Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី ណែនាំឱ្យពង្រឹងវិធានការផ្លូវច្បាប់ចំពោះជនខិលខូចជ្រកក្រោមស្លាកព័ត៌មាន ដើរកំហែងទារប្រាក់គេ

បានផុស

នៅ

នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យស្ថាប័នជំនាញត្រូវមានវិធានការផ្លូវច្បាប់ ចំពោះជនខិលខូចមួយចំនួនជ្រកក្រោមស្លាកសារព័ត៌មាន ប្រព្រឹត្តបទកំហែងទារប្រាក់អ្នកដទៃដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានអាជីព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណែនាំធ្វើឡើងតាមរយៈសារលិខិត ក្នុងឱកាសនៃការប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកប្រចាំឆ្នាំលើកទី៣៣ នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ នេះក្រោមប្រធានបទ «ការកសាងអនាគតមួយប្រកបដោយសន្តិភាព»។ ក្នុងឱកាសនេះ សម្តេចធិបតី វាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់អ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងគ្រប់អង្គភាព សារព័ត៌មានទាំងបែបប្រពៃណី និងបែបទំនើបទាំងអស់ ដែលបាននិងកំពុងបំពេញតួនាទីដ៏សំខាន់ក្នុង ការផលិត ផ្សព្វផ្សាយព័ត៌មានពិតបម្រើផលប្រយោជន៍សាធារណៈ និងបានរួមចំណែកក្នុងការអភិវឌ្ឍសង្គមកម្ពុជា។  យ៉ាងណាមិញ ដើម្បីពង្រឹងសណ្តាប់ធ្នាប់សារព័ត៌មាន និងធានាបាននូវសន្តិសុខនិងសុវត្ថិភាពព័ត៌មាន សម្តេច បានផ្តល់នូវអនុសាសន៍មួយចំនួន ឱ្យបន្តយកចិត្តទុកដាក់លើការកសាងសមត្ថភាពជំនាញ និងការយល់ដឹងផ្នែកច្បាប់របស់ អ្នកសារព័ត៌មាន ដែលបានចុះបញ្ជីជាមួយក្រសួងព័ត៌មាន។

ក្នុងសារលិខិតគូសបញ្ជាក់ថា ស្ថាប័នជំនាញត្រូវលើកកម្ពស់ការតាមដាន វាយតម្លៃ និងឆ្លើយតបឱ្យបានទាន់ពេល ចំពោះព័ត៌មានបំភ្លៃការពិត និងព័ត៌មានក្លែងក្លាយ ព្រមទាំងបន្តតាមដានត្រួតពិនិត្យ និងមានវិធានការផ្លូវច្បាប់ ចំពោះជនខិលខូចមួយចំនួនជ្រកក្រោមស្លាកសារព័ត៌មាន ប្រព្រឹត្តបទកំហែងទារដែលធ្វើ ឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានអាជីព។ សម្តេចសង្កត់ធ្ងន់ថា៖«សូមក្រើនរំលឹកចំពោះការយកស្លាកអ្នកសារព័ត៌មាន ទៅបិទបាំងសកម្មភាពល្មើសច្បាប់ ឬបម្រើឱ្យរបៀបវារៈរបស់ក្រុមអមិត្ត ដែលមានបំណងបង្កអន្តរាយជាតិ។ នេះជាការក្បត់ មនសិការវិជ្ជាជីវៈ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ឬដើម្បីបំផ្លាញជាតិ ដែលជាទង្វើមិនអាចអត់ឱនបានឡើយ»។

ឆ្លៀតក្នុងឱកាសនេះ នាយករដ្ឋមន្រ្តីកម្ពុជា​ សូមចូលរួមអបអរសាទរយ៉ាងជ្រាលជ្រៅ ចំពោះអ្នកសារព័ត៌មានទូទាំង ពិភពលោក ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីនិងភារកិច្ចដ៏សំខាន់ប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។ ជាមួយគ្នានេះ សម្តេចចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារអ្នកសារព័ត៌មានដែលបានបាត់បង់ជីវិត និងចូលរួមសោកស្តាយចំពោះអ្នកសារព័ត៌មានដែលបានទទួលរងរបួសនៅអំឡុងពេលចុះបំពេញភារកិច្ចរបស់ខ្លួននៅលើពិភពលោក។

ទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំនេះត្រូវបានប្រារព្ធឡើងក្នុងបរិការណ៍ដែលពិភពលោក កំពុងស្ថិតក្នុងរបត់នៃបដិវត្តន៍បច្ចេកវិទ្យាឌីជីថលនិងបញ្ញាសិប្បនិម្មិត (AI) និងការប្រែប្រួលភូមិសាស្ត្រនយោបាយដែលមិនអាចទាយទុកជាមុនបាន។ សម្រាប់កម្ពុជា សេរីភាពសារព័ត៌មានមិនមែនត្រឹមតែជាសិទ្ធិមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យប៉ុណ្ណោះទេ ប៉ុន្តែជាចលករយុទ្ធសាស្ត្រក្នុងការការពារសន្តិភាព និងបូរណភាពទឹកដី ដែលត្រូវរួមគ្នាថែរក្សាឱ្យបានជាដាច់ខាត។

ថ្មីៗនេះ តាមរយៈលទ្ធផលនៃការស្ទង់មតិរបស់ក្រសួងព័ត៌មាន ឆ្នាំ២០២៦ បង្ហាញថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ រីឯការពង្រឹងសណ្តាប់ធ្នាប់សារព័ត៌មាននៅកម្ពុជាក៏មានលក្ខណៈល្អប្រសើរផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម