ព័ត៌មានអន្ដរជាតិ
ថៃ អាចជួបបញ្ហាធំ ៥ ដោយសារបាតុភូត Super El Nino
កាលពីថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២៦ អាជ្ញាធរគ្រប់គ្រងទឹក និងឧតុនិយមថៃ បានចេញសេចក្តីប្រកាសរួម ដោយព្រមានថា ប្រទេសខ្លួន កំពុងឈានចូល ដំណាក់កាលគ្រោះថ្នាក់ នៃគ្រោះរាំងស្ងួតជាប្រវត្តិសាស្រ្ត និងអាកាសធាតុក្តៅ ដែលមិនធ្លាប់ ជួបប្រទះពីមុនមកសោះ។

កត្តានេះគឺបណ្តាលមកពីបាតុភូត «Super El Nino» ដែលវា នឹងជះផលដ៏អាក្រក់ ដល់ទាំងមនុស្ស និងធម្មជាតិ តម្រូវឲ្យមានការចាត់វិធានការចាំបាច់ ជាបន្ទាន់ ដើម្បីដោះស្រាយ មិនអាចបង្អែបង្អង់បានទេ។
ពាក់ព័ន្ធបាតុភូតដ៏ធ្ងន់ធ្ងរនេះ បើតាមការផ្សាយរបស់ The Straits Times, ក្រុមអ្នកជំនាញថៃ ក៏បង្ហាញក្តីបារម្ភយ៉ាងខ្លាំងរួចហើយផងដែរ និងបានលើកឡើងពីបញ្ហាធំចំនួន៥ ដែលប្រទេសរបស់ខ្លួន ត្រូវប្រឈមមុខ។
បញ្ហាទាំង៥ នោះមានដូចជា៖
1. រលកកម្តៅ ដ៏សាហាវ
សីតុណ្ហភាពបរិយាកាស ត្រូវបានព្យាករណ៍ថា នឹងហក់ឡើងខ្ពស់យ៉ាងគំហុក ខុសធម្មតា ពោលគឺអាចឈានដល់ ពី ៤២-៤៥ អង្សាសេ ជាពិសេស នៅតំបន់វាលទំនាបកណ្តាល និងភាគខាងជើង។
2. ការរីងខ្សោះទឹកយ៉ាងធ្ងន់ធ្ងរ
កម្រិតទឹក នៅអាងស្តុកតាមទំនប់វារីអគ្គិសនីធំៗ និងអាងទឹកធម្មជាតិ នឹងស្រកចុះលឿនបំផុតដល់បាត គួរឲ្យព្រួយបារម្ភ ដោយគំរាមកំហែងដល់ការផ្គត់ផ្គង់ទឹកបរិភោគ និងទឹក សម្រាប់ការស្រោចស្រពកសិកម្ម។
3. ការដួលរលំ នៃវិស័យកសិកម្ម
ទិន្នផលដំណាំសំខាន់ៗ ត្រូវគេព្យាករណ៍ថា នឹងធ្លាក់ចុះខ្លាំង ទាំងបរិមាណ និងគុណភាព ដែលបង្កការគំរាមកំហែងដល់សន្តិសុខស្បៀងក្នុងស្រុក និងសេដ្ឋកិច្ចជនបទ។
4. ភ្លើងឆេះព្រៃ និងផ្សែងពុល
ដោយសារសភាពដីស្ងួតហួតហែងខ្លាំងពេក, ហានិភ័យកើតមានភ្លើងឆេះព្រៃដោយឯកឯង បានឈានដល់កម្រិតមួយដ៏ខ្ពស់ មិនធ្លាប់មាន បន្ថែមបញ្ហាដល់ប្រទេស ដែលកំពុងវេទនា ដោយខ្យល់ពុល PM2.5 ដ៏គ្រោះថ្នាក់ ស្រាប់ទៅហើយ។
5. ការដាក់បន្ទុករឹតធ្ងន់ លើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ
គ្រឹះស្ថានសេវាសាធារណៈនានា កំពុងតែត្រៀមលក្ខណៈ ទប់ទល់នឹងការកើនឡើងយ៉ាងគំហុកមិនធ្លាប់មាន នូវតម្រូវការប្រើប្រាស់អគ្គិសនី និងទឹក ដែលកំពុងគំរាមកំហែង ដល់ស្ថិរភាពនៃបណ្តាញចែកចាយថាមពលជាតិ។

សូមជម្រាបជាថ្មី បាតុភូត «Super El Nino» សំដៅលើបាតុភូត El Niño ដែលមានកម្រិតហិង្សា និងខ្លាំងក្លាបំផុត ខុសពីកម្រិតធម្មតា។ វាគឺជាការប្រែប្រួលអាកាសធាតុសកលលោក ដែលកើតឡើងនៅពេល ផ្ទៃទឹកសមុទ្រនៅភាគកណ្តាល និងភាគខាងកើត នៃមហាសមុទ្រប៉ាស៊ីហ្វិក មានការកើនឡើងកំដៅខុសប្រក្រតីយ៉ាងខ្លាំង ពោលគឺខ្ពស់ជាងកម្រិតមធ្យម ចាប់ពី ២ អង្សាសេឡើងទៅ។
ការឡើងកម្តៅនេះ អូសបន្លាយពេលរាប់ខែ ដែលធ្វើឲ្យវា មានថាមពលគ្រប់គ្រាន់ក្នុងការបង្វែរ និងបង្ខូចទម្រង់ខ្យល់មូសុង និងចរន្តអាកាសធាតុជុំវិញពិភពលោកទាំងមូល៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


