Connect with us

ព័ត៌មានអន្ដរជាតិ

ឧត្តមសេនីយ៍កំពូលរបស់ចិន២​រូប​ត្រូវបានដកតំណែង ក្នុងយុទ្ធនាការសម្អាតជួរកងទ័ព

បានផុស

នៅ

ក្នុងចំណាត់ការមួយដែលក្រុមអ្នកវិភាគហៅថាជា «ការកម្ទេចចោលទាំងស្រុង» នៃបញ្ជាការដ្ឋានជាន់ខ្ពស់របស់កងទ័ពចិន ប្រធានាធិបតី ស៊ី ជីនពីង បានដកតំណែងឧត្តមសេនីយ៍ឯក Zhang Youxia រួមជាមួយឧត្តមសេនីយ៍ជាន់ខ្ពស់ម្នាក់ទៀតគឺលោក Liu Zhenli។

លោក ស៊ី ជីនពីង (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​សារព័ត៌មាន UPI ក្រសួងការពារជាតិចិនបានបញ្ជាក់កាលពីថ្ងៃសៅរ៍​ទី​២៤​ខែ​មករា​ឆ្នាំ​២០២៦​ថា មន្ត្រីទាំងពីររូបកំពុងស្ថិតក្រោមការស៊ើបអង្កេតពីបទ «រំលោភលើវិន័យ និងច្បាប់យ៉ាងធ្ងន់ធ្ងរ» ដែលជាពាក្យបច្ចេកទេសដែលគណបក្សកុម្មុយនីស្តតែងតែប្រើដើម្បីសំដៅលើអំពើពុករលួយ និងការមិនស្មោះត្រង់ផ្នែកនយោបាយ។ លោក Zhang ដែលជាសមាជិកការិយាល័យនយោបាយ និងជាអនុប្រធានគណៈកម្មាធិការយោធាមជ្ឈិម (CMC) ធ្លាប់ត្រូវបានគេចាត់ទុកថាជាមិត្តភក្តិតាំងពីកុមារភាព និងជាសសរស្តម្ភដ៏សំខាន់ក្នុងការគាំទ្រលោក ស៊ី ជីនពីង នៅក្នុងជួរកងទ័ពរំដោះប្រជាជនចិន។

ការដកតំណែងលោក Zhang និងលោក Liu គឺជាការបង្កើនទម្ងន់នៃយុទ្ធនាការដ៏យូរអង្វែងរបស់លោក ស៊ី ជីនពីង ក្នុងការពង្រឹងអំណាច និងលុបបំបាត់អំពើពុករលួយក្នុងចំណោមមេដឹកនាំយោធាជាន់ខ្ពស់។ យោងតាមអតីតអ្នកវិភាគ CIA និងអ្នកតាមដានស្ថានការណ៍ក្នុងតំបន់ ការសម្អាតជួរមន្ត្រីលើកនេះគឺជាព្រឹត្តិការណ៍ដែលមិនធ្លាប់មានពីមុនមក ដែលធ្វើ​ឲ្យ​គណៈកម្មាធិការយោធាមជ្ឈិមដែលមានសមាជិក​៧​រូប ស្ទើរតែនៅសល់កៅអីទំនេរទាំង​អស់។ ក្រោយការដកតំណែងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតដូចជាលោក He Weidong និងលោក Miao Hua កាលពីចុងឆ្នាំមុន បច្ចុប្បន្នមានតែឧត្តមសេនីយ៍ Zhang Shengmin ដែលទទួលបន្ទុកស៊ើបអង្កេតវិន័យយោធា និងលោកប្រធានាធិបតី ស៊ី ជីនពីង ខ្លួនឯងប៉ុណ្ណោះ ដែលនៅសេសសល់ជាសមាជិកគ្រប់គ្រងនៃស្ថាប័នយោធាកំពូលរបស់​មហាយក្ស​អាស៊ី​មួយ​នេះ។

ក្រុមអ្នកជំនាញបានលើកឡើងថា ការដកតំណែងមេបញ្ជាការជើងចាស់ទាំងនេះ អាចមានបំណងបើកផ្លូវសម្រាប់ឧត្តមសេនីយ៍ជំនាន់ក្រោយ ដែលមានភាពស្មោះត្រង់ដាច់ខាតចំពោះលោក ស៊ី ជីនពីង។ ទោះបីជាលោក Zhang និងលោក Liu មិនទាន់ត្រូវបានកាត់ទោសជាផ្លូវការក៏ដោយ ក៏ការប្រកាសស៊ើបអង្កេតជាសាធារណៈនៅក្នុងប្រព័ន្ធនយោបាយចិន ភាគច្រើនតែងតែបញ្ចប់ទៅដោយការរកឃើញថាមានកំហុស។ ការរុះរើដ៏ធំនេះកើតឡើងចំពេលដ៏សំខាន់សម្រាប់កងទ័ពរំដោះប្រជាជនចិន ខណៈដែលខ្លួនកំពុងដេញតាមគោលដៅធ្វើទំនើបកម្មឆ្នាំ២០២៧ ទោះបីជាមានការព្រមានថា ការបាត់បង់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងបទពិសោធន៍បញ្ជាការយ៉ាងទាន់ហន់បែបនេះ អាចធ្វើ​​ឲ្យ​ប៉ះពាល់ជាបណ្តោះអាសន្នដល់សមត្ថភាពប្រយុទ្ធ និងការផ្គត់ផ្គង់សព្វាវុធរបស់កងទ័ពក៏ដោយ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម