Connect with us

ព័ត៌មានជាតិ

កម្ពុជា ស្នើសហគមន៍អន្តរជាតិថ្កោលទោស និងដាក់សម្ពាធលើប្រទេសថៃឱ្យឈប់ឈ្លានពានកម្ពុជា

បានផុស

នៅ

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) មានការព្រួយបារម្ភយ៉ាងខ្លាំង និងធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអំពើអមនុស្សធម៌ ព្រៃផ្សៃ គ្មានច្បាប់ទម្លាប់ និងជាឧក្រិដ្ឋកម្ម ដែលកងកម្លាំងយោធាថៃបានប្រព្រឹត្តមកលើបូរណភាពដែនដី និងប្រជាពលរដ្ឋស្លូតត្រង់របស់កម្ពុជា នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងថ្ងៃទី៧-៨ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងអំពាវនាវដល់​សហគមន៍អន្តរជាតិ ថ្កោលទោស និងដាក់សម្ពាធលើប្រទេសថៃឱ្យឈប់ឈ្លានពានកម្ពុជា។ នេះបើយោងសេចក្តីថ្លែងការណ៍បន្ទាន់ គ.ស.ម.ក. ស្តីពី«ការបន្តការឈ្លានពានរបស់កងកម្លាំងយោធាថៃមកលើកម្ពុជា គឺជាការបំផ្លាញសន្តិភាព និងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយនឹងការឈ្លានពានទាំងកម្រោលនេះ  គ.ស.ម.ក. ស្នើដល់សហគមន៍អន្តរជាតិ និងតំបន់ឱ្យថ្កោលទោសប្រទេសថៃ និងដាក់សម្ពាធលើ ប្រទេសថៃ ឱ្យបញ្ឈប់សកម្មភាពបំពានច្បាប់ទាំងនេះជាបន្ទាន់ និងទទួលខុសត្រូវទាំងស្រុងស្របតាម ច្បាប់អន្តរជាតិចំពោះផលប៉ះពាល់ទាំងឡាយដែលបង្កដោយការឈ្លានពានរបស់ប្រទេសថៃ។ គ.ស.ម.ក. បញ្ជាក់ថា មិនថាពេលមានវិបត្តិសង្គ្រាម ឬជម្លោះធ្លាក់ដល់ស្ថានភាពយ៉ាងណាក៏ដោយសិទ្ធិមនុស្សស្របតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ ក៏ដូចជាច្បាប់មនុស្សធម៌អន្តរជាតិ ត្រូវតែគោរពជាដាច់ខាត។ បូរណភាពដែនដី និងជីវិតរបស់ពលរដ្ឋកម្ពុជាគ្រប់រូបមានតម្លៃ ហើយត្រូវតែការពារក្រោម ច្បាប់សិទ្ធិមនុស្ស និងមនុស្សធម៌អន្តរជាតិ។

យោងតាមបណ្តាញសារព័ត៌មានអន្តរជាតិធំៗជាអាទិ៍ CNN, BBC, Al Jazeera, Reuters, និង The Guardian កងកម្លាំងយោធាថៃបានបើកការបាញ់ប្រហារជាច្រើនលើក លើកងកម្លាំងកម្ពុជា និងលើតំបន់សហគមន៍ពលរដ្ឋ។
ការវាយប្រហារដ៏សាហាវរបស់យោធាថៃនេះបានបណ្តាលឱ្យប្រជាពលរដ្ឋកម្ពុជា ស្លាប់ និងរបួសធ្ងន់ជាច្រើននាក់។

សកម្មភាពបាញ់ប្រហារដោយប្រើអាវុធគ្រប់ធន់ រួមទាំងយន្តហោះ ចម្បាំង F-16 និងផ្សែងពុល គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ និងយ៉ាងច្បាស់លើ ធម្មនុញ្ញអង្គការសហ ប្រជាជាតិ ធម្មនុញ្ញអាស៊ាន ច្បាប់សិទ្ធិមនុស្សអន្តរជាតិ ច្បាប់មនុស្សធម៌អន្តរជាតិ សន្ធិសញ្ញាផ្សេងៗទៀត កិច្ចព្រមព្រៀងបទឈប់បាញ់ និង សេចក្តីថ្លែងការរួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដែល ទើបតែចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួ នៅចំពោះមុខ ប្រធាធិបតីសហរដ្ឋអាមេរិក Donal J. Trump និង នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim និងជាប្រធានអាស៊ានប្តូរវេន។ នេះសបញ្ជាក់យ៉ាងច្បាស់ ថា កងកម្លាំងយោធាថៃបាននិងកំពុងបំផ្លាញសន្តិភាព រំលោភសិទ្ធិមនុស្ស និងបំពានតម្លៃស្នូលរបស់ អាស៊ាន «ចក្ខុវិស័យតែមួយ អត្តសញ្ញាណតែមួយ សហគមន៍តែមួយ»។

ពលរដ្ឋកម្ពុជាជម្លៀសចេញពីតំបន់ប្រឈម

កម្ពុជានៅតែតាំងជំហរឥតងាករេ និងប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន ក្នុងការគោរព និងអនុវត្តយ៉ាងពេញ លេញនូវបទឈប់បាញ់ កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងកិច្ចព្រមព្រៀងទាំងឡាយដែលទាំង ពីរភាគីបានសម្រេចពីមុនមក។ កម្ពុជាប្រកាន់ខ្ជាប់លើគោលការណ៍ដោះស្រាយជម្លោះដោយសន្តិវិធីស្របតាម ច្បាប់អន្តរជាតិនិងសន្ធិសញ្ញាអន្តរជាតិដែលមានស្រាប់ ដោយប្រឆាំងនឹងការគំរាមកំហែង និងការប្រើ កម្លាំងគ្រប់ទម្រង់។ គ.ស.ម.ក. នឹងបន្តតាមដានកត់ត្រា និងរាយការណ៍យ៉ាងពេញលេញពីអំពើរំលោភសិទ្ធិមនុស្ស ទាំងនេះ និងឈរជាមួយប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលបានរងគ្រោះដោយអំពើឧក្រិដ្ឋយោធារបស់ យោធាថៃ។

គួរជម្រាបថា ក្នុងហេតុការណ៍ថៃឈ្លានពានកម្ពុជាជាថ្មីនៅថ្ងៃទី ០៨ ខែធ្នូនេះ បណ្តាលឱ្យជនស៊ីវិលស្លូតត្រង់កម្ពុជាមួយចំនួនបានរងរបួសធ្ងន់ស្រាល ក្នុងនោះសាលារៀនសរុបចំនួន ៣៧៧ ត្រូវបានបិទទ្វារ ប៉ះពាល់សិស្សានុសិស្សប្រមាណ ៨ម៉ឺននាក់ ដែលរៀនក្នុងខេត្តចំនួន៤ នៅជាប់ព្រំដែនថៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម