Connect with us

កីឡា

សហព័ន្ធ​គុន​ខ្មែរ ​កំពុង​ខ្វះ​គ្រូ​បញ្ជូន​ទៅ​បង្ហាត់​នៅ​ប្រទេស​ចិន

បានផុស

នៅ

សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ កំពុង​ខ្វះ​គ្រូ​បង្ហាត់​ដើម្បី​បញ្ជូនទៅ​បណ្តុះ​បណ្តាល​នៅ​ប្រទេស​ចិន​ដែល​មាន​ក្លិប​ប្រដាល់​គុន​ខ្មែរ​បើក​ដំណើរ​ការ​ជា​បន្ត​បន្ទាប់​នា​មួយ​រយៈ​ពេល​ចុង​ក្រោយ។

លោក ខូវ ឆាយ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ខូវ ឆាយ ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ បាន​ប្រាប់​«កម្ពុជា​ថ្មី»​ថា ៖«​រហូត​ដល់​ពេល​នេះ ពាក់​ព័ន្ធ​នឹង​ការ​បើក​ក្លិប​ថ្មី​ៗ​នៅ​ប្រទេស​ចិន​មាន​ច្រើន​​ ដែល​គេ​ត្រៀម​បើក​ក្លិប​ប្រដាល់​គុន​ខ្មែរ ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​ពេល​នេះ យើង​អត់​មាន​ធន​ធាន​គ្រូ​បង្ហាត់​ដើម្បី​បញ្ជូន​ទៅ​ទេ​។ ទោះ​បី​ជា​យើង​បើកក្លិប​ប្រដាល់​គុន​ខ្មែរ​ច្រើន​យ៉ាង​ណា​នៅ​ប្រទេស​ចិន​ក៏​ដោយ តែ​កង្វះ​ខាត​គ្រូ​បង្ហាត់​​នៅ​តែ​ជា​បញ្ហា​ចម្បង​សម្រាប់​យើង»។

ដើម្បី​ឆ្លើយ​តប​នឹង​កង្វះ​ខាត​គ្រូ​បង្ហាត់ លោក ខូវ ឆាយ បាន​​ឲ្យ​ដឹង​ថា ៖«​​បច្ចុប្បន្ន​​នេះ យើងកំពុង​ផ្តោត​លើ​ការ​បណ្តុះ​បណ្តាល​ធន​ធាន​គ្រូ​បង្ហាត់​ជា​មុន​សិន។ យើង​មាន​វគ្គ​បណ្តុះ​បណ្តាល​គ្រូ​បង្វឹក​​ជា​បន្ត​បន្ទាប់ ​ដើម្បី​ឲ្យ​អតីត​កីឡាករ​ប្រដាល់​គុន​ខ្មែរ​ ឬ​ក៏​គ្រូ​ដែល​ធ្លាប់​បង្ហាត់​នៅ​ក្នុង​ស្រុក​យើង​​បាន​រៀន​សូត្រ​​ត្រឹម​ត្រូវ។ យើង​ត្រូវ​បណ្តុះ​បណ្តាល​ពួក​គាត់​ឲ្យ​​ចេះ​ច្បាប់​ទម្លាប់ គោល​ការ របៀប​វារៈ និង​បច្ចេកទេស​បង្វឹក​បង្ហាត់​ជា​មុន​សិន»។​

លោក​បាន​សង្កត់​ធ្ងន់​ថា ៖«ជា​ពិសេស​ឲ្យ​​ពួក​គាត់​មាន​គរុកោសល្យ​ត្រឹម​ត្រូវ ដើម្បី​ឲ្យ​ពួក​គាត់​បង្ហាត់​បង្រៀន​ស្រប​តាម​គោល​ការ​ច្បាស់​លាស់ ហើយ​ក៏​បំពេញ​បន្ថែម​នូវ​ភាសា​បរទេស​ផង​ដែរ​ ដើម្បី​ឲ្យ​ពួក​គាត់​​ទៅ​បង្ហាត់​បង្រៀន​នៅ​ប្រទេស​ចិន​បាន»។

ក្នុង​ឆ្នាំ ២០២៥ ក្លិប​ប្រដាល់​គុន​ខ្មែរ​មួយ​ចំនួន​ត្រូវ​បាន​បើក​នៅ​ប្រទេស​ចិន​តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​រវាង សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ និង​ដៃ​គូ​វិនិយោគ​​នៅ​ប្រទេស​ចិន។ កិច្ច​សហប្រតបត្តិការ​ទាំង​នេះ​បាន​ផ្តល់​ឲ្យ​មាន​ការ​បណ្តុះ​បណ្តាល និង​ព្រឹត្តិការណ៍​​ប្រកួត​អន្តរជាតិ​នៅ​ប្រទេស​ចិន។ ជា​មួយ​គ្នា​នេះ អ្នក​វិនិយោគ​ចិន​ក៏​​បាន​មក​​បើក​ក្លិប​ប្រដាល់ និង​វិទ្យាស្ថាន​គុន​ខ្មែរ​នៅ​ប្រទេស​កម្ពុជា។

សហព័ន្ធ​​នឹង​រៀបចំ​ការ​ប្រកួត​គុន​ខ្មែរ​មិត្តភាព​អន្តរជាតិ​ពីរ​កម្មវិធី​នៅ​ប្រទេស​កម្ពុជា។ ទី១ ការ​ប្រកួត​មិត្តភាព​អន្តរជាតិ ​នៅ​ខេត្ត​សៀមរាប ដែល​មាន​រយៈ​ពេល ២ ថ្ងៃ ​គឺ​ថ្ងៃ​ទី១​៣-១៥ ខែ​កញ្ញា ឆ្នាំ ២០២៥​ ជា​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ រវាង​កម្ពុជា​ សហរដ្ឋ​អាមេរិក ចិន និង ម៉ាឡេស៊ី។ ទី​២ នៅ​​ថ្ងៃ​ទី​៧ ខែ​តុលា ​ឆ្នាំ ២០២៥ ​ព្រឹត្តិការណ៍​ប្រកួត​គុន​ខ្មែរ​ដ៏​​ធំ​​ធ្វើ​នៅ​ក្នុង​​ទិវា​បុណ្យ​ជាតិ​របស់​ប្រទេស​ចិន៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម