ព័ត៌មានជាតិ
លោក ហ្សង់ហ្វ្រង់ស័រ តាន់៖ ខ្មែរធ្លាប់ឆ្លង «សមុទ្រឈាម សមុទ្រភ្លើង» ដោយភាពអត់ធ្មត់ ដូច្នេះត្រូវរួបរួម និងតស៊ូប្រឈមមុខការឈ្លានពានរបស់ថៃ
លោក ហ្សង់ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែររក្សាភាពអត់ធ្មត់ ស្មារតីតស៊ូ និងឯកភាពជាតិ ដើម្បីប្រឈមមុខនឹងការឈ្លានពានរបស់យោធាថៃ ដោយលើកបទពិសោធន៍ប្រវត្តិសាស្រ្តថា កម្ពុជាធ្លាប់ហែលឆ្លង «សមុទ្រឈាម សមុទ្រភ្លើង»ច្រើនដងមកហើយដោយសារភាពអត់ធ្មត់ ដូច្នេះយើងត្រូវបន្តការតស៊ូ អត់ធ្មត់ នោះនឹងទទួលបានជ័យជម្នះរយៈពេលវែង។

ថ្លែងក្នុងវេទិកាសារព័ត៌មានស្តីពី «រាជរដ្ឋាភិបាលនីតិកាលទី៧ បោះជំហានទៅមុខជានិច្ច ទោះជាមានឧបសគ្គធំៗចំពោះមុខ» កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ លោក ហ្សង់ហ្វ្រង់ស័រ តាន់ បានបញ្ជាក់ថា ជម្លោះកម្ពុជា-ថៃ មិនមែនជាបញ្ហាបណ្តោះអាសន្ននោះទេ ប៉ុន្តែជាជម្លោះដែលមានលក្ខណៈជារចនាសម្ព័ន្ធ អូសបន្លាយជាច្រើនទសវត្សរ៍ និងត្រូវការយុទ្ធសាស្ត្រដោះស្រាយរយៈពេលវែង។ លោកបានរំឭកថា ៖« នៅក្នុងអតីតកាល ជាតិកម្ពុជា ប្រជាជនខ្មែរ បានហែលឆ្លងកាត់ផុតសមុទ្រឈាម សមុទ្រភ្លើងផង មិនមែនដោយសារកម្លាំងយោធាទេ ឬក៏មិនមែនដោយសារតែកម្លាំងយោធាតែមួយមុខទេ ប៉ុន្តែដោយសារភាពអត់ធ្មត់ ស្មារតីជាតិ ឯកភាពជាតិ និងសមត្ថភាពរួមរបស់ប្រជាពលរដ្ឋខ្មែរទាំងមូល និងរាជរដ្ឋាភិបាល ក្នុងការចេះមើលឃើញឆ្ងាយ ចេះរង់ចាំ អត់ធ្មត់»។
នៅចំពោះស្ថានការណ៍បច្ចុប្បន្ន លោកបានលើកឡើងថា រាជរដ្ឋាភិបាលបាននិងកំពុងអនុវត្តយុទ្ធសាស្ត្រជាច្រើន ទាំងផ្នែកការទូត ច្បាប់ សេដ្ឋកិច្ច និងព័ត៌មាន ដែលយុទ្ធសាស្រ្តមួយចំនួននៅក្រោយឆាកវាំងនន មិនអាចលាតត្រដាងនាពេលនេះបានទេ។ លោកថ្លែងថា៖« ប៉ុន្តែខ្ញុំមិនអាចយកសកម្មភាពនៅក្រោយវាំងននមកលាតត្រដាងជាសាធារណៈបានទេ ខ្ញុំគ្រាន់តែអាចនិយាយបញ្ចុះបញ្ចូលឱ្យជនរួមជាតិទាំងអស់ ទាំងក្រៅ និងក្នុងប្រទេស ឱ្យជឿជាក់ថាយុទ្ធសាស្រ្ត ស្ងាត់តែមិនស្ងៀម នៅតែបន្ត»។
«ចុងក្រោយនេះ ការលេចត្រដែតឡើងការដែលកម្ពុជាសម្រេចចិត្តប្រើប្រាស់យន្តការនៃការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអន្តរជាតិស្តីពីនីតិសមុទ្រ នេះគឺជាឧទាហរណ៍ជាក់ស្តែង គឺជាលទ្ធផលជាក់ស្តែងមួយនៃកិច្ចការងារនៅក្រោយវាំងនន ដែលខ្ញុំមិនអាចលើកយកមកលាតត្រដាងនៅទីនេះបានទេ»។ នេះជាការបញ្ជាក់ថាបន្ថែម។

លោកបានគូសបញ្ជាក់ទៀតថា ការតស៊ូរបស់កម្ពុជា មិនមែនមានតែនៅលើសមរភូមិយោធាប៉ុណ្ណោះទេ ប៉ុន្តែរួមមានសមរភូមិការទូត សមរភូមិច្បាប់ សមរភូមិព័ត៌មាន សមរភូមិសាធារណៈមតិ ដែលទាមទារឱ្យប្រជាពលរដ្ឋមានការរួបរួមគ្នា។ លោក ហ្សង់ហ្វ្រង់ស័រ តាន់ បានអំពាវនាវថា ក្នុងពេលដែលភាគីថៃចង់ឱ្យកម្ពុជាបាក់ទឹកចិត្ត ឬបែកបាក់ផ្ទៃក្នុង ប្រជាពលរដ្ឋខ្មែរត្រូវរក្សាភាពស្ងប់ស្ងាត់ អត់ធ្មត់ និងការរួបរួមជាតិ ដោយកុំធ្លាក់ចូលក្នុងយុទ្ធសាស្ត្ររបស់គេ។
លោកសង្កត់ធ្ងន់ថា ប្រសិនបើប្រជាជាតិខ្មែររក្សាបាននូវភាពអត់ធ្មត់ ការតស៊ូ និងការរួបរួមគ្នា ដូចដែលបានធ្វើក្នុងអតីតកាល កម្ពុជានឹងអាចទទួលបានជ័យជម្នះរយៈពេលវែងចំពោះបញ្ហាប្រឈមនានា៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


