Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេងអន្តរជាតិ ហក់ឡើងជាង៣% ពេលបិទការជួញដូរម្សិលមិញ ជុំវិញបញ្ហាភូមិសាស្រ្តនយោបាយ

បានផុស

នៅ

តម្លៃប្រេងអន្តរជាតិ​បាន​ហក់ឡើងជាង ៣% ពេលបិទការជួញដូរកាលពីថ្ងៃព្រហស្បតិ៍ ជុំវិញបញ្ហាភូមិសាស្រ្តនយោបាយនៅវ៉េណេស៊ុយអេឡា និងកង្វល់ផ្នែកផ្គត់ផ្គង់នៅរុស្ស៊ី អ៊ីរ៉ាក់ និងអ៊ីរ៉ង់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក ​Brent ​បានកើនឡើង ២,០៣ ដុល្លារ ឬ​ ៣,៤% ​ដល់ ៦១,៩៩ ដុល្លារ/បារ៉ែល ខណៈ​ប្រេងឆៅ​អាមេរិក ម៉ាក West Texas Intermediate (WTI) ​បានកើនឡើង ១,៧៧ ដុល្លារ ឬ ៣,២% ដល់ ៥៧,៧៦ ដុល្លារ/បារ៉ែល។​ វាគឺជាតម្លៃបិទខ្ពស់បំផុត សម្រាប់ប្រេងម៉ាក Brent រាប់តាំងពីថ្ងៃទី ២៤ ខែធ្នូ។

ដោយឡែក តម្លៃប្រេងទាំង២ បាន​បន្តកើនឡើងនៅថ្ងៃសុក្រនេះបន្ថែមទៀត សម្រាប់ការជួញដូរលើទីផ្សារអាស៊ី។ តម្លៃប្រេង Brent បាន​កើនឡើង ៣៩ សេន ឬ ០,៦៣% ដោយជួញដូរនៅតម្លៃ ៦២,៣៨ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោងប្រហែល ១០ ព្រឹកនៅទីក្រុងហុងកុង​ ខណៈតម្លៃ WTI បាន​កើនឡើង ៣៣ សេន ឬ ០,៥៧% ដោយជួញដូរនៅតម្លៃ ៥៨,០៩ ដុល្លារ/បារ៉ែល។

អ្នកជំនាញទីផ្សារបាន​និយាយថា ឥឡូវនេះ វិនិយោគិនកំពុងវាយតម្លៃលើស្ថានការណ៍នៅ​វ៉េណេស៊ុយអេឡា ​ក្រោយអាមេរិកចាប់ខ្លួនមេដឹកនាំប្រទេសអាមេរិកឡាទីនមួយនេះកាលពីចុងសប្ដាហ៍មុន។

រ៉យទ័របានចុះផ្សាយដោយស្រង់សម្ដីប្រភព​មិនបញ្ចេញឈ្មោះ ២ រូប ដែលបាន​ឱ្យដឹងថា ​ស្ថានទូតបរទេសនានានៅវ៉េណេស៊ុយអេឡា ​គ្រោងធ្វើទស្សនកិច្ចទៅប្រទេសនេះនៅសប្តាហ៍ក្រោយជាមួយក្រុមហ៊ុនប្រេង​អាមេរិក និងអឺរ៉ុប បន្ទាប់ពី​អាមេរិកបានប្រកាសពីកិច្ចព្រមព្រៀងពាក់ព័ន្ធប្រេង​តម្លៃ ២ ​ប៊ីលានដុល្លារ និង​ផ្គត់ផ្គង់ទំនិញ​អាមេរិកទៅកាន់វ៉េណេស៊ុយអេឡា។

ទន្ទឹមនឹងនោះ ​អាមេរិកបានរឹបអូសកប៉ាល់ដឹកប្រេង២គ្រឿងដែល​មានទំនាក់ទំនងជាមួយ​វេណេស៊ុយអេឡានៅមហាសមុទ្រអាត្លង់ទិកកាលពីថ្ងៃពុធ រួមទាំងកប៉ាល់មួយគ្រឿង​​ដាក់ទង់ជាតិរុស្ស៊ី។ នេះ​គឺជាផ្នែកមួយនយោបាយរបស់ប្រធានាធិបតីអាមេរិក​ ដូណាល់ ត្រាំ ​ដើម្បីគ្រប់គ្រងពាណិជ្ជកម្មប្រេង​ក្នុងតំបន់ និងដាក់សម្ពាធលើរដ្ឋាភិបាលសង្គមនិយមរបស់​វ៉េណេស៊ុយអេឡាឱ្យចូលរួមជាមួយសហរដ្ឋអាមេរិក។

ដោយឡែក បញ្ហានៅរុស្ស៊ី អ៊ីរ៉ាក់ និងអ៊ីរ៉ង់ ដែលជាប្រទេសផ្គត់ផ្គង់ប្រេងសំខាន់ៗសម្រាប់ទីផ្សារអន្តរជាតិ ក៏រួមចំណែកដល់កំណើនតម្លៃប្រេងអន្តរជាតិផងដែរ។ ​មានសេចក្ដីរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា នាវាដឹកប្រេង ១ គ្រឿងដែលធ្វើដំណើរទៅកាន់​រុស្ស៊ីបាន​រងការវាយប្រហារដោយដ្រូននៅសមុទ្រខ្មៅ ដែលបង្ខំឱ្យវាស្វែងរកជំនួយពីឆ្មាំឆ្នេរសមុទ្រតួកគី និងផ្លាស់ប្តូរទិសដៅ។

នៅ​អ៊ីរ៉ាក់ឯណោះវិញ រដ្ឋាភិបាលបានអនុម័តផែនការមួយដើម្បីគ្រប់គ្រងពេញលេញលើវាលប្រេង West Qurna 2 ដើម្បីជៀសវាងការរំខានដែលទាក់ទងនឹងទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើក្រុមហ៊ុនប្រេង​រុស្ស៊ី Lukoil។ ​

ដោយឡែក ប្រធានាធិបតីអ៊ីរ៉ង់វិញ បានព្រមានអាជីវកម្មកុំឱ្យប្រឹងស្តុកទំនិញ ឬដំឡើងថ្លៃ ខណៈ​​នេះ​ចេញកំណែទម្រង់ឧបត្ថម្ភធនសេដ្ឋកិច្ចផ្សេងៗ ​ក្រោយផ្ទុះបាតុកម្មតវ៉ាទូទាំងប្រទេសជុំវិញ​បញ្ហាសេដ្ឋកិច្ច រួមទាំងការហក់ឡើងនៃអតិផរណា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម