Connect with us

សេដ្ឋកិច្ច

រដ្ឋអនុម័តសេចក្តីព្រាង ប្រកាសស្តីពី “ការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មទ្រព្យឌីជីថល”

បានផុស

នៅ

នៅ​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០២៥ នេះ សមាជិកក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បាន​សម្រេច​អនុម័ត​ជា​ផ្លូវ​ការ​លើសេចក្តីព្រាង ប្រកាសស្តីពី “ការផ្តល់អាជ្ញាបណ្ណ និងការ​គ្រប់គ្រង​អាជីវកម្ម​ទ្រព្យឌីជីថល” របស់និយ័តករ​មូលបត្រកម្ពុជា (ន.ម.ក.)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ប្រជុំក្រុមប្រឹក្សា អ.ស.ហ. លើកទី២៧ អាណត្តិទី១ ក្រោម​អធិបតេយ្យ​ភាព​បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន ក្រុមប្រឹក្សា អ.ស.ហ. លើរបៀបវារៈចំនួន ៧ ដោយក្នុងនោះ​ក៏មានផង​ដែរ​នូវការ​ស្នើ​សុំ​អនុម័ត​លើ​សេចក្តី​ព្រាង ប្រកាស​ស្តីពី “ការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មទ្រព្យឌីជីថល” របស់ ន.ម.ក.។

បន្ទាប់ពីធ្វើបទ បង្ហាញជូនអង្គប្រជុំរួចមក អង្គប្រជុំបានពិភាក្សាផ្លាស់ប្តូរយោបល់ទាំងកម្រិតបច្ចេកទេស និងគោលនយោបាយលើ របៀបវារៈដែលបានរៀបចំដោយមន្ត្រីជំនាញ ន.ម.ក.។

ជាលទ្ធផល ក្រុមប្រឹក្សា អ.ស.ហ. បានអនុម័តលើសេចក្តី-ព្រាងប្រកាសស្តីពី “ការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មទ្រព្យឌីជីថល” របស់ ន.ម.ក.។

សេចក្តីព្រាង ប្រកាសនេះ បានបែងចែកជា ៩ ជំពូក ៦៣ ប្រការ ដោយបានកំណត់ពីលក្ខខណ្ឌ និង​នីតិវិធី​ក្នុង​ការ​ផ្តល់​អាជ្ញាបណ្ណ បន្តអាជ្ញាបណ្ណ និង​កាតព្វកិច្ច​ផ្សេងៗរបស់ក្រុមហ៊ុនផ្តល់សេវាទ្រព្យឌីជីថល ភ្នាក់ងារ​ទ្រព្យ​ឌីជីថល និង​បុគ្គល​ពាក់ព័ន្ធ ផ្សេង​ទៀត ក្នុង​ទិសដៅ​ធានា​ឱ្យ​មាន​នូវ​​សុច្ចរិតភាព​ទីផ្សារ តម្លាភាព សណ្តាប់ធ្នាប់ និង​កិច្ច​ការពារ​វិនិយោគិន។

សេចក្តីព្រាងប្រកាសនេះ មានវិសាលភាពអនុវត្តចំពោះគ្រប់សកម្មភាពពាក់ព័ន្ធនឹងអាជីវកម្មទ្រព្យឌីជីថល ដែល​មិន​ជាប់​ពាក់ព័ន្ធ​នឹងការ​ប្រើប្រាស់​ទ្រព្យឌីជីថលជាយន្តការនៃការទូទាត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ការអនុម័តលើសេចក្តីព្រាងប្រកាសស្តីពី ការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មទ្រព្យឌីជីថល របស់ ន.ម.ក. បានចូលរួមចំណែកអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ដោយស្របតាមការចង្អុលបង្ហាញផ្លូវដោយគោលនយោបាយអភិវឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា២០២៣-២០២៨ របស់រាជរដ្ឋាភិបាល ព្រមទាំងស្រប​តាមតម្រូវការ​ចាំបាច់ចំពោះមុខសម្រាប់ការបន្តអភិវឌ្ឍ​ទីផ្សារមូល​បត្រ​កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម