ព័ត៌មានជាតិ
រោងចក្រទូទាំងប្រទេស ត្រូវអនុវត្តហាមឃាត់ការប្រើប្រាស់ Vape និងស៊ីស្សា
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីណែនាំថ្មីមួយ ស្តីពីការហាមឃាត់ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា នៅតាមសហគ្រាស ក្រុមហ៊ុន និងរោងចក្រ ដើម្បីរួមចំណែករក្សាសណ្តាប់ធ្នាប់សង្គម ការពារសុខភាពសាធារណៈ និងលើកកម្ពស់សុវត្ថិភាពការងារ។
សេចក្តីណែនាំនេះ ធ្វើឡើងដោយយោងតាមបទបញ្ជារបស់រាជរដ្ឋាភិបាលលេខ ០២ បប ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ដែលកំណត់វិធានការហាមឃាត់យ៉ាងតឹងរឹងលើការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម និងការប្រើប្រាស់ផលិតផលទាក់ទងនឹងការជក់អេឡិចត្រូនិក និងស៊ីស្សា។
តាមសេចក្តីណែនាំ ក្រសួងបានដាក់កាតព្វកិច្ចច្បាស់លាស់ចំពោះម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន និងរោងចក្រ ដោយត្រូវផ្សព្វផ្សាយអំពីការហាមឃាត់នេះឲ្យទូលំទូលាយ តាមរយៈយន្តការសុវត្ថិភាព និងសុខភាពការងារ ព្រមទាំងបង្កើនការត្រួតពិនិត្យកម្មករនិយោជិតជាប្រចាំ។ ក្នុងករណីរកឃើញការបំពាន ត្រូវចាត់វិធានការបញ្ឈប់ និងដកហូតភ្លាមៗ ហើយអាចចាត់ទុកជាកំហុសធ្ងន់ ប្រសិនបើមិនមានការកែប្រែ។
ជាមួយគ្នានេះ កម្មករនិយោជិតត្រូវចៀសវាងដាច់ខាតការប្រើប្រាស់ ការចែកចាយ ឬលក់ផលិតផលទាំងនេះ ហើយត្រូវចូលរួមផ្សព្វផ្សាយ និងតាមដានការអនុវត្តវិធានការនេះផងដែរ។ ករណីបំពានអាចនាំឲ្យប្រឈមនឹងការបញ្ឈប់ពីការងារ ដោយចាត់ទុកជាកំហុសធ្ងន់។ ក្រសួងក៏បានអំពាវនាវឲ្យមានការរាយការណ៍ភ្លាមៗ ក្នុងករណីសង្ស័យ ឬរកឃើញសកម្មភាពពាក់ព័ន្ធ តាមរយៈលេខទូរសព្ទទាន់ហេតុការណ៍ ១២៩៧ ឬប្រព័ន្ធ QR Code ដែលបានកំណត់។
ក្រសួងការងារ បង្ហាញក្តីសង្ឃឹមថា ម្ចាស់សហគ្រាស និងកម្មករនិយោជិតទាំងអស់ នឹងអនុវត្តតាមសេចក្តីណែនាំនេះយ៉ាងម៉ឺងម៉ាត់ ដើម្បីធានាបរិយាកាសការងារដែលមានសុវត្ថិភាព និងមានសុខភាពល្អសម្រាប់ទាំងអស់គ្នា៕


-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


