Connect with us

ព័ត៌មានជាតិ

ព្រលាន​តេជោសាងសង់​បន្ថែម​ឃ្លាំង​ទំនិញ និង​ចំណត​យន្តហោះ​​ ចំណាយ​ទុនប្រមាណ ៥០ លាន​ដុល្លារ​​អាមេរិក

បានផុស

នៅ

លោក​អ្នក​ឧកញ៉ា ពុង ឃាវសែ ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន (CAIC) បាន​ប្រកាស​ពី​ដំណើរការ​សាងសង់​ឃ្លាំង​ទំនិញ (Cargo Terminal) ទី ២ និង​ចំណត​យន្តហោះ Cargo បន្ថែម​ នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​តេជោ ដោយគ្រោយ​​ចំណាយ​ទុន​វិនិយោគ​ប្រមាណ ៥០ លានដុល្លារ។

ថ្លែង​ក្នុង​ពិធីបើក​សម្ពោធជាផ្លូវការ​នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ (TIA)​ នៅ​ព្រឹកនេះ លោក​អ្នក​ឧកញ៉ា ពុង ឃាវសែ បាន​គូស​បញ្ជាក់​ថា ការវិនិយោគ​បន្ថែម​នេះគឺ​យោង​ទៅតាម​កំណើន​ទំនិញ Cargo និង​ដើម្បី​ត្រៀមឲ្យ​អាកាសយានដ្ឋាន​អន្តរជាតិតេជោ (TIA) ក្លាយ​ជា​មជ្ឈមណ្ឌល​ដឹកជញ្ជូន (Logistic Hub) និង​ការផ្ទេរ​មធ្យោបាយ​ដឹកជញ្ជូន (Transhipment)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅ​លើក​ពី​គម្រោង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម​ក្នុង​ព្រលាន​ លោក​ឧកញ៉ា​បាន​ប្រកាស​ពី​​ផែនការ​សាងសង់​ផ្លូវទឹក​ដឹកជញ្ជូន​ថ្មីប្រវែង ១០ គីឡូម៉ែត្រ ដែល​គ្រោង​ចំណាយ​ទុន​វិនិយោគ​សរុប​ចំនួន ១០០ លានដុល្លារអាមេរិកតភ្ជាប់​ពី​បឹង​ជើង​លោង​ដែល​នៅ​ប៉ែកខាងត្បូង​ព្រលាន​ទៅ​ភ្ជាប់​នឹង​ទន្លេបាសាក់ និង​ព្រែកជីក​ហ្វូណន​តេជោរហូត​ដល់​ក្រុង​កែប ដែល​ជា​ច្រក​សមុទ្រ​របស់​ប្រទេស​កម្ពុជា​ដើម្បី​ឲ្យ​តំបន់​ព្រលាន​ក្លាយ​ទៅ​ជា​មជ្ឈមណ្ឌល​ដឹកជញ្ជូន​ផ្លូវ​អាកាស ផ្លូវគោក និង​ផ្លូវទឹក។

ក្នុង​ផែនការ​អភិវឌ្ឍ​ព្រលាន​តេជោ​នៅ​លើ​ផ្ទៃដី​ទំហំ ២៦០០ ហិកតា ដែល​​ដំណាក់​កាលទី ១ ​បាន​ចំណាយ​ទុនអស់​ប្រមាណ ២ ៣០០ លាន​ដុល្លារ ក្រុមហ៊ុន OCIC ក៏បាន​ចាប់ផ្តើម​អភិវឌ្ឍ​ទីក្រុង​រណប​អាកាសយានដ្ឋានរួមមាន​ការ​សាងសង់​លំនៅដ្ឋាន​តម្លៃ​សមរម្យ​សម្រាប់​បុគ្គលិក​រាប់ពាន់​នាក់​ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្មនៅក្នុងទីក្រុងរណបអាកាសយានដ្ឋាននេះ។

ប្រភពពី​មន្រ្តី OCIC បាន​បញ្ជាក់ថា គម្រោង​អភិវឌ្ឍ​​ទីក្រុង​រណប​អាកាសយានដ្ឋាន ​មាន​ការ​សាងសង់​លំនៅដ្ឋាន តំបន់​ពាណិជ្ជកម្ម មជ្ឈមណ្ឌល​ពិពណ៌អន្តរជាតិ រោងចក្រ និង​ឃ្លាំង រួមមាន​តំបន់សេដ្ឋកិច្ចពិសេស (SEZ) ដើម្បី​លើក​កម្ពស់ការផលិត និង​ការនាំចេញទំនិញតាមរយៈ​អាកាសយានដ្ឋាន​ដ៏​ទំនើប​របស់​កម្ពុជា​។

អាកាសយានដ្ឋានអន្តរជាតិតេជោ​អភិវឌ្ឍ​ជា​ ៣ ដំណាក់​​កាល ដែល​ដំណាក់កាលទី ១ មាន​សមត្ថភាព​អាច​ទទួលអ្នកដំណើរ​បាន ១៣ លាន​នាក់​ក្នុង​មួយ​ឆ្នាំ។ ដំណាក់​កាលទី ២ អាច​ទទួល​អ្នក​ដំណើរ​បាន ៣០ លាននាក់ក្នុងមួយឆ្នាំ និង​ដំណាក់​កាលទី ៣ អាចទទួលអ្នកដំណើរបាន ៥០ លាននាក់ក្នុងមួយឆ្នាំ។

គោលដៅរួមរបស់ក្រុមហ៊ុនអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ ​CAIC និងប្រតិបត្តិករអាកាសយានដ្ឋាន គឺធ្វើយ៉ាងណាបង្កើនចំនួន​អ្នកដំណើរ​នៅ​អាកាសយានដ្ឋានអន្តរជាតិតេជោ​បង្កើន​ពី ៥.៣ លាននាក់ ក្នុងឆ្នាំ ២០២៥ ដល់ ១០ លាននាក់ នៅឆ្នាំ ២០៣០។ គោលដៅមួយនេះអាចសម្រេចទៅបានដោយការបង្កើនសមត្ថភាពក្រុមហ៊ុនអាកាសចរណ៍ និងទាក់ទាញ​​ក្រុមហ៊ុន​អាកាសចរណ៍​ថ្មីៗបន្ថែមទៀត។

បើ​តាមមន្រ្តី​អាកាសចរណ៍​ស៊ីវិល​ នៅ​ចុង​ឆ្នាំ ២០២៥ អាកាសយានដ្ឋាន​អន្តរជាតិ​តេជោបាន​ប្រកាស​ស្វាគមន៍​ក្រុមហ៊ុន​​អាកាសចរណ៍​ថ្មី​ចំនួន ២ ទៀត​ គឺ ក្រុមហ៊ុន Etihad Airways ដែលបានហោះហើរជើងទី១ មក​កាន់​អាកាសយានដ្ឋាន​​អន្តរជាតិតេជោ​កាលពីថ្ងៃទី ៤ ខែ​តុលា ឆ្នាំ២០២៥ និង​ក្រុមហ៊ុន Turkish Airline ដែល​នឹង​ត្រៀមហោះហើរជើងទី ១ មកកាន់​អាកាសយានដ្ឋានអន្តរជាតិ​តេជោ នៅថ្ងៃទី១០ ខែ​ធ្នូ ឆ្នាំ​២០២៥ ដែល​ក្រុមហ៊ុន​អាកាសចរណ៍​ទាំងពីរ​នេះនឹង​ពង្រឹង​ការតភ្ជាប់រវាង​រាជធានីភ្នំពេញ និង​ទីក្រុង​ធំៗ​នៅ​មជ្ឈិមបូព៌ា អឺរ៉ុប និង​អាហ្វ្រិក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម