Connect with us

ព័ត៌មានជាតិ

ការអភិវឌ្ឍគោលដៅ​ទេសចរណ៍ក្នុង​ខេត្ត​បាត់ដំបង នាំចំណូលដល់​​​សហគមន៍​តាមរយៈកំណើន​​ទេសចរទៅកម្សាន្ត​

បានផុស

នៅ

តំបន់គោលដៅទេសចរណ៍សំខាន់ៗមួយចំនួន រួមគោលដៅអេកូទេសចរណ៍ក្នុង​ខេត្ត​បាត់ដំបង​គឺជាប្រភពដ៏សំខាន់មួយសម្រាប់ផ្តល់​ចំំណូល​​សេដ្ឋកិច្ចដល់សហគមន៍ក្នុងមូលដ្ឋាន តាមរយះការចាយវាយរបស់ភ្ញៀវទៅលើការ​ទិញ​ទំនិញផ្សេងៗដែលប្រជា ពលរដ្ឋក្នុងសហគមន៍ដាក់តាំងលក់ក្នុងនោះមានម្ហូបអាហារ នំចំណី និងវត្ថុអនុស្សាវរីយ៍ជាដើម។

ពលរដ្ឋរស់នៅលើផ្ទៃទឹកនៃបឹងទន្លេសាប​ក្នុង​តំបន់ព្រែកទាល់​ក្នុងស្រុក​ឯកភ្នំ​ ខេត្ត​បាត់ដំបង បានពឹងផ្អែកទៅលើមុខរបរនេសាទជាលក្ខណ:គ្រួសារតៗគ្នាតាំងពីដូនតា។ ក្រៅពីមុខរបរនេសាទ ពលរដ្ឋ​ដែល​រស់នៅលើទូក​ក៏មានមុខរបរជាអាជីវករលក់ដូរតាមផ្ទះបណ្តែតទឹក និងលក់ក្នុងសហគមន៍ ហើយ​​ទាញ​ចំណូលបានមកពីភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិដែលបានមកទស្សនាកម្សាន្តដូចជា លក់វត្ថុអនុស្សាវរីយ៍ ត្រី​ងៀត ត្រីឆ្អើ ប្រហុក ផ្អក ជាដើម ដើម្បីផ្គត់ផ្គប់ជីវិភាពប្រចាំថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាអ្នកដឹងភ្ញៀវដើរកម្សាន្តលើផ្ទៃទឹកមើលហ្វូងសត្វ លោក តុន ណៃ បានឲ្យដឹងយ៉ាងដូច្នេះថា “ប្រជាពលរដ្ឋរស់នៅតំបន់ព្រែកទាល់​លើ​ផ្ទៃបឹងទន្លេសាប ជីវភាពមិនមានណាស់ណាទេ”។

យ៉ាងណាមិញ ពលរដ្ឋ​ដែល​មានលំនៅដ្ឋាន​រស់នៅ​លើផ្ទៃបឹងទន្លេសាបរូប​នេះអះអាង​ថា ក្រោយពីប្រទេសថៃបង្កសង្គ្រាមបំពានដីខ្មែរ ភ្ញៀវបរទេសមានការថយចុះច្រើន ហើយ​​ប្រជាពលរដ្ឋដែល​រក​ចំណូលពីការលក់ដូររបស់របរផ្សេងៗមិនសូវបានដូចមុននោះដែរ តែ​ក៏​មិនប៉ះពាល់ដល់ជីវភាពធ្ងន់ធ្ងរនោះទេ នៅតែអាចរកចំណូលបានពីមុខរបរនេសាទ។

លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង​បានឲ្យដឹងថា ខេត្តបាត់ដំបងកំពុងបន្តពង្រឹងតាមតំបន់សំខាន់ៗ​ដូចជាតំបន់អេកូទេសចរណ៍ក្នុងស្រុកឯកភ្នំ និងតំបន់រមនីយដ្ឋានភ្នំសំពៅនិងអាងកំពីងពួយ ក្នុងស្រុកបាណន់ ជាដើម ដើម្បីទ្រទ្រង់ដល់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យកាន់តែប្រសើរឡើង។

ខណៈ​ចាប់ពីមានបញ្ហាប្រឈមជាមួយប្រទេសថៃ ភ្ញៀវអន្តរជាតិបានថយចុះមួយចំនួន លោក ហម អរុណ បាន​បញ្ជាក់​ថា អាជ្ញាធរ​បាន​ខិត​ខំចុះពង្រឹងគុណភាពសេវាលើគោលដៅមួយចំនួន ជាពិសេសការរៀបចំឡើងវិញទៅលើគុណភាពសេវាកម្ម អនាម័យ ដើម្បីត្រៀមទទួលភ្ញៀវទេសចរបរទេស ក្រោយ​ជម្លោះនឹង​បញ្ចប់​ដែល​រំពឹង​នឹងទទួលបាន​ភ្ញៀវទេសចរ​មកកម្សាន្តច្រើន​ឡើង​វិញ​ក្នុង​ទឹកដីខេត្តបាត់ដំបង៕


អត្ថបទ: សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម