Connect with us

ព័ត៌មានអន្ដរជាតិ

នាវា​ផ្ទុក​យន្តហោះ​តែមួយគត់​របស់​ថៃ Chakri Naruebet ក្លាយជា​ទីចាប់អារម្មណ៍​ម្តងទៀត ក្នុង​បេសកកម្ម​សង្គ្រោះ​​ទឹកជំនន់

បានផុស

នៅ

នាវា​ផ្ទុក​យន្តហោះ​តែ​មួយ​គត់​របស់​​​ថៃ គឺ HTMS Chakri Naruebet កំពុង​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ជាថ្មី ខណៈ​ដែល​កងទ័ពជើងទឹក​ភូមិន្ទ​ថៃ​បាន​ដាក់ពង្រាយ​នាវា​នេះ​ដើម្បី​គាំទ្រ​ប្រតិបត្តិការ​សង្គ្រោះ​ក្នុង​អំឡុង​ពេល​​គ្រោះ​ទឹកជំនន់​ដ៏​អាក្រក់​បំផុត​របស់​ប្រទេស​នៅ​ក្នុង​ខែ​វិច្ឆិកា​​​នេះ។ បេសកកម្ម​​​​នេះ​បាន​ជំរុញ​ឲ្យ​មាន​ចំណាប់អារម្មណ៍​សាធារណៈ​ជាថ្មី​ចំពោះ​សមត្ថភាព​របស់​នាវា កំណត់ត្រា​បម្រើការ​មុនៗ និង​ហេតុផល​ដែល​ប្រទេស​ថៃ​បាន​ទិញ​នាវា​នេះ​កាលពី​ជិត​បី​ទសវត្សរ៍​មុន។

នាវា Chakri Naruebet (រូបថត៖ Wiki)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាវា Chakri Naruebet ដែល​បាន​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ឆ្នាំ១៩៩៧ និង​ត្រូវ​បាន​សាងសង់​ក្នុង​ប្រទេស​អេស្ប៉ាញ ត្រូវ​បាន​រចនា​ឡើង​ជា​នាវា​ផ្ទុក​យន្តហោះ​ខ្នាត​តូច​ល្មម ដែល​មាន​សមត្ថភាព​ប្រតិបត្តិការ​យន្តហោះ​ចម្បាំង និង​ឧទ្ធម្ភាគចក្រ​ដែល​អាច​ហោះ​ឡើង​បញ្ឈរ។ នាវា​ដែល​មាន​ប្រវែង១៨២​ម៉ែត្រ និង​ទម្ងន់​លើសពី១១០០០តោន​នេះ នៅតែ​ជា​នាវា​ផ្ទុក​យន្តហោះ​តែ​មួយ​គត់​នៅ​អាស៊ីអាគ្នេយ៍។ ​ដើមឡើយ​វា​មាន​គោលបំណង​សម្រាប់​ប្រតិបត្តិការ​យន្តហោះចម្បាំង Harrier ​ប៉ុន្តែ​គម្រោង​​​នោះ​ត្រូវ​បាន​លុបចោល​នៅ​ពាក់កណ្តាល​ទសវត្សរ៍​ឆ្នាំ២០០០ ដោយ​ផ្លាស់ប្តូរ​តួនាទី​របស់​នាវា​ទៅជា​នាវា​ផ្ទុក​ឧទ្ធម្ភាគចក្រ និង​ជា​វេទិកា​គាំទ្រ​ពហុ​តួនាទី​វិញ។

នាវា​តម្លៃ​​ប្រមាណ​៣៣៦​លាន​ដុល្លារ​នេះ​ត្រូវ​បាន​ប្រើប្រាស់​តិចតួច​ប៉ុណ្ណោះ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ដោយសារ​មាន​ការ​រឹតត្បិត​ថវិកា​បន្ទាប់ពី​វិបត្តិហិរញ្ញវត្ថុ​អាស៊ី​ឆ្នាំ១៩៩៧។ បេសកកម្ម​ភាគច្រើន​របស់​វា​ចាប់តាំងពី​ពេលនោះ​មក​បាន​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​មនុស្សធម៌ ល្បាត​ស្វែងរក​និង​ជួយសង្គ្រោះ ការ​ហ្វឹកហ្វឺន និង​កាតព្វកិច្ច​ពិធីការ។ ការ​ធ្វើ​ទំនើបកម្ម​ថ្មីៗ រួមទាំង​ការ​បន្ថែម​យន្តហោះ​គ្មាន​មនុស្ស​បើក (UAV) លើ​នាវា​នៅ​ឆ្នាំនេះ បាន​ជួយ​ពន្យារ​អាយុកាល​ប្រតិបត្តិការ​របស់​វា។

ប្រទេស​ថៃ​បាន​ទិញ​នាវា​ផ្ទុក​យន្តហោះ​នេះ​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ១៩៩០ ដើម្បី​ពង្រីក​លទ្ធភាព​ប្រតិបត្តិការ​តាម​ដែនសមុទ្រ និង​អភិវឌ្ឍ​សមត្ថភាព​អាកាសចរណ៍​នៅ​សមុទ្រ ដែល​ជា​ជំហាន​ដ៏​ធំ​មួយ​សម្រាប់​កងទ័ពជើងទឹក​នៅ​ពេលនោះ។ ផ្ទៃ​នាវា​ដ៏​ធំ បរិក្ខារ​ពេទ្យ សមត្ថភាព​ផ្ទុក​ឧទ្ធម្ភាគចក្រ និង​កន្លែង​ស្តុក​របស់​នាវា​នេះ បាន​ធ្វើ​ឲ្យ​វា​មាន​តម្លៃ​ក្នុង​គ្រាអាសន្ន​ជាតិ។

លក្ខណៈ​ពិសេស​ទាំងនោះ​ជា​ចំណុច​ស្នូល​នៃ​ការ​ដាក់ពង្រាយ​របស់​វា​ក្នុង​ខែ​វិច្ឆិកា​​នេះ ដោយសារ​ទឹកជំនន់​បាន​កាត់ផ្តាច់​ផ្លូវ​ថ្នល់​នៅ​ទូទាំង​តំបន់​ធំៗ​នៅ​ភាគ​ខាងត្បូង។ នាវា​ផ្ទុក​យន្តហោះ​នេះ​កំពុង​ដើរតួ​ជា​មជ្ឈមណ្ឌល​បញ្ជាការ​អណ្តែត​ទឹក ដោយ​គាំទ្រ​ដល់​ការ​ដឹកជញ្ជូន​តាម​អាកាស ការ​ជម្លៀស​ពេទ្យ និង​ការ​ផ្តល់​ជំនួយ​សង្គ្រោះ​ដល់​សហគមន៍​ដែល​ត្រូវ​បាន​កាត់ផ្តាច់​ដោយសារ​ទឹក​ឡើង​ខ្ពស់។ ផ្ទះបាយ​ ស្ថានីយ​ពេទ្យ និង​កន្លែង​អាកាសចរណ៍​របស់​វា​អនុញ្ញាត​ឲ្យ​កងទ័ពជើងទឹក​អាច​ប្រតិបត្តិការ​បន្ត​បាន ទោះបីជា​ហេដ្ឋារចនាសម្ព័ន្ធ​លើ​ដី​ត្រូវ​បាន​រំខាន​ក៏ដោយ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម