ព័ត៌មានអន្ដរជាតិ
ចិននិងប៉ាគីស្ថាន ចាប់ដៃគ្នាបង្កើតច្រករបៀងសេដ្ឋកិច្ច និងកំពង់ផែ Gwadar
ប្រទេសជិតខាងទាំងពីរ មហាអំណាចចិន និងប៉ាគីស្ថាន បានប្រកាសកាលពីថ្ងៃទី២៦ ខែឧសភា ថា ពួកគេបានឈានដល់ «ការយល់ឃើញរួមគ្នាយ៉ាងទូលំទូលាយថ្មីមួយ» លើការប្តេជ្ញាចិត្តពង្រឹងចំណងទាក់ទងយុទ្ធសាស្ត្រ ដើម្បីជំរុញការអភិវឌ្ឍន៍របៀងសេដ្ឋកិច្ចរួមគ្នា និងប្រែក្លាយកំពង់ផែ Gwadar ទៅជាមជ្ឈមណ្ឌលតភ្ជាប់តំបន់។

យោងតាមការចេញផ្សាយពី Reuters ការលើកឡើងនេះ ត្រូវបានធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ខណៈពេលដែលនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif បានបញ្ចប់ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង ចំពេលដែលទីក្រុងអ៊ីស្លាម៉ាបាដ (Islamabad) កំពុងស្វែងរកការវិនិយោគ ហើយកំពុងដោះស្រាយភាពតានតឹងជាមួយប្រទេសអាហ្វហ្គានីស្ថាន និងដើរតួជាអ្នកសម្របសម្រួលនៅក្នុងសង្គ្រាមអ៊ីរ៉ង់។
សេចក្តីថ្លែងការណ៍រួមដែលបានចេញផ្សាយ បន្ទាប់ពីលោក Sharif បានជួបពិភាក្សាការងារជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងនាយករដ្ឋមន្ត្រី លោក Li Qiang បានបញ្ជាក់ថា៖ «ភាគីទាំងពីរបានស្វាគមន៍ចំពោះភាគីទីបី ក្នុងការចូលរួមអភិវឌ្ឍន៍របៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន (CPEC) ក្រោមគំរូដែលបានព្រមព្រៀងគ្នា»។
ពួកគេបានព្រមព្រៀងគ្នាជម្រុញការអភិវឌ្ឍន៍ «ប្រកបដោយគុណភាពខ្ពស់» នៃគម្រោង CPEC ដែលជាគម្រោងលេចធ្លោមួយនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ របស់ប្រទេសចិន ព្រមទាំងអភិវឌ្ឍន៍កំពង់ផែ Gwadar របស់ប៉ាគីស្ថាន និងពង្រឹងការតភ្ជាប់ផ្លូវគោក និងផ្លូវទឹក។
ផែនការទាំងនេះ ក៏បានរួមបញ្ចូលទាំងច្រកទ្វារព្រំដែន Khunjerab Pass និងការធ្វើបច្ចុប្បន្នភាពផ្លូវហាយវ៉េ Karakoram ដែលជាខ្សែផ្លូវគោកចម្បងតភ្ជាប់រវាងប្រទេសចិន និងប៉ាគីស្ថានផងដែរ។
មិនតែប៉ុណ្ណោះ ប៉ាគីស្ថានក៏បានសន្យានឹងចាត់វិធានការចំគោលដៅ ដើម្បីបង្កើនសន្តិសុខ និងកិច្ចសហប្រតិបត្តិការ ក្នុងបំណងធានាសុវត្ថិភាពដល់កម្មករ និងការវិនិយោគរបស់ចិននៅក្នុងប្រទេសប៉ាគីស្ថាន ដែលនេះជាក្តីបារម្ភចម្បងរបស់ទីក្រុងប៉េកាំង បន្ទាប់ពីមានការវាយប្រហារជាបន្តបន្ទាប់ពីសំណាក់ក្រុមសកម្មប្រយុទ្ធលើជនជាតិ និងគម្រោងនានារបស់ខ្លួន។
យ៉ាងណាមិញ ការប្រកាសរួមគ្នានេះដែរ គឺដើម្បី «ដាស់គម្រោងដែលកំពុងគាំងឲ្យរស់ឡើងវិញ» ដោយចិនផ្តល់លុយ និងឱកាសសេដ្ឋកិច្ច ចំណែកប៉ាគីស្ថាន ត្រូវដូរមកវិញនូវកិច្ចការពារសន្តិសុខ និងការគាំទ្រនយោបាយ៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


