អត្ថាធិប្បាយ
បណ្ឌិត គិន ភា៖ «សូមបងប្អូនអានអត្ថបទឱ្យ ចប់សិន សឹមបញ្ចេញយោបល់ ប៉ុន្តែ បើមិនពេញចិត្ត សូមអូសរំលងចោលទៅ!»
អត្ថបទមួយនិពន្ធដោយលោក រីយ៉ាន ពៀហ្វេស៍ (Rianne Pieffers) ចុះផ្សាយដោយគេហទំព័រ Medium កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានបង្ហាញថា មនុស្សពី ៧០ទៅ៨០ភាគរយ អានតែចំណងជើងអត្ថបទព័ត៌មានតែប៉ុណ្ណោះ, ពួកគេមិនបានអានខ្លឹមសារពេញលេញនៃអត្ថបទនោះទេ។

ការសិក្សាមួយទៀតនៅសហរដ្ឋអម៉េរិក ចុះផ្សាយដោយ Yahoo កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានបង្ហាញថា មនុស្សជាង ៧០ភាគរយ បានចែករំលែកអត្ថបទព័ត៌មាននៅលើគណនីហ្វេសប៊ុករបស់ខ្លួនទាំងដែលពួកគេបានអានតែ២-៣បន្ទាត់ឬមិនអានសោះតែម្តង។ ការសិក្សាដដែលនេះបានរកឃើញថា ការចែករំលែកអត្ថបទព័ត៌មាននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម មិនថាពួកគេពិតជាបានអានវាឬអត់ទេ នាំឱ្យពួកគេជឿថា ពួកគេយល់ដឹងច្រើនអំពីប្រធានបទមួយនោះជាងចំណេះដឹងជាក់ស្តែងដែលពួកគេមានអំពីប្រធានបទនោះទៅទៀត។
មិនមានការសិក្សាណាមួយអំពីនិន្នាការនេះក្នុងចំណោមអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមនៅក្នុងប្រទេសកម្ពុជាយើងទេ ប៉ុន្តែ តាមរយៈការសង្កេតផ្ទាល់របស់ខ្ញុំទៅលើអត្ថបទដែលខ្ញុំសរសេរកន្លងមក និងជាពិសេសប៉ុន្មានថ្ងៃចុងក្រោយនេះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ខ្ញុំ និងត្រូវបានសារព័ត៌មានយកទៅផ្សាយបន្តដោយរំលេចចំណងជើងតាមបែបរចនាបថរបស់អ្នកកាសែត ហើយបងប្អូនមួយចំនួនបានចូលទៅបញ្ចេញយោបល់និងចែករំលែកជាមួយនឹងចំណងជើងនិងការអត្ថាធិប្បាយខ្លះៗ ខ្ញុំអាចទាញការសន្និដ្ឋានបឋមថា បងប្អូនមួយចំនួនដែលបញ្ចេញយោបល់និងចែករំលែកទាំងនោះ «ប្រហែលជា» មិនបានអានអត្ថបទរបស់ខ្ញុំរហូតដល់ចប់ទេ ឬប្រហែលបានអានតែចំណងជើងអត្ថបទដែលរចនាដោយអ្នកកាសែតតែប៉ុណ្ណោះ រួចក៏បញ្ចេញយោបល់និងអត្ថាធិប្បាយតាមមនោគតិរៀងៗខ្លួន។
ក្នុងអត្ថបទខ្ញុំកន្លងមក ក៏ដូចជាពេលនេះ ខ្ញុំមិនដែលបានអួតអាងថា ខ្ញុំជាអ្នកចេះដឹងអីជាងបងប្អូនយើងទេ ឬប្រមាថកាតទានបងប្អូនទេ បើទោះបីជាបងប្អូនប្រើពាក្យអសុរសឬពាក្យពេចន៍ជេរបញ្ចោរយ៉ាងណាក្តី។ គោលបំណងតែមួយគត់របស់ខ្ញុំតាំងពីដើមរៀងមក ទាំងសំណេរក្នុងគណនីហ្វេសប៊ុករបស់ខ្ញុំក្តី ឬក្នុងការសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយនានាក្តី ខ្ញុំគ្រាន់តែចង់ចែករំលែកការយល់ឃើញដ៏ស្ដួចស្ដើងរបស់ខ្ញុំសម្រាប់បងប្អូនទាំងន័យចំនិងន័យបង្កប់។ បងប្អូនទទួលយកបានក៏យកទៅ ទទួលមិនបានក៏អូសរំលងចោលទៅ។ ខ្ញុំមិនដែលបានតាំងខ្លួនជាពន្លឺព្រះអាទិត្យបំភ្លឺលោកទេ ខ្ញុំសុំធ្វើត្រឹមតែពន្លឺចន្លុះដ៏តូចមួយក្នុងកូនខ្ទមតែប៉ុណ្ណោះ។

ការបញ្ចេញយោបល់របស់បងប្អូននៅលើគណនីហ្វេសប៊ុករបស់ខ្ញុំនិងបណ្ដាញផ្សព្វផ្សាយសង្គមផ្សេងទៀត បង្ហាញឱ្យឃើញថា និន្នាការសង្គមដែលយើងទាំងអស់គ្នាកំពុងប្រឈម គឺម្យ៉ាងភាពញាំញីនៃវិបត្តិសេដ្ឋកិច្ចដែលនរណាក៏រងផលប៉ះពាល់ ម្យ៉ាងស្រមោលអតីតកាលនៃការបាត់បង់ទឹកដីទៅប្រទេសជិតខាងនៅតែតាមលងយើងគ្រប់គ្នា និងម្យ៉ាងបញ្ហាសង្គមចាក់ស្រេះដែលយើងឃើញនឹងភ្នែកគ្រប់គ្នា។ គ្មានមួយនាទីណាដែលខ្ញុំបដិសេធបាតុភូតសេដ្ឋកិច្ច សង្គម និងនយោបាយនេះទេ។ ការណ៍នេះហើយ ដែលជំរុញឱ្យខ្ញុំសរសេរអត្ថបទខ្លីៗនេះចែករំលែក បើទោះជាត្រូវបងប្អូនដែលមិនសប្បាយ មិនត្រូវចិត្ត ឬមិនពេញចិត្ត ជេរប្រមាថបែបណាក៏ដោយ។
ខ្ញុំសូមសំណូមពរតែមួយប៉ុណ្ណោះ សុំឱ្យបងប្អូនមេត្តាអត់ធ្មត់អានអត្ថបទនីមួយៗឱ្យបានចប់ចុងចប់ដើមសិន និងសូមបើកចិត្តបើកបេះដូងស្ដាប់ការបកស្រាយ និងការពន្យល់របស់រដ្ឋាភិបាលសិន សឹមបញ្ចេញយោបល់ក៏មិនទាន់យឺតពេលដែរ។ សំណូមពររបស់ខ្ញុំបែបនេះ មានបងប្អូនខ្លះបានលើកឡើងថា ឱ្យតែប្រជាពលរដ្ឋស្តាប់រដ្ឋាភិបាល ចុះរដ្ឋាភិបាលមានស្តាប់ប្រជាពលរដ្ឋវិញទេ? បងប្អូន! ប្រជាពលរដ្ឋជាឪពុកម្តាយរបស់រដ្ឋាភិបាល បើរដ្ឋាភិបាលមិនស្តាប់ប្រជាពលរដ្ឋ, ប្រជាពលរដ្ឋអាច បង្ហាញឆន្ទៈរបស់ខ្លួនចំពោះរដ្ឋាភិបាលវិញតាមរយៈសន្លឹកឆ្នោត៕
ដោយ៖ បណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ