Connect with us

ព័ត៌មានអន្ដរជាតិ

វិស័យឯកជនថៃព្រមានពីការស្តារសេដ្ឋកិច្ចមិនស្មើគ្នា ជំរុញរដ្ឋាភិបាលពន្លឿនកំណែទម្រង់

បានផុស

នៅ

វិស័យឯកជនថៃបានព្រមានថា ការស្តារសេដ្ឋកិច្ចរបស់ប្រទេសនៅតែមិនស្មើគ្នា ដោយក្រុមហ៊ុនធំៗ និងឧស្សាហកម្មថ្មីៗកំពុងទទួលបានអត្ថប្រយោជន៍ ខណៈអាជីវកម្មខ្នាតតូច និងគ្រួសារចំណូលទាបនៅតែប្រឈមសម្ពាធ។ ពួកគេបានជំរុញឱ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី អានុទីន ឆានវីរៈគុណ ពន្លឿនកំណែទម្រង់ និងផ្តោតលើការស្តារទំនុកចិត្ត ដើម្បីជំរុញកំណើនប្រកបដោយចីរភាព។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation កាលពីថ្ងៃពុធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Poj Aramwattananont ប្រធានសភាពាណិជ្ជកម្មថៃ និងក្រុមប្រឹក្សាពាណិជ្ជកម្មថៃ បាននិយាយថា អាទិភាពសំខាន់របស់រដ្ឋាភិបាលក្នុងរយៈពេល៦ខែខាងមុខ គឺការស្តារទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងភ្ញៀវទេសចរបរទេស ជាពិសេសភ្ញៀវចិន ដែលជាកត្តាសំខាន់សម្រាប់វិស័យទេសចរណ៍។

លោកបានព្រមានថា គោលដៅទទួលភ្ញៀវអន្តរជាតិ ៤០លាននាក់របស់ថៃ អាចនឹងមិនសម្រេចបាន ហើយចំនួនភ្ញៀវអាចធ្លាក់មកប្រហែល ៣៣លាននាក់ ប្រសិនបើទំនុកចិត្តមិនត្រូវបានស្តារឡើងវិញ។ លោកក៏បានអំពាវនាវឱ្យធនាគារកណ្តាលថៃគ្រប់គ្រងស្ថិរភាពប្រាក់បាត ដើម្បីរក្សាសមត្ថភាពប្រកួតប្រជែងរបស់អ្នកនាំចេញផងដែរ។

ដោយឡែក លោក Thawatchai Setthachinda អគ្គលេខាធិការនៃសភាពាណិជ្ជកម្មថៃ បាននិយាយថា ទោះបីការនាំចេញ និងផលិតផលក្នុងស្រុកសរុប (GDP) នៅតែមានកំណើនក៏ដោយ ប៉ុន្តែផលប្រយោជន៍នៃកំណើននេះមិនទាន់បានចែករំលែកទូលំទូលាយនៅក្នុងសេដ្ឋកិច្ចនៅឡើយ។

លោកបានពិពណ៌នាស្ថានភាពបច្ចុប្បន្នថា ជាការស្តារសេដ្ឋកិច្ចបែប មានរាងជាអក្សរ ខេ (K-shaped recovery) ដែលមានន័យថា អាជីវកម្មធំៗ និងវិស័យថ្មីៗកំពុងរីកចម្រើន ខណៈសហគ្រាសធុនតូច និងមធ្យម (SMEs) ឧស្សាហកម្មប្រពៃណី និងក្រុមគ្រួសារមាន​ចំណូលទាប នៅតែ​ជួបការ​លំបាក។

នាយករដ្ឋមន្រ្តីថៃ លោក អានុទីន​ ឆានវីរៈគុណ (កណ្ដាល)។

សម្រាប់ឆមាសទី២ ឆ្នាំ២០២៦ វិស័យឯកជនរំពឹងថា កំណើន GDP ថៃអាចស្ថិតនៅចន្លោះ ១,៦% ទៅ ២% ហើយបានអំពាវនាវឱ្យរដ្ឋាភិបាលពន្លឿនកំណែទម្រង់លើផ្នែកពាណិជ្ជកម្ម បទប្បញ្ញត្តិ ការសម្រួលអាជីវកម្ម ការអភិវឌ្ឍធនធានមនុស្ស និងការទាក់ទាញវិនិយោគ។

លោក Panitarn Pavarolavidya អគ្គលេខាធិការសហព័ន្ធឧស្សាហកម្មថៃ បានលើកឡើងថា កំណើន GDP និងការនាំចេញបច្ចុប្បន្ន ត្រូវបានជំរុញជាចម្បងដោយការវិនិយោគបរទេសក្នុងវិស័យឌីជីថល អេឡិចត្រូនិក និងមជ្ឈមណ្ឌលទិន្នន័យ ខណៈរោងចក្រថៃជាច្រើន ជាពិសេស SME នៅតែប្រឈមនឹងថ្លៃដើមខ្ពស់ លំហូរចូលនៃទំនិញថោកៗ ​និងសមត្ថភាពផលិតទាប។

វិស័យអចលនទ្រព្យ និងលក់រាយ ក៏បានបង្ហាញការព្រួយបារម្ភដូចគ្នា។ តំណាងវិស័យនេះបានលើកឡើងថា ភាពមិនច្បាស់លាស់ផ្នែកសេដ្ឋកិច្ច បំណុលគ្រួសារ និងការចំណាយរស់នៅខ្ពស់ កំពុងធ្វើឱ្យអ្នកប្រើប្រាស់ប្រុងប្រយ័ត្នលើការចំណាយ។

លោក Kessara Thanyalakpark នាយកគ្រប់គ្រងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Sena Development បាននិយាយថា បញ្ហាសំខាន់របស់ថៃមិនមែនមានតែការស្តារសេដ្ឋកិច្ចរយៈពេលខ្លីទេ ប៉ុន្តែជាការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរយៈពេលវែង ខណៈប្រទេសជិតខាងកំពុងរីកចម្រើនលឿនជាងមុន។

វិស័យឯកជនបានសង្កត់ធ្ងន់ថា វិធានការជំរុញសេដ្ឋកិច្ចរយៈពេលខ្លីមិនគ្រប់គ្រាន់ទេ។ រដ្ឋាភិបាលថៃរបស់លោក​ អានុទីន ​ត្រូវផ្តោតលើការបង្កើនទំនុកចិត្ត ទាក់ទាញវិនិយោគថ្មី ពង្រឹងវិស័យទេសចរណ៍ និងដោះស្រាយបញ្ហារចនាសម្ព័ន្ធ ដើម្បីធានាឱ្យការស្តារសេដ្ឋកិច្ចមានភាពទូលំទូលាយជាងមុន។

សរុបមក សារពីវិស័យឯកជនថៃគឺថា សេដ្ឋកិច្ចកំពុងបន្តដំណើរការ ប៉ុន្តែមិនទាន់មានកម្លាំងគ្រប់គ្រាន់ដើម្បីជំរុញការស្តារឡើងវិញទូទាំងប្រទេសឡើយ។ ឆមាសទី២ ឆ្នាំ២០២៦ នឹងក្លាយជាការសាកល្បងថាតើរដ្ឋាភិបាលអាចបម្លែងវិធានការជំនួយរយៈពេលខ្លី ទៅជាកំណែទម្រង់ដែលអាចជំរុញកំណើនរយៈពេលវែងបានដែរឬ​យ៉ាងណា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម