Connect with us

ព័ត៌មានអន្ដរជាតិ

ភាពតានតឹងវ៉េណេស៊៊ុយអេឡា-អាមេរិក មិន​ធ្វើឱ្យ​តម្លៃប្រេងអន្តរជាតិ​​ហក់ឡើងទេ

បានផុស

នៅ

ទោះបីជាភាពតានតឹងកើតឡើងរវាងសហរដ្ឋអាមេរិក និងវ៉េណេស៊ុយអេឡា ដែលជាសមាជិករបស់អង្គការនាំចេញប្រេងកាត (OPEC) ក្ដី តម្លៃប្រេងអន្តរជាតិមិនបាន​ហក់ឡើងទេ សម្រាប់ការជួញដូរលើទីផ្សារអាស៊ីនាព្រឹកថ្ងៃចន្ទនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិតត្រឹមម៉ោងប្រហែល ១០ ព្រឹកនៅទីក្រុងហុងកុង តម្លៃប្រេងនាពេលអនាគតម៉ាក Brent បាន​ជួញដូរនៅតម្លៃ ៦០,៧៦ ដុល្លារ/បារ៉ែល ដោយ​កើនឡើង ០,០១ ដុល្លារ ឬប្រមាណ ០,០២% ខណៈតម្លៃប្រេងអាមេរិកម៉ាក West Texas Intermediate ជួញដូរនៅតម្លៃ ៥៧,២៦ ដុល្លារ/បារ៉ែល ដោយធ្លាក់ចុះ ០,០៦ ដុល្លារ ឬ ០,១០%។

ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ បាន​រាយការណ៍ថា ស្ថានភាពនៅវ៉េណេស៊ុយអេឡាបច្ចុប្បន្នមិនធ្វើឱ្យតម្លៃប្រេងហក់ឡើងភ្លាមៗទេ ដោយវិនិយោគិននៅតែវិភាគពីស្ថានការណ៍ថាតើវាអាចបង្កការរាំងស្ទះដល់ការដឹកជញ្ជូនប្រេងសកល​ ឬយ៉ាងណា ក្រោយសហរដ្ឋអាមេរិក​វាយប្រហារ និងចាប់ខ្លួនមេដឹកនាំប្រទេសនេះ លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro)។

ការណ៍គួរឱ្យ​កត់សម្គាល់នោះគឺថា ភាពតានតឹងចុងក្រោយ​កើតឡើងចំពេលដែលតម្លៃប្រេងអន្តរជាតិ​សកលធ្លាក់ចុះខ្សោយរួចស្រាប់ទៅហើយ ដោយសារតែកំណើននៃការផ្គត់ផ្គង់លើសតម្រូវការ និងការរំពឹងទុកពីកិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែន-រុស្ស៊ី។

ម្យ៉ាងវិញទៀត វ៉េណេស៊ុយអេឡា មិនមែនជាប្រទេសផ្គត់ផ្គង់ប្រេងដ៏សំខាន់សម្រាប់ទីផ្សារអន្តរជាតិនោះទេ ទោះបីជាប្រទេសមាន​ស្ដុកប្រេងក្រោមដីច្រើនជាងគេបំផុតលើពិភព​លោក​ក៏ដោយ។ បើតាមរ៉យទ័រ ប្រទេស​នេះ​ផលិត​ប្រេងឆៅតែប្រហែល ១ លានបារ៉ែល/ថ្ងៃ ប៉ុណ្ណោះ ដែលទំហំនេះ​តិចជាង ១% នៃផលិតកម្មសរុបរបស់សកល ហើយភាគច្រើននាំចេញទៅចិន។

អ្នកវិភាគរបស់ធនាគារ​ Goldman Sachs ​បាននិយាយ​ក្នុងកំណត់ត្រាមួយ​ចេញផ្សាយនៅថ្ងៃទី ៤ ខែមករា យ៉ាងដូច្នេះថា៖ «យើងឃើញហានិភ័យប្រទាញប្រទង់ ប៉ុន្តែមានកម្រិតមធ្យមចំពោះតម្លៃប្រេងក្នុងរយៈពេលខ្លីពីប្រទេស​វ៉េណេស៊ុយអេឡា ដោយ​វាអាស្រ័យទៅលើការវិវត្តនៃ​គោលនយោបាយទណ្ឌកម្មរបស់សហរដ្ឋអាមេរិក»។

ក្រៅពីបញ្ហាវ៉េណេស៊ុយអេឡា វិនិយោគិនប្រេងក៏រងចាំមើលពីបញ្ហាភូមិសាស្រ្តនយោបាយអាមេរិក និងអ៊ីរ៉ង់ផងដែរ ក្រោយលោក ត្រាំ គំរាមលូកដៃចូលបញ្ហាផ្ទៃក្នុងអ៊ីរ៉ង់ ពាក់ព័ន្ធនឹងការបង្រ្កាប​បាតុករតវ៉ាជុំវិញវិបត្តិសេដ្ឋកិច្ច​ក្នុងប្រទេសនេះ។ ការបង្រ្កាបរបស់អាជ្ញាធរអ៊ីរ៉ង់ បាន​សម្លាប់មនុស្សយ៉ាងហោចណាស់ ១៦ នាក់ គិតត្រឹមថ្ងៃអាទិត្យ។

ដោយ​ឡែក OPEC+ ដែលសំដៅលើ OPEC និងសម្ព័ន្ធមិត្ត បាន​សម្រេចមិនដំឡើងផលិតកម្មប្រេងបន្ថែមទៀតទេ ក្នុងកិច្ចប្រជុំកាលពីថ្ងៃអាទិត្យ ក្រោយតម្លៃប្រេងអន្តរជាតិ​បាន​ធ្លាក់ចុះប្រមាណ ១៨ % ពេញ ១ ឆ្នាំ ២០២៥៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម