Connect with us

ព័ត៌មានជាតិ

នគរបាល៖ ករណីឃាត់ខ្លួនមគ្គុទ្ទេសក៍ទេសចរណ៍មួយរូបពីបទរួមគំនិតក្បត់ «ជាការអនុវត្តត្រឹមត្រូវតាមនីតិវិធីច្បាប់»

បានផុស

នៅ

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបំភ្លឺថា ករណីឃាត់ខ្លួនជនសង្ស័យឈ្មោះ ពិន ប៉ូច មានមុខរបរជាមគ្គុទ្ទេសក៍ទេសចរណ៍នៅខេត្តសៀមរាប ដែលពាក់ព័ន្ធនឹងបទល្មើសរួមគំនិតក្បត់នោះ គឺសមត្ថកិច្ចបានអនុវត្តត្រឹមត្រូវស្របតាមនីតិវិធីច្បាប់ ហើយផ្ទុយទៅវិញ មិនដូចការលើកឡើងរបស់សង្គមស៊ីវិលខ្លះ ដែលថា ជាការរំលោភសិទ្ធិបញ្ចេញមតិឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តាមរយៈសេចក្ដីប្រកាសព័ត៌មានអ្នកនាំពាក្យនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះ បានបញ្ជាក់ឱ្យដឹងថា អនុវត្តតាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលថ្ងៃទី១៤ ខែតុលាកន្លងទៅ កម្លាំងនគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងស្នងការដ្ឋានខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ពិន ប៉ូច នៅចំណុចភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ពីបទរួមគំនិតក្បត់ ធ្វើសកម្មភាពតាមរយៈបណ្ដាញសង្គម។

ប៉ុន្តែក្រោយមានការឃាត់ខ្លួនជនសង្ស័យខាងលើ មតិពីសង្គមស៊ីវិលមួយចំនួនបានលើកឡើងថា នេះជាការរំលោភបំពានសិទ្ធិសេរីភាពបញ្ចេញមតិ និងបំភិតបំភ័យផ្នែកនយោបាយ។ ឆ្លើយតបនឹងការចោទទាំងនេះ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបដិសេធ និងច្រានចោល ហើយចាត់ទុកថា ជាការផ្សព្វផ្សាយព័ត៌មានមិនពិត ដោយមិនផ្អែកលើអង្គហេតុ អង្គច្បាប់ឱ្យបានត្រឹមត្រូវនោះឡើយ។

សម្រាប់អ្នកនាំពាក្យនគរបាល ការឃាត់ខ្លួនជនសង្ស័យនេះ គឺសមត្ថកិច្ចអនុវត្តត្រឹមត្រូវតាមនីតិវិធីច្បាប់ដោយផ្អែកលើអង្គហេតុ អង្គច្បាប់ និងភស្តុតាងច្បាស់លាស់នៃការប្រព្រឹត្តបទល្មើស ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ ដោយមិនជាប់ពាក់ព័ន្ធរឿងនយោបាយនោះឡើយ។ នគរបាល សង្កត់ធ្ងន់ថា ការអនុវត្តច្បាប់ចំពោះបុគ្គល ដែលប្រព្រឹត្តបទល្មើសខុសច្បាប់គឺជាការពង្រឹងនីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ ដែលតម្រូវឱ្យបុគ្គលគ្រប់រូបត្រូវចូលរួមគោរពច្បាប់ជាធរមាន។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យដដែលនេះ គូសបញ្ជាក់ថា បន្ទាប់ពីត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរ ជនសង្ស័យឈ្មោះ ពិន ប៉ូច បានទទួលនូវទោសកំហុសរបស់ខ្លួន និងប្រមូលបានភស្តុតាង ដែលបញ្ជាក់ថា ជនសង្ស័យពិតជាបានប្រើប្រាស់បណ្តាញសង្គម ផ្សព្វផ្សាយនូវខ្លឹមសារ និងបញ្ចេញមតិយោបល់ក្នុងបណ្តាញសង្គមចោទប្រកាន់លើរាជរដ្ឋាភិបាលកម្ពុជា ក្នុងចេតនាបណ្តុះគំនិតជ្រុលនិយមទុច្ចរិត អូសទាញបំផុសបំផុលពលរដ្ឋឱ្យចូលរួមធ្វើបដិវត្តពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់តាមលំនាំប្រទេសនេប៉ាល់ដែលជាសកម្មភាពប្រព្រឹត្តបទល្មើសខុសច្បាប់មិនស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម