Connect with us

ព័ត៌មានអន្ដរជាតិ

ចិនបំបែកកំណត់ត្រាថ្មី បញ្ជូនអវកាសយានិកទៅរស់នៅ លើលំហអាកាសពេញមួយឆ្នាំ

បានផុស

នៅ

ប្រទេសចិន បានបោះជំហានទៅមុខយ៉ាងធំធេងមួយទៀត នៅក្នុងវិស័យអវកាស ដោយបានបាញ់បង្ហោះរ៉ុក្កែតនាំយកបេសកកម្ម «Shenzhou-23» ទៅកាន់ស្ថានីយអវកាស Tiangong កាលពីថ្ងៃអាទិត្យ ទី​២៤ ខែ​ឧសភា ឆ្នាំ​២០២៦។

អវកាសយានិកទាំងបីនាក់នៅក្នុងបេសកកម្ម «Shenzhou-23» (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​ការ​ផ្សាយ​របស់ The Guardian អ្វីដែលធ្វើឱ្យពិភពលោកចាប់អារម្មណ៍ខ្លាំងនោះគឺ នៅក្នុងចំណោមអវកាសយានិកទាំងបីរូប ដែលបានធ្វើដំណើរទៅនោះ នឹងមានម្នាក់ត្រូវជ្រើសរើសឱ្យស្នាក់នៅលើលំហអាកាសរហូតដល់ទៅពេញមួយឆ្នាំតែម្តង ដែលនេះជាកំណត់ត្រាមិនធ្លាប់មានទាល់តែសោះ សម្រាប់ប្រវត្តិសាស្ត្រអវកាសរបស់ចិន។ បេសកកម្មដ៏វែងឆ្ងាយនេះ គឺជាការរៀបចំខ្លួនដ៏សំខាន់របស់ទីក្រុងប៉េកាំង ក្នុងការសម្រេចមហិច្ឆតាបញ្ជូនមនុស្សទៅជាន់ផ្ទៃព្រះចន្ទឱ្យបានមុនឆ្នាំ ២០៣០។

រ៉ុក្កែតដ៏ទំនើបប្រភេទ Long March 2-F បានហោះហើរចាកចេញពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណប Jiuquan នៅភាគពាយព្យនៃប្រទេសចិន យ៉ាងរលូន។ ជាមួយគ្នានេះ បេសកកម្មលើក​នេះ ក៏បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់ទីក្រុងហុងកុងផងដែរ ដោយសារតែមានវត្តមានលោកស្រី Lai Ka-ying អាយុ ៤៣ឆ្នាំ ដែលជាអតីតមន្ត្រីប៉ូលិសហុងកុង បានក្លាយជាអវកាសយានិកដំបូងបង្អស់មកពីដែនដីកោះមួយនេះ ដែលបានហោះហើរទៅកាន់លំហអាកាស។ ចំណែកឯសមាជិកពីររូបទៀត រួមមានលោក Zhu Yangzhu អាយុ ៣៩ឆ្នាំ ជាវិស្វករអវកាស និងលោក Zhang Zhiyuan អាយុ ៣៩ឆ្នាំដែរ ជាអតីតអ្នកបើកបរយន្តហោះចម្បាំង ដែលទើបតែបានឡើងទៅលំហអាកាសជាលើកដំបូងដូចគ្នា។

ក្រុមការងារអវកាសយានិកទាំងនេះ មានភារកិច្ចត្រូវធ្វើការពិសោធន៍វិទ្យាសាស្ត្រជាច្រើន ទាក់ទងនឹងជីវវិទ្យា រូបវិទ្យា និងវិស័យវេជ្ជសាស្ត្រ។ ប៉ុន្តែអ្វីដែលជាចំណុចស្នូល គឺការសិក្សាពីផលប៉ះពាល់លើរាងកាយមនុស្ស នៅពេលត្រូវរស់នៅក្នុងស្ថានភាពគ្មានទំនាញផែនដី ក្នុងរយៈពេលយូររហូតដល់មួយឆ្នាំ។ អ្នកជំនាញខាងរូបវិទ្យាតារាសាស្ត្រ បានពន្យល់ថា ការរស់នៅលើលំហអាកាសយូរខែបែបនេះ អាចធ្វើឱ្យមនុស្សជួបបញ្ហាសុខភាពជាច្រើន ដូចជា ការបាត់បង់ដង់ស៊ីតេឆ្អឹង ស្វិតសាច់ដុំ ផលប៉ះពាល់ពីវិទ្យុសកម្ម បញ្ហាដំណេក ក៏ដូចជាភាពហត់នឿយផ្លូវចិត្ត និងអារម្មណ៍ផងដែរ។ ដូច្នេះហើយ ទើបចិនត្រូវសាកល្បងឱ្យច្បាស់លាស់ ដើម្បីត្រៀមលក្ខណៈ សម្រាប់ការធ្វើដំណើរទៅកាន់ព្រះចន្ទ និងភពអង្គារនាពេលអនាគត។

ជាធម្មតា អវកាសយានិកចិន ដែលទៅស្ថានីយអវកាស Tiangong តែងតែត្រឡប់​មក​ផែនដីវិញ ក្រោយរយៈពេល ៦ខែ ប៉ុន្តែបេសកកម្មពេញមួយឆ្នាំនេះ នឹងក្លាយជាការសាកល្បងដ៏ធំទាំងសម្រាប់កម្លាំងមនុស្ស និងប្រព័ន្ធបច្ចេកវិទ្យាផ្គត់ផ្គង់ជីវិត ដូចជា ប្រព័ន្ធចម្រោះទឹក និងខ្យល់ ជាដើម។

បច្ចុប្បន្ន ការប្រកួតប្រជែងដណ្តើមគ្នាទៅព្រះចន្ទរវាងចិន និងទីភ្នាក់ងារណាសារបស់អាមេរិក កំពុងតែឡើងកម្តៅខ្លាំង ដោយចិនក៏កំពុងតែត្រៀមលក្ខណៈសាកល្បងយានអវកាសជំនាន់ថ្មីឈ្មោះ «Mengzhou» នៅឆ្នាំនេះផងដែរ ដើម្បីជំនួសយាន Shenzhou ចាស់ៗ និងប្រើសម្រាប់ដឹកមនុស្សទៅព្រះចន្ទ។

គួររំឮកផងដែរថា ចិន បានចាប់ផ្តើមពង្រីកកម្មវិធីអវកាសរបស់ខ្លួនយ៉ាងខ្លាំងក្លា ក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយ ដោយបានចំណាយប្រាក់រាប់ពាន់លានដុល្លារ ដើម្បីដេញតាមឱ្យទាន់សហរដ្ឋអាមេរិក និងរុស្ស៊ី បន្ទាប់ពីចិនត្រូវបានអាមេរិកហាមឃាត់មិនឱ្យចូលរួមក្នុងស្ថានីយអវកាសអន្តរជាតិ (ISS) តាំងពីឆ្នាំ ២០១១ មក។ ការខំប្រឹងដោយខ្លួនឯងនេះ បានធ្វើឱ្យចិនសម្រេចជោគជ័យធំៗជាច្រើន រួមទាំងការចុះចតយាននៅលើផ្នែកម្ខាងទៀតនៃព្រះចន្ទ ដែលមនុស្សមើលមិនឃើញ និងការបញ្ជូនយានទៅដល់ភពអង្គារ ជាដើម។ ក្រៅពីមហិច្ឆតាទៅព្រះចន្ទមុនឆ្នាំ ២០៣០ ចិនក៏មានគម្រោងសាងសង់ស្ថានីយស្រាវជ្រាវអចិន្ត្រៃយ៍ នៅលើ​នោះ​​ ក្នុង​​ឆ្នាំ ២០៣៥ ទៀតផង៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម