Connect with us

ព័ត៌មានជាតិ

នៅឆាកអាស៊ាន!កម្ពុជាជំរុញថៃឱ្យឆាប់ចូលតុចរចាវាស់ខណ្ឌសីមាព្រំដែនតាមយន្តការ JBC មិនត្រូវអូសបន្លាយពេលទៀតទេ

បានផុស

នៅ

ក្នុងជំនួបត្រីភាគីរវាងនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ក្រោមការសម្របសម្រួលរបស់ប្រធានាធិបតីហ្វីលីពីន កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន កម្ពុជាបានជំរុញឱ្យថៃឆាប់ចូលតុចរចាវាស់ខណ្ឌសីមាព្រំដែនគោក តាមរយៈយន្តការគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដោយមិនត្រូវអូសបន្លាយពេលទៀតទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការជំរុញនេះ ធ្វើឡើងខណៈសម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងសេប៊ូ។ ក្នុងឱកាសនោះ ក៏មានជំនួបត្រីភាគីរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃ Anutin Charnvirakul ក្រោមការសម្របសម្រួលពីប្រធានាធិបតីហ្វីលីពីន Ferdinand R. Marcos Jr.។

ថ្លែងចេញពីកិច្ចប្រជុំត្រីភាគី នៅចំពោះមុខប្រធានាធិបតីហ្វីលីពីន សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំឭកឡើងវិញថា ខ្សែព្រំដែនមិនអាចត្រូវបានផ្លាស់ប្តូរ ឬប្រើប្រាស់ដោយកម្លាំង ឬតាមរយៈការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្តែងនោះទេ។ សម្តេចសង្កត់ធ្ងន់ថា៖« កម្ពុជាអំពាវនា​វឱ្យមានការអនុវត្តភា្លមៗ និងពេញលេញ នូវសេចក្តីប្រកាសរួមថ្ងៃទី ២៧ ខែ ធ្នូ ២០២៥ ទាំងស្រុង និងជាពិសេស ចំណុចទី ៣ ដែលអំពាវនាវឱ្យមានការចាប់ផ្តើមឡើងវិញជាបន្ទាន់នូវការវាស់វែងខណ្ឌសីមារបស់គណៈកម្មការ JBC ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដោយគ្មានការពន្យាពេលតទៅទៀត»។

ឈរលើយន្តការដែលមានស្រាប់ កម្ពុជាជឿជាក់ថាយន្តការនេះគឺពិតជាចាំបាច់ក្នុងការធានាបញ្ចប់ការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្តែង និងដើម្បីធានាថា អធិបតេយ្យភាព បូរណភាពទឹកដី និងខ្សែបន្ទាត់ព្រំដែនអន្តរជាតិ ត្រូវបានគោរពស្របតាមច្បាប់អន្តរជាតិ និងសន្ធិសញ្ញា ព្រមទាំងកិច្ចព្រមព្រៀងដែលមានស្រាប់។ ការណ៍នេះ នឹងជួយលើកកម្ពស់ទំនុកចិត្ត និងនាំមកនូវសន្តិភាពយូរអង្វែងរវាងប្រទេសយើងទាំងពីរ។

ទោះជាយ៉ាងណា ក្នុងជំនួបត្រីភាគីនោះ នាយករដ្ឋមន្ត្រីថៃ Anutin Charnvirakul មិនបានឆ្លើយតបដោយផ្ទាល់ចំពោះសំណើរបស់កម្ពុជាជុំវិញការចាប់ផ្តើមវាស់ខណ្ឌសីមាព្រំដែនឡើងវិញតាមយន្តការ JBC នោះទេ។ ដោយលោកបង្វែរដានថា កម្ពុជា និងថៃ គឺជាប្រទេសជិតខាង គួររក្សាទំនាក់ទំនងល្អ និងចៀសវាងការបង្កជម្លោះរវាងគ្នា។ ប៉ុន្តែសកម្មភាពជាក់ស្តែងនៅតាមតំបន់ព្រំដែន មិនស្របទៅនឹងការលើកឡើងរបស់ភាគីថៃនោះឡើយ។ ជាក់ស្តែង បច្ចុប្បន្ននេះ កងកម្លាំងយោធាថៃនៅតែបន្តសកម្មភាពអភិវឌ្ឍ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធនៅលើទឹកដីកម្ពុជាជាដោយខុសច្បាប់ និងផ្ទុយពីកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានឯកភាពកន្លងមក។

ដោយឡែក ពាក់ព័ន្ធនឹងតំបន់ដែនសមុទ្រត្រួតស៊ីគ្នា សម្តេចធិបតី បានឱ្យដឹងថា ភាគីទាំងពីរក៏បានពិភាក្សាអំពីទិសដៅនាពេលអនាគត សម្រាប់ការដោះស្រាយបញ្ហាការទាមទារដែនសមុទ្រត្រួតស៊ីគ្នាផងដែរ។ កម្ពុជាបានបញ្ជាក់ជំហរច្បាស់លាស់ ក្នុងការប្រើប្រាស់យន្តការផ្សះផ្សារដោយចាប់បង្ខំ ក្រោមអនុសញ្ញា UNCLOS បន្ទាប់ពីភាគីថៃបានលុបចោលដោយឯកតោភាគី MOU ២០០១។

កម្ពុជាជឿជាក់ថា ការប្រើប្រាស់យន្តការអន្តរជាតិបែបនេះ គឺជាមាគ៌ាសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ ដែលអាចនាំទៅរកដំណោះស្រាយប្រកបដោយយុត្តិធម៌ និងតុល្យភាពសម្រាប់ភាគីទាំងពីរ។ សម្រាប់ជំហានបន្ត សម្តេចធិបតីបានប្រគល់ភារកិច្ចជូនរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ ឱ្យបន្តពិភាក្សាលម្អិតបន្ថែម និងជំរុញការអនុវត្តការងារពាក់ព័ន្ធ ដោយផ្អែកលើលទ្ធផលជាក់ស្តែង និងអភិក្រមប្រកបដោយប្រសិទ្ធភាព។

ជាមួយគ្នានេះ សម្តេចធិបតីក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន តាមរយៈសមាគមមិត្តភាពកម្ពុជា-ថៃ ដែលត្រូវបានចាត់ទុកថា ជាសសរស្តម្ភមួយក្នុងការកសាងទំនុកចិត្តឡើងវិញ និងលើកកម្ពស់ការយោគយល់គ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ។

ក្នុងឱកាសនោះដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងថ្លែងអំណរគុណដល់បណ្តាប្រទេសអាស៊ាន ដែលបានគាំទ្រ និងចូលរួមសម្របសម្រួលលើកិច្ចការនេះ។ សម្តចធិបតីបានបញ្ជាក់ថា កម្ពុជាបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងពេញលេញ និងអំពាវនាវឱ្យមានការពង្រឹងតួនាទីរបស់ AOT ក្នុងការផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម