Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តីកម្ពុជា ចេញបទបញ្ជាដាក់​ទណ្ឌកម្មចំពោះមន្រ្តីពាក់ព័ន្ធនឹងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា

បានផុស

នៅ

នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញបទបញ្ជាឱ្យគ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការដាក់ទណ្ឌកម្មរដ្ឋបាលចំពោះមន្ត្រី រាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាដែលស្ថិតក្រោមឱវាទរបស់ខ្លួន លើការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា ឬមានការពាក់ព័ន្ធនឹងឧបករណ៍ទាំងនេះ។ នេះបើយោងតាមបទបញ្ជាស្តីពី ការដាក់ចេញវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា ចុះថ្ងៃទី ២១ ខែតុលា​ ឆ្នាំ ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយករដ្ឋមន្រ្តី ក៏បានណែនាំឱ្យគ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំ ហាមឃាត់ចំពោះមន្ត្រីរាជការលើការប្រើប្រាស់ឧបករណ៍ទាំងនោះ និងចៀសវាងឱ្យឆ្ងាយ។ តាមរយៈបទបញ្ជានេះ ក៏បានណែនាំឱ្យចាត់វិធានការចំពោះបុគ្គលណាដែលប្រើប្រាស់ និង/ឬកាន់កាប់ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សាគ្រប់ប្រភេទ និងត្រូវព្រមានដោយផ្ទាល់មាត់ ព្រមទាំងដកហូតឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា។ ករណីមិនរាងចាល ត្រូវព្រមានជាលាយលក្ខណ៍អក្សរ និងធ្វើកិច្ចសន្យាឈប់ប្រើប្រាស់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងនៅក្នុងបទបញ្ជាថា ការដាក់ចេញវិធានការហាមឃាត់ ដោយសារក្នុងរយៈពេលថ្មីៗនេះ សង្កេតឃើញថាមានការរីករាលដាលការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា ក្នុងចំណោមកុមារនិង យុវជននៅកម្ពុជាដែលផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងដល់សណ្តាប់ធ្នាប់សង្គម សុខភាពសាធារណៈ ជាពិសេសសុខភាពរបស់អ្នកសិក្សា និងបុគ្គលិកអប់រំ។

មន្រ្តីធ្វើតេស្តរកសារធាតុញៀនកន្លងទៅ

សម្តេចធិបតី ព្រួយបារម្ភថា៖«ការប្រើប្រាស់ផលិតផលទាំងនេះ អាចជាច្រកផ្លូវទៅកាន់ការប្រើប្រាស់គ្រឿង​ញៀនខុសច្បាប់ផ្សេងទៀត ព្រោះប្រភេទឧបករណ៍អេឡិចត្រូនិក ដូចជាបារីអេឡិចត្រូនិក ផលិតផល អេចឈ៍ ធី ភី អាចប្រើសម្រាប់ជក់គ្រឿងញៀនផ្សេងទៀតបាន ព្រមទាំងជាច្រកផ្លូវដែលនាំឱ្យកុមារនិងយុវជនឈានទៅជក់បារីធម្មតាផងដែរ នៅពេលដែលពួកគេមានភាពញៀននឹងសារធាតុនីកូទីន ដែលជាកត្តានាំដល់កំណើននៃជំងឺមិនឆ្លងនៅក្នុងសង្គម»។

ការដាក់ចេញវិធានការនេះផងដែរ ក្នុងគោលបំណងទប់ស្កាត់ បង្ការ ដោះស្រាយបញ្ហាឱ្យបានទាន់ពេលវេលា និងដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម ការពារសុខភាពសាធារណៈ ជាពិសេសសុខភាពរបស់អ្នកសិក្សានិងបុគ្គលិកអប់រំ។

នាយករដ្ឋមន្រ្តី ក៏បានណែនាំឱ្យក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវមានវិធានការទប់ស្កាត់ការនាំចូល ការចែកចាយ ការផ្សាយពាណិជ្ជកម្ម ការលក់ និងការស្តុកទុកឧបករណ៍អេឡិចត្រូនិកទាំងនោះ។ ចំណែកក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា ត្រូវចេញសេចក្តីណែនាំ ដើម្បីអប់រំផ្សព្វផ្សាយអំពីផលប៉ះពាល់សុខភាព និងគ្រោះថ្នាក់នៃការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម