Connect with us

សេដ្ឋកិច្ច

​ការនាំចេញ​ដំឡូងមីស្រស់សម្រេច​បាន​ជាង ៣ ​លានតោន ​ធ្លាក់ចុះជិត ១០% ខណៈចំណិតដំឡូងមីក្រៀមកើនឡើងខ្ពស់

បានផុស

នៅ

កម្ពុជា​នាំចេញ​ដំឡូងមីស្រស់​ ​សម្រេច​បាន​ជាង ​៣ ​លាន​តោន​ នៅ​ក្នុងឆ្នាំ​ ២០២៥ ​ធ្លាក់​ចុះ​ ៩,៨២% ​ធៀប​នឹង​ឆ្នាំ ​២០២៤ ​ដោយសារ​កសិករ​បំប្លែង​ពីដំឡូងមីស្រស់ ​ទៅក្រៀម ​និង​កែច្នៃជាម្សៅ ដើម្បី​រក្សា​ទុកបានយូរ និងបានតម្លៃខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងឆ្នាំ ២០២៥ ​បរិមាណ​នាំ​ចេញ​ដំឡូងមីស្រស់មានចំនួន ​៣ ១០៥ ៥០០ តោន ធ្លាក់​ចុះ​ ៩,៨២% រីឯចំណិតដំឡូងមីក្រៀម​បាន​កើនឡើង ៦២,២២% ដែលមានចំនួន ១ ៥៦៥ ៩៤០ តោន។​ ទីផ្សារដំឡូងមីកម្ពុជា ​មានប្រទេសវៀតណាម ចិន​ និងការប្រើប្រាស់ក្នុងស្រុក។

​លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើក​ឡើង​នៅក្នុង​របាយ​ការណ៍ថា ​នៅក្នុងឆ្នាំ ២០២៥ ​ការនាំចេញដំឡូងមីស្រស់ថយចុះ ដោយសារ​​កសិករ​បំប្លែង​ពីដំឡូងមីស្រស់ ​ទៅក្រៀម ​និង​កែច្នៃជាម្សៅ ដើម្បី​រក្សា​ទុកបានយូរ ​និងមានតម្លៃខ្ពស់ ខណៈការនាំចេញដំឡូងមីក្រៀមកើនឡើងចំនួន ៦២,២២% និងម្សៅដំឡូងមីកើនឡើងចំនួន ៧៥,២៣% ​បើធៀបនឹងឆ្នាំ ២០២៤។

​​កសិកររស់នៅស្រុកបាណន់ ខេត្តបាត់ដំបង លោក ឈៀង ភ័ណ្ឌ បានឲ្យដឹងថា លោកបានប្រមូល​ផលដំឡូងមី​តាំងពីដើមខែ​១ ឆ្នាំ​២០២៦ ហើយលោកក៏បានលក់អស់ដែរ។

​លោក ឈៀង ភ័ណ្ឌបានបញ្ជាក់ថា​ ឆ្នាំនេះបានចំណូលគ្រាន់បើជាងឆ្នាំទៅ ដោយសារ​តែមើម​ដាក់ម្សៅបានល្អ ហើយ​ក៏ជាតម្រូវការទីផ្សារ​ផង​ដែរ ខណៈ​តម្លៃកើនជាងឆ្នាំមុន ហើយ​លោក​កំពុងធ្វើដី​ហាលដើម្បី​ធ្វើការដាំបន្តទៀត។

​តម្លៃទីផ្សារដែលឈ្មួញទទួលទិញតាមស្រុកមានដូចជា ស្រុកសំឡូត មើមស្រស់តម្លៃ ២០០ រៀល ក្នុងមួយគីឡូក្រាម និងមើមស្ងួតលក់បាន ៥៨០ រៀលក្នុង ១ គីឡូក្រាម។ ស្រុកគាស់ក្រឡ មើមស្រស់តម្លៃ ១៨០ រៀល ក្នុង ១គីឡូក្រាម មិនមានលក់មើមស្ងួតនោះទេ។

​លោក អិល ឈិញ ប្រធានសមា​គមកសិករដំឡូងមីខ្មែរ ប្រាប់កម្ពុជាថ្មីថា​ ​តម្លៃ​ទីផ្សារ​ដំឡូងមី​នៅ​តែ​ជាបញ្ហាចោទ​សម្រាប់​កសិករ ​តម្លៃដំឡូង​មីស្រស់​បន្តស្ថិតក្នុង​កម្រិត​ទាប ១៥០ រៀល ទៅ ២៥០ រៀលក្នុងមួយគីឡូក្រាម ខណៈកសិករភាគច្រើន​ធ្វើក្រៀម ​លក់ឱ្យ​សៃឡូ​បាន​តម្លៃពី ៥៨០ រៀល ទៅ ៦២០ រៀល ក្នុងមួយគីឡូក្រាម។​

​រាជរដ្ឋាភិបាល​បានខិតខំប្រឹងប្រែង​ជំរុញ និងពង្រីកទីផ្សារនាំចេញដំឡូងមី​រហូតដល់ប្រមាណ ១០ លានតោន ទៅកាន់ទីផ្សារអន្តរជាតិនៅក្នុងឆ្នាំ ២០២៥​។

​លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និង​ជាអ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ​ការ​អនុវត្ត​គោលនយោ​បាយ​ជាតិស្ដីពីដំឡូងមី ​២០២០-២០២៥ ​ទទួលបានលទ្ធផលវិជ្ជមាន ​ទាំង​ផលិត​កម្ម ​ការកែច្នៃ ​និងការនាំចេញ ​ដែលអាចរក្សាបានឧត្តមភាព​ប្រកួតប្រជែង។ ​

​នៅក្នុងឆ្នាំ ​២០២៥ កម្ពុជាទាញចំណូលបាន ​៦៤៦ ​លានដុល្លារ ​ពីការនាំចេញដំឡូងមី ធ្លាក់ចុះ ១៤,៤៨% ធៀបនឹងឆ្នាំ ២០២៤៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម