Connect with us

ព័ត៌មានជាតិ

សម្តេចធិបតី៖ ការវិនិយោគលើសុខភាព និងការអប់រំកុមារ គឺជាការកសាងមូលធនមនុស្សដ៏រឹងមាំ

បានផុស

នៅ

ក្នុងសារលិខិតអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១ មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦នេះ នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានបញ្ជាក់ថា កម្ពុជាសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់លើការលើកកម្ពស់សុខុមាលភាពកុមារ ដោយអត្រាមរណភាពរបស់មាតា ទារក និងកុមារអាយុក្រោម ៥ ឆ្នាំ បានថយចុះជាបន្តបន្ទាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចធិបតីបានគូសបញ្ជាក់ថា លទ្ធផលនេះកើតចេញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការពង្រឹងវិស័យសុខាភិបាល តាមរយៈការលើកកម្ពស់សុខភាពបន្តពូជ ការផ្តល់អាហារូបត្ថម្ភដល់កុមារ និងការកាត់បន្ថយមរណភាពមាតា និងកុមារ ដែលជួយពន្លឿនវឌ្ឍនភាពឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០។

សម្តេចធិបតី បានគូសបញ្ជាក់ថា៖« ការវិនិយោគលើសុខភាព និងការអប់រំកុមារ គឺជាការកសាងមូលធនមនុស្សដ៏រឹងមាំ សម្រាប់ជំរុញការអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើននាពេលអនាគត»។ ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីក៏បានលើកឡើងពីវិស័យអប់រំថា រាជរដ្ឋាភិបាលបានបង្កើនការចូលរៀនប្រកបដោយសមធម៌ និងបរិយាបន្ននៅគ្រប់ភូមិសិក្សា ជាពិសេសការអប់រំមូលដ្ឋានរយៈពេល ៩ ឆ្នាំ។ ទន្ទឹមនឹងនេះ ក៏បានដាក់ចេញវិធានការលើកកម្ពស់គុណភាពអប់រំ តាមរយៈការពង្រឹងវិជ្ជាជីវៈគ្រូបង្រៀន ការបង្កើនស្វ័យភាព និងគណនេយ្យភាពក្នុងការគ្រប់គ្រងសាលារៀន។

ឆ្នាំនេះ ទិវាកុមារអន្តរជាតិនឹងទិវាកុមារកម្ពុជា១មិថុនា ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «សន្តិភាព ជាមូលដ្ឋានគ្រឹះនៃការគោរពនិងកិច្ចគាំពារសិទ្ធិកុមារ» និងទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា ក្រោមប្រធានបទ «ប្តេជ្ញាលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារនៅគ្រប់ខ្សែច្រវាក់ផលិតកម្ម ដើម្បីកសាងភាពធន់និងការងារសមរម្យ» ដើម្បីរម្លឹកដល់ការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់កុមារនិងបង្ហាញពីការយកចិត្ត ទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈមនានារបស់កុមារ។

នាយករដ្ឋមន្រ្តី បញ្ជាក់ថា ការប្រារព្ធទិវាដ៏មានអត្ថន័យខាងលើនេះ គឺជាការបង្ហាញនូវឆន្ទៈមោះមុត និងការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការបន្តលើកកម្ពស់ការអនុវត្តសិទ្ធិកុមារឱ្យកាន់តែមានប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ សម្តេចលើកទឹកចិត្តឱ្យបងប្អូនជនរួមជាតិទាំងអស់ រួមគ្នាបន្តលើកស្ទួយវិស័យសុខុមាលភាពកុមារឱ្យកាន់តែល្អប្រសើរ ដើម្បីឧត្តម​ប្រយោជន៍ និងអនាគតដ៏រុងរឿងរបស់កុមារកម្ពុជាគ្រប់រូប៕



Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម