Connect with us

ព័ត៌មានជាតិ

មកស្គាល់​រោងចក្រ​ធំៗកំពុង​កែច្នៃ​ដំឡូងមី​ស្រស់​នាំ​ចេញទៅក្រៅប្រទេស​

បានផុស

នៅ

កម្ពុជាស្ថិតនៅក្នុង​ចំណោម​ប្រទេសនាំចេញដំឡូងមីដ៏​ធំមួយនៅលើពិភពលោក។ កម្ពុជានាំចេញដំឡូងមីស្រស់ ៩៥% ខណៈ​ការកែច្នៃក្នុងស្រុកមានប្រមាណ ៥%។

ខណៈ​ការផ្លាស់ប្តូរពីការនាំចេញមើមដំឡូងមីស្រស់ទៅជាការកែច្នៃក្នុងស្រុកជួយ​បង្កើតតម្លៃ​សេដ្ឋកិច្ច​បន្ថែម, លើកកម្ពស់ជីវភាព​របស់ប្រជាកសិករ, និងធ្វើពិពិធកម្មឧស្សាហកម្ម បច្ចុប្បន្ន​កម្ពុជា​មាន​រោងចក្រកែច្នៃដំឡូងមី​​ដែល​កែច្នៃដំឡូងមីស្រស់​ទៅ​​ជា​ម្សៅដំឡូងមី​នាំចេញទៅ​ក្រៅប្រទេស។

រោងចក្រកែច្នៃដំឡូងមីរបស់ក្រុមហ៊ុន Singsong Industrial (Cambodia)

រោងចក្រកែច្នៃដំឡូងមីរបស់ក្រុមហ៊ុន Singsong Industrial (Cambodia) សាងសង់​នៅលើផ្ទៃដីជិត ២៣ ហិកតា ក្រោមទុនវិនិយោគប្រមាណ ៣០ លានដុល្លារ​អាមេរិក ​​មានទីតាំង​នៅ​សង្កាត់​អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ ដែល​កំពុងដើរតួនាទី​យ៉ាងសំខាន់ក្នុងវិស័យកសិឧស្សាហកម្មនៅ​ក្នុងតំបន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រោងចក្រនេះវិនិយោគ​មក​​ពីប្រទេស​កូរ៉េ ដែល​​បច្ចុប្បន្នមានបុគ្គលិកនិងកម្មករបម្រើការងារ​សរុបចំនួន ៥៩ នាក់ (ខ្មែរ ៥៤ នាក់ និងបរទេស ៥នាក់)។

សមត្ថភាពផលិតកម្ម រោងចក្រអាចផលិតម្សៅដំឡូងមីបានចំនួន ២៤០ តោនក្នុងមួយថ្ងៃ ដោយ​ត្រូវការ​វត្ថុធាតុដើមជាដំឡូង​មីស្រស់រហូតដល់ ៨៩០ តោនជារៀងរាល់ថ្ងៃ។ ចំពោះទីផ្សារវិញ ក្រុមហ៊ុន​បាននាំចេញទៅកាន់ប្រទេសកូរ៉េចំនួន ២០% និងផ្គត់ផ្គង់ក្នុងស្រុកចំនួន ៨០%។ ​

រោងចក្របានចាប់ផ្តើមដំណើរការកាលពីអំឡុឆ្នាំ២០១៧ ដែល​​ជាសហគ្រាសឈានមុខគេក្នុងខេត្តក្រចេះ តាមរយៈការប្រមូល​ទិញ​កសិផល​ពីប្រជាកសិករ បង្កើតឱកាសការងារ និងចូលរួមចំណែកក្នុងការការពារបរិស្ថាន។

រោងចក្រកែច្នៃ​ម្សៅដំឡូងមីរបស់ក្រុមហ៊ុន ជា ទូច

រោងចក្រកែច្នៃ​ម្សៅដំឡូងមីរបស់ក្រុមហ៊ុន ជា ទូច មានទីតាំងស្ថិតនៅភូមិសោមគល់ ឃុំសោមធំ ស្រុក​អូរយ៉ាដាវ ខេត្តរតនគិរី។

ក្រុមហ៊ុនបានដាក់ទុនវិនិយោគសាងសង់រោងចក្រអស់ទឹកប្រាក់ចំនួន​ជាង​ ៣០ លាន​ដុល្លារ​អាមេរិក លើ​ផ្ទៃដី​ជាង ៤០ ហិកតា ហើយបានសម្ភោធដាក់ឲ្យដំណើរការសកម្មភាពនៅថ្ងៃទី៧ ខែ​ឧសភា ឆ្នាំ២០១៨។

ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ក្រុមអ្នកសារព័ត៌មានទៅខេត្តភាគ​ឦសាន​ លោក ញ៉ែម សំអឿន អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​រតនគិរីបានគូស​បញ្ជាក់​ថា រោងចក្រ​ដែល​ស្ថិតនៅ​តាម​ផ្លូវ​ទៅច្រក​អន្តរជាតិ​អូរយ៉ាដាវនេះ មាន​សមត្ថភាព​អាច​ផលិតម្សៅមី​​បាន​ប្រមាណ ១ ០០០ តោន​ក្នុង​មួយ​ថ្ងៃ សម្រាប់​នាំ​ចេញ​ទៅ​ប្រទេស​ចិន និងសិង្ហបុរី។

សហគ្រាស HLH

ក្រៅតែពីជំរុញការដាំដុះដំឡូងមី​នៅខេត្តកំពង់ស្ពឺ ក្រុមហ៊ុន «HLH Agriculture» បានបង្កើតរោងចក្រកែច្នៃដំឡូងមីជាម្សៅសម្រាប់នាំចេញនៅឆ្នាំ ២០១៥។

រោងចក្រកែច្នៃដំឡូងមីរបស់ក្រុមហ៊ុន HLH អាចផលិតម្សៅមីបានប្រមាណ ១២០ តោនក្នុងមួយថ្ងៃ ហើយក្នុងមួយ​ខែ​រោងចក្រផលិតម្សៅមីចន្លោះពី ៣ ០០០ ទៅ ៥ ០០០តោន សម្រាប់ផ្គត់ផ្គង់អតិថិជននៅក្រៅប្រទេស។

ក្រុមហ៊ុន «HLH Agriculture» ជាក្រុមហ៊ុនវិនិយោគមានមូលដ្ឋានមកពីប្រទេស​សិង្ហបុរី។ កាលពីឆ្នាំ ២០០៨ ក្រុមហ៊ុនទទួល​បាន​ដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាលជិត ១ ម៉ឺនហិកតា ដើម្បីអភិវឌ្ឍលើវិស័យកសិកម្មនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ក្រុមហ៊ុន Green Leader

រោងចក្រកែច្នៃដំឡូងមីរបស់​ក្រុមហ៊ុន Green Leader បានបើកការដ្ឋានសាងសង់កាលពី​ថ្ងៃទី ១ ខែមេសា ឆ្នាំ​២០១៨ នៅលើផ្ទៃដីទំហំ​ជាង ២០ ហិតា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្រុកស្នួល ខេត្តក្រចេះ ក្រោមទុនវិនិយោគប្រមាណ ២០ លាន​ដុល្លារ ។

រោងចក្រកែច្នៃដំឡូងមីរបស់ក្រុមហ៊ុន​ មាន​សមត្ថភាព​កែច្នៃដំឡូងមីទៅ​ជា​ម្សៅ​បាន​ចំនួន ១៣០ ពាន់តោនក្នុងមួយឆ្នាំ និងអាចស្រូបយកវត្ថុធាតុដើមដំឡូងមីចំនួន ៥០០ ពាន់តោន។

ក្រុមហ៊ុន​បាន​​ដាក់ចេញ​ផែនការ ក្នុងរយៈពេល ៥ ឆ្នាំ មានគម្រោងសាងសង់រោងចក្រខ្នាតធំឲ្យបាន ២០ រោងចក្រទូទាំងប្រទេស។

ក្រុមហ៊ុន «Guanshen Shengda Agriculture Industry Co., Ltd.»

កាលពី​អំឡុង​ខែមេសា ឆ្នាំ ២០២៦ រោងចក្រផលិតម៉្សៅដំឡូងមីរបស់ក្រុមហ៊ុន «Guanshen Shengda Agriculture Industry Co., Ltd.» បានបើកការដ្ឋានសាងសង់ដែល​មានទីតាំង​ស្ថិតនៅ​ភូមិចេក ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅ​ចន្លោះគីឡូម៉ែត្រ ៧៤-៧៥។

ក្រោមការបណ្តាក់ទុនប្រមាណ ២០ លានដុល្លារ បន្ទាប់ពីបញ្ចប់ការសាងសង់ ក្រុមហ៊ុន​អាចបង្កើតចំណូលលក់ប្រចាំឆ្នាំប្រមាណ ៩០ លានដុល្លារ ដោយផលិតម្សៅដំឡូងមី ១០ ម៉ឺនតោន ដំឡូងមីស្ងួត ១០ ម៉ឺនតោន និងកាកដំឡូងមីប្រើសម្រាប់ផលិតចំណីសត្វប្រមាណ ៣ ម៉ឺនតោន។

កម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី ៤ នៅអាស៊ី និងទី១០ នៅលើពិភពលោក ជាមួយ​ផ្ទៃដីដាំដុះប្រមាណ ៦០០ ០០០ ទៅ ៨០០ ០០០ ហិកតា។

រោងចក្រកែច្នៃដំឡូងមីចំនួន ១៦ ទីតាំង បាន​បោះ​​មូលដ្ឋាន​ស្រូបប្រមូល​កសិផល​ដំឡូងមីកែច្នៃ​នាំចេញទៅក្រៅប្រទេស។ នេះ​បើ​យោងតាមរបាយការណ៍របស់​​ក្រសួងពាណិជ្ជកម្ម។

នៅ​ក្នុង​ឆ្នាំ ​២០២៥ ​កម្ពុជា​រក​ចំណូលបាន ​៦៤៦ ​លានដុល្លារ ​ពីការ​នាំ​ចេញ​​ដំឡូងមីទៅទីផ្សារអន្តរជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម