Connect with us

ព័ត៌មានជាតិ

អគ្គនាយកដ្ឋានពន្ធនាគារផ្ទេរជនជាប់ឃុំជាង១​ពាន់​នាក់ចេញពីពន្ធនាគារខេត្តឧត្ដរមានជ័យដើម្បីធានាសុវត្ថិភាពពីការទម្លាក់គ្រាប់បែករបស់យោធាថៃ

បានផុស

នៅ

អគ្គនាយកដ្ឋានពន្ធនាគារ កាលពីយប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ បានសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ និងអាជាធរពាក់ព័ន្ធ និងដោយទទួលបានគោលការណ៍អនុញ្ញាតពីលោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រី្តក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរជនជាប់ឃុំចំនួន១០៦៦នាក់ ចេញពីពន្ធនាគារខេត្តឧត្តរមានជ័យដើម្បីធានាសុវត្ថិភាពពីការទម្លាក់ និងផ្លោងគ្រាប់បែកពីការឈ្លានពានរបស់យោធាថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនជាប់ឃុំសរុបទាំង ១០៦៦នាក់ ក្នុងនោះមានស្រី៦៧នាក់ ត្រូវបានផ្ទេរចេញពីពន្ធនាគារខេត្តឧត្ដរមានជ័យ ទៅឃុំបន្តនៅពន្ធនាគារខេត្តសៀមរាប ប្រកបដោយសុវត្ថិភាព។ នេះបើតាមហ្វេសប៊ុកផេកផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធនាគារបានបង្ហោះនៅលើបណ្ដាញសង្គមនៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥។

បើតាមអគ្គនាកដ្ឋានពន្ធនាគារ ក្នុងប្រតិបត្តិការផ្ទេរជនជាប់ទាំង១០៦៦នាក់នេះ បានធ្វើឡើងចាប់ពីយប់ថ្ងៃទី៨ រហូលដល់វេលាម៉ោង៤:៤០ នាទីព្រឹកថ្ងៃទី៩ធ្នូនេះ ទើបបិទបញ្ចប់ប្រកបដោយសុវត្ថិភាពខ្ពស់ ដោយប្រើប្រាស់រថយន្តសរុបចំនួន៣២គ្រឿង និងមន្ត្រីសរុបចំនួន២២១នាក់។

សូមជម្រាបថា ចាប់ពីតាំងពីម៉ោង១៤និង១៥នាទីរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ កងកម្លាំងយោធាថៃបានបើកការបាញ់ប្រាហារមកលើកងកម្លាំងរបស់កម្ពុជាជាបន្តបន្ទាប់ដោយប្រើប្រាស់អាវុធតូចធំគ្រប់ប្រភេទ រួមទាំងយន្ដហោះទម្លាក់គ្រាប់​បែកផងដែរ។ រហូតមកដល់ព្រឹកថ្ងៃទី៨ ខែធ្នូ យោធាថៃបានបន្តការបាញ់ប្រហារបន្ថែម និងកាន់តែខ្លាំងមកកងកម្លាំងកម្ពុជា និងពង្រីកការបាញ់ប្រហារនេះពីខេត្តឧត្ដរមានជ័យ ទៅខេត្តព្រះវិហារ និងខេត្តបន្ទាយមានជ័យ។ តែទោះបីមានការបាញ់ប្រហារយ៉ាងសន្ធប់ពីសំណាក់យោធាថៃយ៉ាងណាក៏ដោយ កម្ពុជាមិនបានបាញ់តបតអ្វីនោះទេ ដោយរក្សាជំហរដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងសុខសុវត្ថិភាពរបស់ប្រជាជនកម្ពុជា ដោយមិនអនុញ្ញាតឱ្យប្រទេសណាមួយឈ្លានពានដោយខុសច្បាប់ មកលើទឹកដីរបស់ខ្លួនបានជាដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម