Connect with us

ព័ត៌មានជាតិ

សាលារៀនចំនួន៨៨៣នៅតាមព្រំដែន ត្រូវបានបិទទ្វារដោយសាការឈ្លានពានពីប្រទេសថៃ

បានផុស

នៅ

ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១០ខែធ្នូ ឆ្នាំ២០២៥ សាលារៀនចំនួន ៨៨៣ ក្នុងខេត្តចំនួន ៦ នៅខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រូវបានបិទទ្វារ ក្នុងនោះប៉ះពាល់ដល់គ្រូបង្រៀន ៧ ២៧៨ នាក់ និងសិស្ស ២០៨ ៩៥៩ នាក់។ ការបិទសាលាបណ្តោះអាសន្ននេះ ដោយសារថៃឈ្លានពានដែនអធិបតេយ្យភាពកម្ពុជាសារជាថ្មី និងបានផ្លោងគ្រាប់មកលើផ្ទះជនស៊ីវិល សាលារៀន និងទីប្រជុំជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមក្រសួងអប់រំ សាលារៀន ៨៨៣​ ដែលត្រូវបានបិទទ្វារនោះរួមមាននៅខេត្តចំនួន៦ រួមមាន ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ ពោធិ៍សាត់ កោះកុង និងខេត្តបាត់ដំបង។ យ៉ាងណាមិញ ក្រសួងអប់រំដាក់ចេញផែនការជួយគាំទ្រដល់សាលារៀនដែលរងប៉ះពាល់នៅតំបន់ព្រំដែនកម្ពុជា-ថៃ ដើម្បីជួយគាំទ្រដល់សាលារៀនដែលរងប៉ះពាល់នៅតំបន់ព្រំដែនកម្ពុជា-ថៃ។

លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា វិធានការចំពោះមុខដែលត្រូវអនុវត្តរួមមានត្រូវផ្តោតលើការតាមដានសភាពការណ៍ឱ្យបានដិតដល់ និងពិនិត្យលទ្ធភាពជួយគាំទ្រតាមភាពជាក់ស្តែង រៀបចំក្រុមជាក់លាក់ដើម្បីទទួលបន្ទុកអនុវត្ត និងតាមដានការងារនេះ ដោយត្រូវរៀបចំរបាយការណ៍ពីការវិវឌ្ឍថ្មីៗ នៃស្ថានការណ៍ និងស្ថានភាពរបស់បុគ្គលិកអប់រំ លោកគ្រូអ្នកគ្រូ សិស្សានុសិស្សនិងក្រុមគ្រួសារជាប្រចាំថ្ងៃ និងរៀបចំសេចក្តីរាយការណ៍ព័ត៌មាន ។

សិស្សានុសិស្សនាំគ្នារត់ចេញពីថ្នាក់ក្រោយលឺសំឡេងគ្រាប់ផ្ទុះ

ជាមួយគ្នានេះ ត្រូវរៀបចំលិខិតអំពាវនាវស្វែងរកការចូលរួមសហការ ដើម្បីផ្តល់ការគាំទ្រទាំងសម្ភារ និងថវិកា ពីសំណាក់ដៃគូអភិវឌ្ឍ អង្គការដៃគូ វិស័យឯកជន និងសាធារណជនគ្រប់មជ្ឈដ្ឋាន កំណត់អាទិភាពនៃតម្រូវការ ដែលក្នុងនោះរួមមាន គ្រឿងឧបភោគបរិភោគចាំបាច់នានា សម្ភារសិក្សា និងតង់ដើម្បីប្រើប្រាស់ជាថ្នាក់រៀនបណ្ដោះអាសន្ននៅទីតាំងសុវត្ថិភាពសម្រាប់ជនភៀសសឹក និងពិនិត្យលទ្ធភាពរៀបចំប្រព័ន្ធដើម្បីរៀនពីចម្ងាយ។ លើសពីនេះទៀតក្រុមការងារត្រូវបន្តយកចិត្តទុកដាក់តាមដានបច្ចុប្បន្នភាពស្ថានភាព និងការវិវឌ្ឍថ្មីៗនៅតាមតំបន់ព្រំដែន ដើម្បីបន្តផ្តល់ការគាំទ្រទាន់ពេលវេលាឆ្លើយតបនឹងតម្រូវការជាក់ស្តែង។

គួរបញ្ជាក់ថា ការឈ្លានពានទាំងកំរោលរបស់ប្រទេសថៃមកលើកម្ពុជាចាប់ពីថ្ងៃទី៧ ខែធ្នូ មកដល់ពេលនេះ បានបណ្តាលឱ្យប្រជាពលរដ្ឋស្លូតត្រង់ស្លាប់កើនដល់១០នាក់ និងរងរបួស៦០នាក់ ភាគច្រើនកំពុងស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់។ ចំណែកប្រជាពលរដ្ឋភៀសសឹកបានកើនដល់ជាង៥ម៉ឺន៦ពាន់គ្រួសារ ស្មើនឹងមនុស្សជាង ១សែន ៩ម៉ឺននាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម