុន្តែនៅពេលប្រកួតលាយចម្រុះជំនាញច្រើនបែបនេះថាតើអាចធ្វើឲ្យប៉ះពាល់ដល់ទម្រង់ក្បាច់គុនអត្តសញ្ញាណខ្មែរដែរឬទេ? ចុះហេតុអ្វីបានជាពីមុនមិនរៀបចំការប្រកួទអាជីពបែបនេះ?

ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃសុក្រ ទី៨ ខែធ្នូ ឆ្នាំ២០២៣ លោក អ៊ូ តារា អគ្គលេខាធិការរងសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាបានបំភ្លឺពាក់ព័ន្ធនឹងសំណួរខាងលើថា មែនទែនទៅកុំនិយាយដល់មហាជនដែលមិនសូវបានដឹង និងយល់ច្បាស់ពីល្បុក្កតោស៊ីជម្រៅ សូម្បីតែអ្នកហាត់ល្បុក្កតោមួយចំនួនក៏មិនទាន់ស្គាល់ច្បាស់ពីក្បាច់គុនបុរាណខ្មែរនេះដែរ។ តាមពិតគុនល្បុក្កតោមានក្បាច់ប្រយុទ្ធដ៏សំបូរបែបទាំងរបៀបប្រយុទ្ធឈរ ក្បាច់ឃ្លេ អោបបោកចំបាប់ កណ្តាប់ដៃ ទាត់ធាក់ កែងគ្រប់បែបយ៉ាងដែលបានចារលើថ្មប្រាសាទខ្មែរតាំងពីបុរាណកាលមក។

លោក អ៊ូ តារា បានរៀបរាប់ថា ៖«មហាជនពេលឮពាក្យ«ល្បុក្កតោ»ភាគច្រើនប្រហែលជាគិតតែលើក្បាច់គុនបែបសម្តែង ពីព្រោះកន្លងមករាល់មានព្រឹត្តិការណ៍ធំៗ យើងតែងតែមានពិធីសម្តែងល្បុក្កតោ តែមហាជនកម្របានឃើញពីការប្រកួតពិតៗ វ៉ៃពិតៗណាស់។ ដល់ពេលយើងរៀបចំឲ្យមានការប្រកួតអាជីពគ្រប់ក្បាច់ពិតៗ អ្នកខ្លះប្រហែលជាគិតថា យើងយកក្បាច់គុនគេមកប្រើ តែតាមពិតក្បាច់គុនរបស់យើងសោះ»។
លោកអគ្គលេខាធិការរងបានសង្កត់ធ្ងន់ថា ប្រការនេះបណ្តាលមកពីមិនសូវមានរៀបចំការប្រកួតអន្តរជាតិអាជីពច្រើន ហើយការផ្សព្វផ្សាយមិនសូវបានទូលំទូលាយ ដូច្នេះហើយបានជាមហាជនមិនសូវបានយល់ច្បាស់ពីក្បាច់គុនរបស់បុព្វបុរសខ្មែរ។ ដើម្បីឲ្យមហាជនបានស្គាល់ និងយល់ច្បាស់ពីគុនល្បុក្កតោ ត្រូវមានការប្រកួតអាជីពឲ្យបានញឹកញាប់យូរតទៅមុខទៀត ហើយសារព័ត៌មានផ្សព្វផ្សាយឲ្យបានទូលំទូលាយ។

អ្នកគាំទ្រនឹងបានឃើញកីឡាករ ចាន់ រតនា ចូលរួមប្រកួតដែលត្រូវប៉ះកីឡាករឥណ្ឌូណេស៊ី John Mc Leary Ornido ដែលមានបទពិសោធច្រើនក្នុងអាជីពគុនចម្រុះ។ អ្នកលេងគុនចម្រុះកម្ពុជានឹងប្រើជំនាញពិតដូចអ្វីដែលរូបគេធ្លាប់ប្រកួតនៅសង្វៀន ONE Championship គឺកណ្តាប់ដៃ ទាត់ ធាក់ កែង ឃ្លេ បោកចំបាប់គ្រប់បែបយ៉ាង។
នេះជាលើកទី២ សម្រាប់ព្រឹត្តិការណ៍ប្រកួតដែលត្រូវបានហៅ «អ្នកលេងគុន» បន្ទាប់ពីលើកទី១ ធ្លាប់បានរៀបចំកាលពីខែកញ្ញា ក្រោយពេលល្បុក្កតោត្រូវបានដាក់បញ្ចូលក្នុងកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ កុំភ្លេចចូលទស្សនាលើកទឹកចិត្តដល់អត្តពលិកកម្ពុជា នៅថ្ងៃសៅរ៍ ទី១៦ ខែធ្នូ នៅវិមាននៃពហុកីឡដ្ឋានជាតិអូឡាំពិក៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


