ព័ត៌មានអន្ដរជាតិ
អាន់វ៉ា អានុទីន ព្រមគ្នាឆ្ពោះទៅបញ្ចប់ជម្លោះពាណិជ្ជកម្មអាហារសមុទ្រ ប៉ុន្តែដោះស្រាយគ្នាមិនទាន់ដាច់ស្រេច
មេដឹកនាំម៉ាឡេស៊ី និងថៃ បានព្រមគ្នាឆ្ពោះទៅរកការបញ្ចប់ជម្លោះពាណិជ្ជកម្មពាក់ព័ន្ធអាហារសមុទ្ររវាងប្រទេសទាំង២ បន្ទាប់ពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម និងនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល បានឯកភាពគ្នាជំរុញការអនុវត្តកិច្ចព្រមព្រៀងដោះស្រាយបញ្ហានេះឱ្យមានប្រសិទ្ធភាពក្នុងរយៈពេល ១ សប្តាហ៍ខាងមុខ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ និងកាសែត The Star។

យ៉ាងណាមិញ ការចរចាលម្អិតលើបញ្ហាបច្ចេកទេសនៅមិនទាន់បញ្ចប់ជាស្ថាពរនៅឡើយទេ ដោយម៉ាឡេស៊ីបានដាក់សំណើជាច្រើនទៅកាន់ភាគីថៃ។
លោក អាន់វ៉ា បានថ្លែងក្រោយកិច្ចប្រជុំទ្វេភាគីនៅទីក្រុងពូត្រាចាយ៉ា កាលពីថ្ងៃទី៩ ខែកក្កដា ថា រដ្ឋមន្ត្រីកសិកម្មនៃប្រទេសទាំង២ បានឈានដល់ការយោគយល់គ្នាក្នុងការដោះស្រាយបញ្ហាជលផលដែលនៅសេសសល់។ លោកថ្លែងយ៉ាងដូច្នេះថា៖ «យើងបានដោះស្រាយបញ្ហាដែលនៅសល់ទាក់ទងនឹងវិស័យជលផល ហើយយើងបានឯកភាពថា កិច្ចព្រមព្រៀងនេះគួរតែចូលជាធរមានក្នុងរយៈពេលមួយសប្តាហ៍»។
នាយករដ្ឋមន្រ្តីដដែលបានបញ្ជាក់ថា ដើមឡើយភាគីទាំង២ គ្រោងឱ្យអនុស្សរណៈយោគយល់ (MoU) ចូលជាធរមានក្នុងរយៈពេល ១ ខែ ប៉ុន្តែក្រោយមក បានព្រមព្រៀងគ្នាបង្កើនល្បឿនឱ្យអាចអនុវត្តបានក្នុងរយៈពេលត្រឹម ១ សប្តាហ៍ទៀតប៉ុណ្ណោះ។
លោក អានុទីន ឯណោះវិញ ក៏បានស្វាគមការពិភាក្សារវាងរដ្ឋមន្ត្រីកសិកម្មនៃប្រទេសទាំង២ ដោយនិយាយថា កិច្ចពិភាក្សានោះបានជួយស្វែងរកដំណោះស្រាយដែលអាចទទួលយកបានសម្រាប់ភាគីទាំងសងខាង។
យ៉ាងណាមិញ គួរគូសបញ្ជាក់ថា ការចរចាលើបញ្ហាបច្ចេកទេសនៅតែបន្ត។
អគ្គនាយកនៃនាយកដ្ឋានជលផលម៉ាឡេស៊ី លោក ដាតុ អាដណាន់ ហ៊ូសេន (Datuk Adnan Hussain) បានឱ្យដឹងថា ថៃ និងម៉ាឡេស៊ី កំពុងបន្តពិភាក្សាអំពីលក្ខខណ្ឌបច្ចេកទេស ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម ដោយមិនប៉ះពាល់ដល់សុវត្ថិភាពចំណីអាហារ និងវិធានការការពារជីវសុវត្ថិភាព។
លោកនិយាយថា៖ «ម៉ាឡេស៊ីចាត់ទុកដំណើរការនេះជាការសម្របសម្រួលផ្នែកបច្ចេកទេសរវាងអាជ្ញាធរមានសមត្ថកិច្ចរបស់ប្រទេសទាំងពីរ មិនមែនជាវិវាទពាណិជ្ជកម្មនោះទេ»។

ជាមួយគ្នានោះ ម៉ាឡេស៊ីបានផ្ញើសំណួរបច្ចេកទេសចំនួន ៣៥ សំណួរទៅកាន់ភាគីថៃ ស្តីពីការនាំចូលបង្គា ដើម្បីទទួលបានការបំភ្លឺបន្ថែម មុននឹងបញ្ចប់ការវាយតម្លៃហានិភ័យ។ ចំណែកការនាំចូលត្រីឆ្ពុងភាគីទាំង ២ កំពុងពិនិត្យកែលម្អលក្ខខណ្ឌនាំចូល រួមមានវិញ្ញាបនបត្រ សុវត្ថិភាពចំណីអាហារ និងវិធានការគ្រប់គ្រងហានិភ័យ។
គួរគូសបញ្ជាក់ថា ជម្លោះពាណិជ្ជកម្មថៃ និងម៉ាឡេស៊ី បានផ្ទុះឡើងពីខែឧសភា បន្ទាប់ពីថៃរឹតបន្តឹងការនាំចូលត្រីឆ្ពុងពីម៉ាឡេស៊ី ដោយបារម្ភអំពីសំណល់សារធាតុគីមី។ ជាការឆ្លើយតប ម៉ាឡេស៊ីបានរឹតបន្តឹងការនាំចូលត្រីឆ្ពុងពីថៃ និងហាមការនាំចូលបង្គាថៃចំនួន ៥ មុខ ជាបណ្តោះអាសន្ន រាប់តាំងពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦។
បើតាមនាយកដ្ឋានជលផលម៉ាឡេស៊ី ថៃគឺជាទីផ្សារសំខាន់មួយសម្រាប់ការនាំចេញត្រីឆ្ពុងរបស់ម៉ាឡេស៊ី ដោយពាណិជ្ជកម្មទ្វេភាគីលើផលិតផលនេះ មានតម្លៃ ៩២,៦ លានរីងហ្គីត ស្មើនឹង ៩ ២៨៦ តោន ក្នុងឆ្នាំ២០២៤។
ក្រៅពីការពិភាក្សាលើបញ្ហាពាណិជ្ជកម្មអាហារសមុទ្រ លោក អាន់វ៉ា និងអានុទីន ឯណោះវិញ ក៏បានឯកភាពជំរុញការបង្កើតតំបន់សេដ្ឋកិច្ចពិសេសតាមព្រំដែន ពង្រឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ កែលម្អប្រព័ន្ធគ្រប់គ្រងទឹកជំនន់ និងបង្កើនកិច្ចសហប្រតិបត្តិការក្នុងការបង្ក្រាបបទល្មើសឆ្លងដែន។
លោក អាន់វ៉ា ក៏បានអះអាងថា ម៉ាឡេស៊ី និងថៃនឹងខិតខំសម្រេចគោលដៅពាណិជ្ជកម្មទ្វេភាគីឱ្យបាន ៣០ ប៊ីលានដុល្លារអាមេរិក នៅត្រឹមឆ្នាំ២០២៧ ដោយចាត់ទុកវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងរវាងប្រទេសទាំង២។
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


