ព័ត៌មានអន្ដរជាតិ
ចិន ព្រមានតៃវ៉ាន់កុំឱ្យលូកដៃ ឬរំខានដល់បេសកកម្មហោះហើររបស់កងទ័ពអាកាសខ្លួន
ភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ បានឡើងកម្តៅម្តងទៀត បន្ទាប់ពីក្រសួងការពារជាតិចិន បានចេញមុខព្រមានចំៗទៅកាន់កោះតៃវ៉ាន់ថា មិនគួរមកកាត់មុខកាត់មាត់ ឬមានចំណាត់ការណាមួយ «ជ្រៀតជ្រែក» ដល់បេសកកម្មរបស់កងទ័ពអាកាសក្រុងប៉េកាំង ដែលកំពុងធ្វើឡើងនៅក្នុងដែនអាកាសរបស់ខ្លួនឡើយ។

តាមការផ្សាយរបស់ The Strait Times កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ការព្រមានដ៏ក្តៅគគុកនេះ ធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងការមិនពេញចិត្ត និងការរអ៊ូរទាំរបស់ទីក្រុងតៃប៉ិ ជុំវិញសកម្មភាពសមយុទ្ធយោធារបស់ចិន ក្នុងរយៈពេលពេញមួយសប្តាហ៍កន្លងមកនេះ។
រដ្ឋាភិបាលទីក្រុងប៉េកាំង តែងតែចាត់ទុកកោះតៃវ៉ាន់ ដែលសព្វថ្ងៃគ្រប់គ្រងតាមបែបប្រជាធិបតេយ្យនោះ ថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ទោះបីជាមានការប្រឆាំងតវ៉ាយ៉ាងខ្លាំងក្លា ពីសំណាក់រដ្ឋាភិបាលតៃវ៉ាន់ ក៏ដោយ។ ហេតុដូច្នេះហើយ ទើបគេតែងតែឃើញយន្តហោះចម្បាំង និងនាវាចម្បាំងរបស់ចិន បើកការចល័តទ័ព និងធ្វើប្រតិបត្តិការនៅជុំវិញកោះមួយនេះស្ទើរតែរាល់ថ្ងៃ។ កាលពីសប្តាហ៍មុន តៃវ៉ាន់ បានទម្លាយឱ្យដឹងថា ចិនបានបើកយុទ្ធនាការ «ល្បាតត្រៀមប្រយុទ្ធរួមគ្នា» ថែមទាំងបានបង្ហោះរូបថតនាវាចម្បាំង និងយន្តហោះចម្បាំងរបស់ចិន ដែលថតបានដោយយន្តហោះចម្បាំងរបស់តៃវ៉ាន់ផ្ទាល់ទៀតផង។
ជុំវិញរឿងរ៉ាវល្បាតយោធានេះ អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Jiang Bin បានថ្លែងយ៉ាងម៉ឺងម៉ាត់ថា តៃវ៉ាន់គ្រាន់តែជាផ្នែកមួយរបស់ប្រទេសចិន តែប៉ុណ្ណោះ។ លោកបានសង្កត់ធ្ងន់ថា យន្តហោះចម្បាំងរបស់ចិន កំពុងធ្វើសកម្មភាពយោធា នៅក្នុងដែនអាកាសរបស់ចិនផ្ទាល់ ដូច្នេះក្រុមកងទ័ព ដែលគាំទ្រ «ឯករាជ្យភាពតៃវ៉ាន់» គួរតែដកខ្លួនចេញ ហើយបញ្ឈប់រាល់ការជ្រៀតជ្រែក និងការឌឺដងជេរប្រមាថទាំងឡាយណា ដែលនាំឱ្យមានរឿងរ៉ាវវែងឆ្ងាយ។ ជាញឹកញាប់ ចិនតែងតែចាត់ទុកប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ ឈីងតេ (Lai Ching-te) ថាជា «ជនអនាធិបតេយ្យចង់បំបែករដ្ឋ» ហើយតែងតែទាត់ចោលការសុំចរចារបស់លោកជានិច្ច ខណៈដែលលោក ឡៃ ឈីងតេ ធ្លាប់បានប្រកាសថា មានតែប្រជាជនតៃវ៉ាន់ខ្លួនឯងប៉ុណ្ណោះ ទើបជាអ្នកសម្រេចវាសនាអនាគតរបស់កោះនេះបាន។
លោក Jiang Bin បានបន្ថែមទៀតថា កងទ័ពចិន នឹងបន្តពង្រឹងការហ្វឹកហាត់ និងការត្រៀមលក្ខណៈប្រយុទ្ធឱ្យកាន់តែខ្លាំងក្លា ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន ព្រមទាំងប្តេជ្ញាកម្ចាត់រាល់សកម្មភាពបំបែករដ្ឋ ឬការលូកដៃពីសំណាក់ពួកបរទេសឱ្យខានតែបាន។ ស្ថានភាពនៅទីក្រុងតៃប៉ិពេលនេះ កំពុងស្ថិតក្នុងភាពប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះចំណាត់ការណាមួយរបស់ចិន ដែលអាចកើតមានឡើង បន្ទាប់ពីប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានជួបពិភាក្សាអំពីបញ្ហាតៃវ៉ាន់នេះ ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅក្នុងទីក្រុងប៉េកាំង កាលពីពេលថ្មីៗ។
ក្រៅពីការហោះហើរលើអាកាស តៃវ៉ាន់ក៏បានរាយការណ៍ដែរថា ចិនបានពង្រាយនាវាចម្បាំងជាង ១០០គ្រឿង ចល័តចុះឡើងនៅតាមបណ្តោយខ្សែសង្វាក់កោះទីមួយ ដែលជាតំបន់អូសបន្លាយតាំងពីប្រទេសជប៉ុន ធ្លាក់មកដល់តៃវ៉ាន់ និងរហូតដល់ប្រទេសហ្វីលីពីន។ អ្វីដែលកាន់តែគួរឱ្យបារម្ភនោះ កាលពីចុងសប្តាហ៍មុន កងឆ្មាំសមុទ្ររបស់តៃវ៉ាន់ បានប្រឈមមុខដាក់គ្នាដោយផ្ទាល់ ជាមួយនាវាឆ្មាំសមុទ្ររបស់ចិន នៅក្បែរប្រជុំកោះ Pratas ដែលជាកោះស្ថិតនៅក្រោមការគ្រប់គ្រងរបស់តៃវ៉ាន់ ចំតំបន់ប៉ែកខាងលើនៃសមុទ្រចិនខាងត្បូង ដែលធ្វើឱ្យស្ថានការណ៍រឹតតែឡើងកម្តៅខ្លាំងឡើងៗ៕
ប្រែសម្រួល៖ ឈាង
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


