ព័ត៌មានអន្ដរជាតិ
ចិនរំពឹងថា កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់ នឹងត្រូវបញ្ជូនទៅ UN ដើម្បីភាពស្របច្បាប់
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានថ្លែងកាលពីថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២៦ ថា ទីក្រុងប៉េកាំង មានជំនឿចិត្តយ៉ាងមុតមាំថា កិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់សង្គ្រាមរវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ នឹងត្រូវដាក់ជូនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីសុំការអនុម័ត និងគាំទ្រជាផ្លូវការ។

តាមទីភ្នាក់ងារព័ត៌មាន Anadolu ចុះផ្សាយថ្ងៃទី២៦ ឧសភា ការប្រកាសរបស់មន្ត្រីជាន់ខ្ពស់ចិន បានធ្វើឡើង ចំពេលដែលមន្ត្រីមកពីសហរដ្ឋអាមេរិក និងបណ្តាប្រទេសផ្សេងទៀត កំពុងបង្ហាញក្តីសង្ឃឹម ចំពោះវឌ្ឍនភាពនៃការរៀបចំកិច្ចព្រមព្រៀងសន្តិភាពនេះឱ្យបានរួចរាល់ជាស្ថាពរ។ លោក វ៉ាង យី ក៏បានសង្កត់ធ្ងន់ដែរថា ចិនចង់ឃើញភាគីពាក់ព័ន្ធទាំងអស់ រក្សាការប្តេជ្ញាចិត្ត ក្នុងការស្វែងរកការឈប់បាញ់ និងបន្តសម្របសម្រួលគ្នាទៅវិញទៅមក ដើម្បីឱ្យសន្តិភាពអាចវិលត្រឡប់មកតំបន់មជ្ឈិមបូព៌ាវិញឱ្យបានឆាប់បំផុត។
ក្នុងសេចក្តីថ្លែងការណ៍មួយនៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក លោក វ៉ាង យី បានបញ្ជាក់ថា នៅពេលដែលភាគីនានា អាចឈានដល់កិច្ចព្រមព្រៀងរួមគ្នា វានឹងត្រូវបញ្ជូនទៅកាន់ក្រុមប្រឹក្សាសន្តិសុខ ដើម្បីធានាឱ្យកិច្ចព្រមព្រៀងនោះមានភាពស្របច្បាប់ និងមានអំណាចពេញលេញ ក្នុងការអនុវត្ត។ ចំពេលដែលប្រទេសចិន កំពុងធ្វើជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់ខែឧសភានេះ លោកបានរំលឹកថា ស្ថាប័នអន្តរជាតិមួយនេះ ដែលមានភារកិច្ចការពារសន្តិភាព និងសន្តិសុខពិភពលោក ត្រូវតែបោះជំហានទៅមុខ និងទទួលខុសត្រូវលើកាតព្វកិច្ចរបស់ខ្លួនឱ្យបានហ្មត់ចត់បំផុត។
ស្ថានភាពតានតឹងនៅក្នុងតំបន់មជ្ឈិមបូព៌ា បានផ្ទុះឡើងយ៉ាងខ្លាំង ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារលើប្រទេសអ៊ីរ៉ង់ កាលពីចុងខែកុម្ភៈកន្លងទៅ។ ជាការឆ្លើយតប ទីក្រុងតេហេរ៉ង់ បានវាយបកវិញទៅលើអ៊ីស្រាអែល ព្រមទាំងប្រទេសជាសម្ព័ន្ធមិត្តរបស់អាមេរិក នៅក្នុងតំបន់ឈូងសមុទ្រ ហើយថែមទាំងបានបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដ៏សំខាន់បំផុត សម្រាប់ដឹកជញ្ជូនប្រភពថាមពល និងប្រេងកាតរបស់ពិភពលោកទៀតផង។
ទោះជាយ៉ាងណា បទឈប់បាញ់មួយ បានចាប់ផ្តើមមានប្រសិទ្ធភាពកាលពីថ្ងៃទី៨ ខែមេសា ក្រោមការសម្របសម្រួលពីប្រទេសប៉ាគីស្ថាន ហើយក្រោយមកត្រូវបានលោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសពន្យារពេលដោយគ្មានកំណត់។ ជាមួយគ្នានេះដែរ កាលពីថ្ងៃសៅរ៍កន្លងទៅ លោក ត្រាំ បានបង្ហើបឱ្យដឹងថា កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ដើម្បីបញ្ចប់សង្គ្រាមនេះ ត្រូវបានចរចាស្ទើរតែទាំងស្រុងហើយ ដោយបច្ចុប្បន្នកំពុងតែរង់ចាំតែការពិនិត្យ និងសម្រេចចុងក្រោយតែប៉ុណ្ណោះ៕
ប្រែសម្រួល៖ ឈាង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


