ព័ត៌មានជាតិ
បណ្ឌិត គិន ភា៖ «យុត្តិធម៌ត្រូវតែមានសម្រាប់ជាតិសាសន៍ខ្មែរ ប្រែក្លាយភាពឈឺចាប់ កម្ពុជាត្រូវពង្រឹងសមត្ថភាពផ្ទៃក្នុងឲ្យរឹងមាំពីពេលនេះទៅ»
«ភាពយុត្តិធម៌ត្រូវតែមានសម្រាប់ជាតិសាសន៍ខ្មែរ»។ នេះជាសាររៀបរាប់របស់លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាលើបណ្តាញសង្គម។ ក្រៅពីស្វះស្វែងរកភាពយុត្តិធម៌សម្រាប់ជាតិសាសន៍ខ្មែរ ដោយសារសង្គ្រាមឈ្លានពានរបស់ថៃ លោកបណ្ឌិត គិន ភា បានលើកឡើងនូវភារកិច្ចដែលកម្ពុជាត្រូវធ្វើជាបន្ទាន់ គឺត្រូវប្រែក្លាយពីភាពឈឺចាប់ ហើយត្រូវខិតខំអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឲ្យរឹងមាំពីពេលនេះទៅ។
ដោយឡែកនៅចំពោះមុខហេដ្ឋារចនាសម្ព័ន្ធដែលរងការបំផ្លិចបំផ្លាញ លោកថា ត្រូវតែប្រញាប់ប្រញាល់ស្ដារ និងកសាងឡើងវិញ។ ការរៀបចំទីជម្រក បង្កើតមុខរបរ និងផ្ដល់ដើមទុនដល់ជនភៀសសឹកដែលបានបាត់បង់ផ្ទះសម្បែង និងទ្រព្យសម្បត្តិក្រោមអំពើបំផ្លិចបំផ្លាញរបស់ទាហានថៃ ដើម្បីផ្ដល់ក្ដីសង្ឃឹមនិងជីវិតថ្មីដល់ពលរដ្ឋឡើងវិញ។

សាលារៀនក៏ត្រូវតែកសាងឡើងវិញដើម្បីឱ្យកុមារបានបន្តការសិក្សា មន្ទីរពេទ្យត្រូវស្ដារឡើងវិញដើម្បីព្យាបាលនិងថែទាំសុខភាពប្រជាជន ហើយវត្តអារាមត្រូវតែកសាងឡើងវិញដើម្បីជាទីសក្ការៈបូជា និងជាបង្អែកស្មារតី។ កម្ពុជាត្រូវតែអំពាវនាវយ៉ាងទទូចដល់សហគមន៍អន្តរជាតិ ឱ្យចូលរួមជួយជួសជុលប្រាសាទបុរាណឡើងវិញ ព្រោះសម្បត្តិវប្បធម៌ទាំងនេះគឺជាបេតិកភណ្ឌរបស់មនុស្សជាតិលើភពផែនដីទាំងមូល មិនមែនជារបស់ខ្មែរតែឯកឯងនោះទេ។
លោកបណ្ឌិតបានលើកឡើងពីការតស៊ូតាមផ្លូវច្បាប់យ៉ាងដាច់អហង្ការបំផុត ដើម្បីបង្ខំឱ្យភាគីថៃសងយុត្តិធម៌ និងប៉ះប៉ូវរាល់ការខូចខាតទាំងឡាយណាដែលបង្កឡើងដោយសង្គ្រាមឈ្លានពានរបស់ពួកគេមកលើប្រជាជាតិខ្មែរ ខណៈដែលយុត្តិធម៌ត្រូវតែមានសម្រាប់ជាតិសាសន៍ខ្មែរយើង។
ឆ្លើយតបចំពោះមេរៀនប្រវត្តិសាស្ត្រដ៏ជូរចត់ និងដ៏សែនឈឺចាប់នេះ លោកបណ្ឌិតបានបន្តថា កម្ពុជាត្រូវតែរួមសាមគ្គីគ្នាជាធ្លុងមួយដើម្បីកសាងជាតិឱ្យខ្លាំង រឹងមាំ និងមានភាពម្ចាស់ការទាំងស្រុងលើជោគវាសនាខ្លួនឯង។ រដ្ឋាភិបាលត្រូវតែមានភាពក្លាហានក្នុងការធ្វើកំណែទម្រង់ប្រព័ន្ធអភិបាលកិច្ចរដ្ឋឱ្យបានស៊ីជម្រៅ ព្រោះកំណែទម្រង់ផ្ទៃក្នុងដ៏ពិតប្រាកដ គឺជាអាវុធយុទ្ធសាស្ត្រដ៏មានឥទ្ធិពលបំផុតសម្រាប់ពង្រឹងភាពរឹងមាំនៃជាតិសាសន៍យើង។
«យើងមិនត្រូវការគ្រាន់តែគោលនយោបាយ ដែលតាក់តែងឡើងយ៉ាងពិរោះត្រឹមតែនៅលើក្រដាសទេ ប៉ុន្តែអ្វីដែលយើងត្រូវការជាចាំបាច់គឺគោលនយោបាយដែលអាចអនុវត្តបាន និងផ្ដល់លទ្ធផលជាក់ស្ដែងជូនប្រជាជននិងសង្គមជាតិ។ ជាចំណាត់ការអាទិភាពចំពោះមុខ យើងត្រូវតែមានភាពក្លាហានក្នុងការវះកាត់ និងលុបបំបាត់អំពើពុករលួយនិងបក្សពួកនិយម ដែលជាមេរោគស៊ីរូងផ្ទៃក្នុងបំផ្លាញជំនឿចិត្តរបស់រាស្ត្រ និងធ្វើឱ្យអំណាចរដ្ឋទន់ខ្សោយចំពោះមុខសត្រូវឈ្លានពាន»។ លោកបណ្ឌិត បន្ថែម។
ការប្រើប្រាស់ធនធានមនុស្សដោយផ្អែកលើគោលការណ៍ «គុណាធិបតេយ្យ» (Meritocracy) ឱ្យបានពិតប្រាកដនិងមានឆន្ទៈមោះមុត ការលុបបំបាត់រចនាសម្ព័ន្ធរដ្ឋបាលនិងមុខតំណែងសំពីងសំពោងដែលលើសពីសេចក្ដីត្រូវការជាក់ស្ដែង ដែលកំពុងបង្ហិនថវិកាជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ។ រដ្ឋបាលជាតិមានបរិយាបន្ន ស្អាតស្អំ និងមានប្រសិទ្ធភាព គឺជាមូលដ្ឋានគ្រឹះនៃភាពធន់នៃស្ថាប័នជាតិ។
លោកលើកឡើងពីការធ្វើកំណែទម្រង់វិស័យការពារជាតិជាបន្ទាន់ និងស៊ីជម្រៅបំផុត ខណៈវិស័យការពារជាតិមួយដែលរឹងមាំ មិនមែនអាស្រ័យតែទៅលើការបំពាក់នូវសព្វាវុធ និងបច្ចេកវិទ្យាទំនើបចុងក្រោយប៉ុណ្ណោះទេ។ ប៉ុន្តែអ្វីដែលជាគ្រឹះដ៏សំខាន់បំផុត គឺការកសាងកងទ័ពដែលមានវិន័យម៉ឺងម៉ាត់ មានវិជ្ជាជីវៈខ្ពស់ និងមានស្មារតីស្នេហាជាតិឥតងាករេ។ ទន្ទឹមនឹងនេះ ការបោសសម្អាតអំពើពុករលួយក្នុងជួរកងទ័ពឱ្យអស់ គឺដើម្បីធានាថាជីវភាពនិងសុខុមាលភាពរបស់វីរកងទ័ពដែលកំពុងឈរជើងការពារមាតុភូមិ ត្រូវបានយកចិត្តទុកដាក់ខ្ពស់បំផុត។ កងទ័ពដែលខ្លាំងពិតប្រាកដ គឺជាកងទ័ពដែលប្រជាជនស្រឡាញ់ពេញចិត្ត និងជាកងទ័ពដែលសត្រូវកោតញញើតគ្រប់ពេលវេលា។
ការធ្វើកំណែទម្រង់សេដ្ឋកិច្ចជាតិឱ្យមានពិពិធភាព និងភាពធន់ខ្ពស់បំផុត ក៏មិនអាចបន្តពឹងផ្អែកលើដង្ហើមសេដ្ឋកិច្ចតែមួយច្រក ឬផ្អែកលើការអនុគ្រោះពីបរទេសបានទៀតឡើយ។ ការកសាងគ្រឹះនៃភាពធន់គឺតាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ចឱ្យបានទូលំទូលាយ ពង្រឹងផលិតកម្មក្នុងស្រុកឱ្យមានភាពម្ចាស់ការ និងកាត់បន្ថយជាអតិបរមានូវការនាំចូលទំនិញពីប្រទេសដែលកំពុងឈ្លានពាន។ លោកថា សេដ្ឋកិច្ចដែលខ្លាំងនិងមានភាពឯករាជ្យ គឺជាបង្អែកដ៏មានឥទ្ធិពលបំផុតសម្រាប់វិស័យការពារជាតិដ៏រឹងមាំ និងជាខែលការពារអធិបតេយ្យជាតិឱ្យបានគង់វង្ស។
ជាមួយគ្នានេះ លោកលើកឡើងពីការផ្ដល់អាទិភាពក្នុងការកសាងមូលធនមនុស្ស ដើម្បីជាគ្រឹះនៃអំណាចជាតិ ដែលពាក់ព័ន្ធការបណ្ដុះបណ្ដាលយុវជនឱ្យមានគុណភាព ផលិតភាពខ្ពស់ប្រកបដោយចំណេះដឹង ចំណេះធ្វើពិតប្រាកដ មានសីលធម៌ គុណធម៌ សុខភាពល្អមាំមួន និងមានមនសិការស្នេហាជាតិដ៏មុតស្រួច។ ក្នុងន័យនេះ រដ្ឋនិងវិស័យឯកជនត្រូវតែចាប់ដៃគ្នាបង្កើត «មូលនិធិកសាងមូលធនមនុស្សកម្រិតខ្ពស់» ដោយចាក់បញ្ចូលថវិកាយ៉ាងសន្ធឹកសន្ធាប់ទៅលើការបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ ថ្នាក់ឧត្តមសិក្សា និងថ្នាក់ក្រោយឧត្តមសិក្សា។
កម្មវិធីផ្ដល់អាហារូបករណ៍ថ្នាក់ជាតិ ដែលបញ្ជូននិស្សិតឆ្នើមទៅសិក្សានៅសាកលវិទ្យាល័យល្បីៗជុំវិញពិភពលោក ព្រមទាំងត្រូវពង្រឹងនិងបង្កើតសាកលវិទ្យាល័យដែលមានគុណភាពកម្រិតអន្តរជាតិនៅក្នុងប្រទេសកម្ពុជាផ្ទាល់គឺដើម្បីបណ្ដុះធនធានយុវជនបន្តវេន។ យុវជនគឺជាកម្លាំងចលករដ៏សំខាន់បំផុតក្នុងការការពារអធិបតេយ្យនិងបូរណភាពទឹកដីដែលនៅសេសសល់និងជាអ្នកលាងជម្រះនូវភាពអាម៉ាស់ពីអតីតកាល។
ការបណ្តុះស្មារតីសាមគ្គី ឯកភាពជាតិ និងទស្សនវិជ្ជា ដើម្បីមនុស្សជំនាន់ក្រោយ ខណៈសាមគ្គីនិងឯកភាពជាតិ គឺជាខែលការពារមាតុភូមិដ៏មានអានុភាពបំផុត។ ក្នុងន័យនេះ ត្រូវតែលុបបំបាត់ការរើសអើងនយោបាយដែលនាំឱ្យមានការបែកបាក់ផ្ទៃក្នុង ដែលផ្តល់ឱកាសឱ្យសត្រូវរុញច្រានមហិច្ឆតារបស់គេ និងត្រូវលើកកម្ពស់យុត្តធម៌សង្គម។
ការគិតគូរដល់អនាគតយូរអង្វែងសម្រាប់ជាតិ ដែលអ្នកដឹកនាំនិងអ្នកនយោបាយគ្រប់និន្នាការត្រូវគិតដល់ «មនុស្សជំនាន់ក្រោយ» ជាធំ ជាជាងគិតតែពីការឈ្នះឆ្នោតក្នុង «អាណត្តិក្រោយ»។ អ្នកដឹកនាំនិងអ្នកនយោបាយត្រូវប្រាកដក្នុងចិត្តថា ការសម្រេចចិត្តរបស់ខ្លួននៅថ្ងៃនេះត្រូវធានាថា កូនខ្មែររាប់រយរាប់ពាន់ឆ្នាំខាងមុខ នៅតែមានទឹកដីរស់នៅនិងមានកិត្តិយសលើឆាកអន្តរជាតិ។
បន្ថែមពីនេះ លោកថា ទន្ទឹមនឹងការកសាងកម្លាំងផ្ទៃក្នុង កម្ពុជាក៏ត្រូវតែធ្វើពិពិធកម្មការទូត និងប្រកាន់ខ្ជាប់នូវនយោបាយការបរទេសដែលឆ្លាតវៃ (Smart), បត់បែន (Flexible), រហ័សរហួន (Agile), ប្រកបដោយគោលការណ៍ (Principled) និងជាក់ស្តែងនិយម (Pragmatic) ដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិយ៉ាងតឹងរ៉ឹង ដើម្បីកសាងរបងការពារអធិបតេយ្យជាតិ និងធានាការពារផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ជាតិឱ្យបានជាដាច់ខាត។ នយោបាយការបរទេសនេះមិនត្រឹមតែជាការចរចានៅលើតុប៉ុណ្ណោះទេ ប៉ុន្តែគឺជាសមរភូមិការពារជាតិដោយមិនប្រើគ្រាប់កាំភ្លើង ដែលត្រូវប្រើប្រាស់យន្តការច្បាប់និងសម្ព័ន្ធភាពអន្តរជាតិដើម្បីលាតត្រដាងមហិច្ឆតាវាតទីនិយមគ្រប់រូបភាព ព្រមទាំងជំរុញការទូតសេដ្ឋកិច្ចឱ្យមានភាពម្ចាស់ការ ដើម្បីពង្រឹងសំឡេងរបស់ខ្មែរយើងលើឆាកអន្តរជាតិឱ្យកាន់តែមានអំណាចនិងសេចក្តីថ្លៃថ្នូរ។
ទន្ទឹមនឹងនេះ ការលើកកម្ពស់ការទូតព័ត៌មានឱ្យបានមុតស្រួច តាមរយៈការពង្រឹងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិងការតភ្ជាប់យ៉ាងសកម្មជាមួយបណ្តាញសារព័ត៌មានអន្តរជាតិធំៗ ដើម្បីបកស្រាយសច្ចភាពនិងផ្សព្វផ្សាយរូបភាពវិជ្ជមានពីកម្ពុជាទៅកាន់ពិភពលោក។ ការប្រើប្រាស់ឥទ្ធិពលនៃព័ត៌មានពិត ជាអាវុធយុទ្ធសាស្ត្រសម្រាប់វាយបកទៅនឹងរាល់ការបំភ្លៃការពិត និងល្បិចលាបពណ៌សម្អុយឈ្មោះពីសំណាក់សត្រូវឈ្លានពាន ព្រមទាំងបង្ហាញឱ្យពិភពលោកបានឃើញច្បាស់នូវភាពត្រឹមត្រូវ យុត្តិធម៌ និងឆន្ទៈដ៏មោះមុតរបស់ប្រជាជាតិរបស់យើងក្នុងការការពារសេចក្តីថ្លៃថ្នូរនិងអធិបតេយ្យជាតិ។
ជារួម បើតាមលោកបណ្ឌិត ពលរដ្ឋគ្រប់រូបត្រូវដក់ជាប់ក្នុងមនសិការជានិច្ចថា ភ្លើងសង្គ្រាមមិនមែនរលត់ទៅវិញត្រឹមតែនៅពេលដែលស្នូរអាវុធត្រូវបានស្ងប់ស្ងាត់នោះឡើយ ប៉ុន្តែវានៅតែបន្តឆេះរោលរាលក្នុងសុខភាពផ្លូវចិត្ត វិបត្តិសេដ្ឋកិច្ច និងជោគវាសនាអនាគតរបស់ប្រជាជនខ្មែរគ្រប់រូប។ មានតែតាមរយៈការកសាងជាតិឱ្យរឹងមាំពីខាងក្នុងតាមរយៈការសម្អាតផ្ទះយើងឱ្យស្អាត លុបបំបាត់អំពើពុករលួយ និងបក្សពួកនិយមឱ្យអស់ពីប្រព័ន្ធអភិបាលកិច្ចរដ្ឋ ការពង្រឹងខឿនសេដ្ឋកិច្ច ការអភិវឌ្ឍមូលធនមនុស្ស ការលើកកម្ពស់យុត្តិធម៌សង្គម ប្រកាន់ខ្ជាប់នយោបាយការបរទេសឆ្លាតវៃ និងពង្រឹងការទូតព័ត៌មានដើម្បីផ្សាយសច្ចភាពពីកម្ពុជាទៅកាន់ពិភពលោក ព្រមទាំងការរួមកម្លាំងសាមគ្គីជាធ្លុងមួយ និងការពង្រឹងឯកភាពជាតិដ៏រឹងមាំដ៏ពិតប្រាកដប៉ុណ្ណោះ ទើបជាខែលប្រកបដោយមហានុភាព ដែលគ្មានមហិច្ឆតាឈ្លានពានណាមួយអាចមកបំបែកបំបាក់ឬបំផ្លាញអធិបតេយ្យនិងបូរណភាពទឹកដីយើងបានឡើយ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


