Connect with us

ព័ត៌មានអន្ដរជាតិ

ជម្លោះព្រំដែន និងអស្ថិរនយោបាយ​ក្នុងស្រុក ធ្វើឱ្យ​ប្រជាជនថៃកាត់បន្ថយការចំណាយប្រាក់

បានផុស

នៅ

សញ្ញានៃហានិភ័យសម្រាប់សេដ្ឋកិច្ចថៃ ​បាន​កើនឡើង ដោយសន្ទស្សន៍ទំនុកចិត្តអ្នកប្រើប្រាស់ (CCI) បានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល៤ខែ ​កាលពីខែធ្នូ ឆ្នាំ២០២៥ ដែលបណ្តាលមកពីជម្លោះព្រំដែនជាមួយ​កម្ពុជា និងអស្ថិរភាពនយោបាយក្នុងស្រុក។​ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍កាលពីសប្ដាហ៍មុន ដោយស្រង់ទិន្នន័យពីការស្ទង់មតិរបស់​សាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ (UTCC)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សន្ទស្សន៍ CCI បានធ្លាក់ចុះពី ៥៣,២ ពិន្ទុ ក្នុងខែវិច្ឆិកា ​មកត្រឹម ៥១,៩ ពិន្ទុ នៅខែធ្នូ។ ​ជាទូទៅ ការធ្លាក់ចុះនៃ CCI បង្ហាញថា ប្រជាជន ឬអ្នកប្រើប្រាស់ថៃកំពុងព្រួយបារម្ភពីស្ថានភាពសេដ្ឋកិច្ចរបស់ពួកគេ ដោយកាត់បន្ថយការចំណាយ និងសន្សំសំចៃជាងមុន។ ការកាត់បន្ថយការចំណាយ មាន​ន័យថា តម្រូវការចុះខ្សោយ ដែល​ជាកង្វល់ជំរុញភាពយឺតយ៉ាវនៃកំណើនសេដ្ឋកិច្ច​ទាំងមូល។

លោក Thanavath Phonvichai ប្រធាន UTCC បាននិយាយថា ការងើបឡើងវិញនៃសេដ្ឋកិច្ចនៅតែយឺតយ៉ាវ ខណៈ​តម្លៃនៃការរស់នៅ ឬការចំណាយសម្រាប់រស់នៅរបស់ប្រជាជនរស់នៅ ស្ថិតក្នុងអត្រាខ្ពស់។ អ្នកប្រើប្រាស់បានដឹងច្បាស់ អំពីភាពខុសគ្នារវាងប្រាក់ចំណូល​ខ្លួន​ និង​កំណើននៃការចំណាយ​។

ទឹកជំនន់ដ៏សាហាវនៅតំបន់កណ្តាល និងភាគខាងត្បូង ក៏ជះឥទ្ធិពលដល់អារម្មណ៍អ្នកប្រើប្រាស់ផងដែរ ដោយ​វាបានបំផ្លាញ​ទ្រព្យសម្បត្តិនៅក្នុងវិស័យកសិកម្ម ​ក៏ដូចជា​ទេសចរណ៍។

លើសពីនោះ ជម្លោះប្រដាប់អាវុធនៅព្រំដែនជាមួយ​កម្ពុជា បានប៉ះពាល់ខ្លាំងដល់បរិយាកាសពាណិជ្ជកម្ម វិស័យទេសចរណ៍​ និងការវិនិយោគ​ក្នុងតំបន់។

លោក Thanavath បានបន្ថែមថា អ្នកប្រើប្រាស់ក៏មានការព្រួយបារម្ភអំពីភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ​សកលផងដែរ ដោយ​រំពឹងថា​ វាអាចជំរុញឱ្យតម្លៃថាមពលកើនឡើង​។

មជ្ឈមណ្ឌលព្យាករណ៍សេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់សាកលវិទ្យាល័យ UTCC ឯណោះវិញ បាន​ព្យាករថា អ្នកប្រើប្រាស់នឹងនៅតែមានការប្រុងប្រយ័ត្នក្នុងការចំណាយរបស់ពួកគេក្នុងអំឡុងត្រីមាសទី១នៃឆ្នាំ ២០២៦ នេះ ​ដោយ​ពួកគេរង់ចាំ​ភាពច្បាស់លាស់ក្នុងនយោបាយថៃ រដ្ឋាភិបាលថ្មីដែលមានស្ថិរភាព វិធានការជំរុញសេដ្ឋកិច្ចថ្មី និងបទឈប់បាញ់យូរអង្វែងរវាង​ថៃ និងកម្ពុជា។

ថៃគ្រោងនឹង​រៀបចំការបោះឆ្នោតមុនកាលកំណត់នៅថ្ងៃទី ៨ ខែកុម្ភៈខាងមុខ ក្រោយ​​នាយករដ្ឋមន្រ្តីចាំផ្ទះ លោក​ អានុទីន ឆានរីៈគុណ ប្រកាសរំលាយសភានៅខែធ្នូ ដោយបង្កើនអស្ថិរភាពនយោបាយក្នុងស្រុកជាថ្មី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម