Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ៖ ជោគជ័យនៅថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ ពិតជាមកពីការលះបង់ និងគុណូបការៈដ៏ថ្លៃថ្លារបស់បិតាស្ថាបនិករណសិរ្ស ធ្វើការតស៊ូវាយរំលំរបបប្រល័យពូជសាសន៍

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​ថ្លែងថា ជោគជ័យ​នៅ​ថ្ងៃ ៧ មករា ឆ្នាំ​១៩៧៩​ ពិតជា​មកពី​ការលះបង់​អាយុជីវិត ​និង​គុណូបការៈ​ដ៏​ថ្លៃថ្លា​របស់​បិតា​ស្ថាបនិក​រណសិរ្ស ធ្វើការ​តស៊ូ​វាយ​រំលំ​របប​ប្រល័យពូជសាសន៍​ប៉ុលពត​តែម្ដង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្តិ​ស​ង្គ​ហបណ្ឌិត ម៉ែន សំអន ថ្លែង​បែបនេះ​ពេល​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​រចនាសម្ព័ន្ធ​គណៈ​ចលនា​មហាជន ចំណុះ​គណៈកម្មាធិការ​បក្ស ខេត្តកណ្តាល​ កាលពី​ព្រឹក​ថ្ងៃទី​៦ ខែ​ធ្នូ ឆ្នាំ​២០២៥​ នៅ​ស្នាក់​គណបក្ស​ខេត្តកណ្តាល​។

វត្តមាន​អម​សម្តេច​អនុប្រធាន​គណបក្ស​នាឱកាស​នោះ​រួមមាន ឯកឧត្តម ហ៊ុន ម៉ានី សមាជិក​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល និង​ជា​អគ្គលេខាធិការ​គណៈ​ចលនា​មហាជន ឯកឧត្តម លោកជំទាវ អគ្គលេខាធិការ​រង ប្រធាន អនុប្រធាន​ផ្នែក ចំណុះ​អគ្គលេខាធិការដ្ឋាន ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​បក្ស​ខេត្ត ក្រុង​-​ស្រុក និង​ឃុំ​-​សង្កាត់ ព្រមទាំង​រចនាសម្ព័ន្ធ​គណៈ​ចលនា​មហាជន​ទូទាំង​ខេត្ត​កណ្តាល សរុប​ប្រមាណ ៤០០ នាក់ ចូលរួម​។

លោក អ៊ាង ឃុន អនុប្រធាន​គណៈកម្មាធិការ​បក្ស​ខេត្ត និង​ជា​អនុប្រធាន​គណៈ​ចលនា​មហាជន​ខេត្តកណ្តាល បានធ្វើការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​របស់​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ដែល​បាន​អញ្ជើញ​ជួប​សំណេះសំណាល​ដោយផ្ទាល់​ជាមួយ​រចនាសម្ព័ន្ធ​គណៈ​ចលនា​មហាជន​ខេត្ត​សៀមរាប ព្រមទាំង​រាយការណ៍​សង្ខេប​អំពី​ស្ថានភាព​ទូទៅ​ក្នុង​ខេត្ត​ជូន​គណៈអធិបតី។

សម្តេច​អនុប្រធាន​ បាន​នាំយក​ការសាកសួរ​សុខទុក្ខ​ពី សម្តេច​ប្រធាន​បក្ស សម្តេច​ប្រធានកិត្តិយស និង​សម្តេច​អនុប្រធាន​បក្ស​ ជូន​ដល់​មន្ត្រី​គណបក្ស​ទាំងអស់ ក៏ដូចជា​បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​គ្រប់​រចនាសម្ព័ន្ធ​ទាំងអស់​ដែល​បាន​បំពេញការងារ​យ៉ាងសកម្ម​ជូន​គណបក្ស​ក្នុង​រយៈកាល​កន្លងទៅ​នេះ​។ ឆ្លៀត​ក្នុងឱកាស​នៃ​ការ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍ ទិវា​កំណើត​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា សម្តេច​ បានលើកឡើង​ពី​ការលះបង់ និង​គុណូបការៈ​ដ៏​ថ្លៃថ្លា​របស់​បិតា​ស្ថាបនិក​រណសិរ្ស ដែល​បានធ្វើ​ការតស៊ូ​វាយ​រំលំ​របប​ប្រល័យពូជសាសន៍​រហូត​ទទួលបាន​ជោគជ័យ​នៅ​ថ្ងៃ ៧ មករា ឆ្នាំ​១៩៧៩​។

សម្តេច​ លើកឡើង​បន្តទៀតថា កិច្ច​ជំនួប​ថ្ងៃនេះ មាន​គោលបំណង​ធ្វើ​បច្ចុប្បន្នភាព​អំពី​ស្ថានការណ៍​នយោបាយ​រួម​ជូន​ដល់​មន្ត្រី​គណបក្ស​ដើម្បី​ជា​មូលដ្ឋាន​ក្នុងការ​គ្រប់គ្រង​សតិអារម្មណ៍​មហាជន​នៅ​ក្នុង​មូលដ្ឋាន​រៀងៗ​ខ្លួន ​សំដៅ​ចូលរួម​ការពារ​សុខសន្តិភាព ស្ថិរភាព និង​សមិទ្ធផល​ជាតិ​សំខាន់ៗ​ទាំងឡាយ​ដែល​គណបក្ស​បាន​ខិតខំ​កសាង​ដោយ​លំបាក​។

ជាមួយគ្នា​នោះដែរ សម្តេច​ ក៏បាន​ជម្រាបជូន​អង្គពិធី​នូវ​ការវិវឌ្ឍន៍​ថ្មីៗ នៃ​បញ្ហា​ព្រំដែន កម្ពុជា​-​ថៃ ដោយ​ សម្តេច​ បាន​រំលេច​នូវ​ចំណាត់ការ និង​ការខិតខំ​ប្រេង​ប្រែង​របស់​ថ្នាក់ដឹកនាំ​គណបក្ស ក៏​ដូចជា​រាជរដ្ឋាភិបាល ក្នុងការ​គ្របគ្រង​ស្ថានការណ៍ បញ្ចៀស​នូវ​បញ្ហា​ធ្ងន់ធ្ងរ ចែករំលែក​ជូន​ដល់​រចនាសម្ព័ន្ធ​គណៈ​ចលនា​មហាជន​ទូទាំង​ខេត្ត យកទៅ​ផ្សព្វផ្សាយ​ដល់​សមាជិក សមាជិកា និង​មហាជន​ទូទៅ​ក្នុង​មូលដ្ឋាន៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម