Connect with us

សេដ្ឋកិច្ច

ផ្សារមូលបត្រកៀរគរទុនប្រមាណ ៧០០ លានដុល្លារ

បានផុស

នៅ

លោក ស៊ូ សុជាតិ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​និយ័តករ​មូលបត្រ​កម្ពុជា បាន​បញ្ជាក់​ប្រាប់ឱ្យ​ដឹង​ថា គិត​រហូតមកដល់​ពេល​នេះ ក្រុមហ៊ុន​ដែល​បាន​បោះ​ផ្សាយ និង​ចុះ​បញ្ជី​លក់​មូលបត្រ នៅ​ផ្សារ​មូលបត្រ​កម្ពុជា បាន​ប្រមូល​សាច់​ប្រាក់​ពី​ទីផ្សារ​ក្នុង​រង្វង់ ៧០០ លាន​ដុល្លារ​អាមេរិក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ពិធី​ចុះ​បញ្ជី​លក់​សញ្ញាបណ្ណ​ជាផ្លូវការរបស់ ក្រុមហ៊ុន ជូនពេញ អាហ្វ្រិកូ នៅផ្សារមូលបត្រកម្ពុជា នៅថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៦​ លោក ស៊ូ សុជាតិ ​មាន​ប្រសាសន៍​ថា តាម​រយៈការ​ដាក់​ចេញ​នូវ​បទប្បញ្ញត្តិ​ថ្មី​ៗ និង​គំនិត​ផ្តួច​ផ្តើម​ដើម្បី​បង្កើន​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដល់​សាធារណជន​ និង​បណ្តា​ក្រុមហ៊ុន​នានា ទីផ្សារ​មូលបត្រ​កម្ពុជា​បាន​ទទួល​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ ដោយ​ក្នុង​នោះ​មាន​ក្រុមហ៊ុន​ជា​ច្រើន​ដែល​​កំពុង​ត្រៀម​ខ្លួន​ធ្វើ​ការ​បោះ​ពុម្ភ​ផ្សាយ​លក់​ទាំង​មូលបត្រ​កម្មសិទ្ធិ និង​មូល​បត្រ​ចំណូល ហើយ​នឹង​អាច​ធ្វើ​ការ​ចុះ​​បញ្ជី​លក់​​មូល​បត្រ​របស់​ខ្លួន​ជា​បន្ត​បន្ទាប់​នាពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។

គិតមកដល់ពេលនេះ ក្រុមហ៊ុនដែលបានបោះផ្សាយ និងចុះបញ្ជីលក់មូលបត្រនៅផ្សារ មូលបត្រកម្ពុជា បានប្រមូលសាច់ប្រាក់ពីទីផ្សារក្នុងរង្វង់ ៧០០ លានដុល្លារអាម៉េរិក។ ក្នុងនោះ មានក្រុមហ៊ុន​ចំនួន ១២ បានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និងក្រុមហ៊ុនចំនួន ១៥ បានបោះផ្សាយលក់ មូលបត្របំណុល ដោយ​រួមបញ្ចូលទាំងសញ្ញាបណ្ណបៃតង និងសញ្ញាបណ្ណចីរភាព ដែលនេះជាមោទនភាពមួយសម្រាប់កម្ពុជា។

លោក​ ស៊ូ សុជាតិ បាន​អះអាង​ថា «ថ្វី​ត្បិត​តែ​ប្រទេស​កម្ពុជា​យើង​ចាប់ផ្តើមទីផ្សារក្រោយគេ ហើយ​ទំហំ​ទីផ្សារ​នៅតូច ប៉ុន្តែ​ការ​អនុវត្ត និង​ការ​អភិវឌ្ឍទីផ្សារ គឺ​​ស្រប​ទៅនឹងនិន្នាការថ្នាក់តំបន់ និងសកល»។

ទន្ទឹម​នេះ លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃផ្សារមូលបត្រកម្ពុជា បាន​លើក​ឡើង​ដែរ​ថា សក្តានុពលនៃទីផ្សារមូលបត្រ គឺពុំមានដែនកំណត់នោះទេ ក្រុមហ៊ុនដែល​មាន​កំណើន​អាជីវកម្ម​អាច​កៀរគរទុន​ម្តងហើយម្តងទៀត ដោយវិសាលភាពនៃវិនិយោគិនរបស់យើងធំទូលាយ និងមានពីគ្រប់វិស័យ ទាំង​រូបវ័ន្តបុគ្គល និងនីតិបុគ្គល ទាំងក្នុងស្រុក និងក្រៅស្រុក។

តាមរយៈសមិទ្ធិផលកន្លងមក និងការប្រមូលទុនយ៉ាងគំហុកនៅក្នុងឆ្នាំមុននេះ ការកៀរគរទុនបាន​កើនឡើង​រហូត​ដល់​ប្រមាណ ២៦៥ លានដុល្លារអាមេរិក។

ពាក់ព័ន្ធទៅនឹងទីផ្សារភាគហ៊ុន លោក ហុង សុហួរ ក៏បានឱ្យដឹងដែរថា គិតត្រឹមបច្ចុប្បន្ន​នេះ​ ផ្សារ​មូលបត្រ​កម្ពុជា​មានក្រុមហ៊ុន​ចុះ​បញ្ជីសរុប​ចំនួន ២៧ ដែលរួមមានក្រុមហ៊ុនចំនួន ១២ បានចុះ​បញ្ជីលក់មូលបត្រកម្មសិទ្ធិ និងក្រុមហ៊ុន ១៥ ទៀត បាន​ចុះ​បញ្ជី​ជា​សញ្ញាបណ្ណ​សាជីវកម្ម។ ក្រុមហ៊ុនទាំង ២៧ នេះ បានប្រមូលទុនសរុបពីផ្សារមូលបត្រប្រមាណជា ៧០៣ លានដុល្លារអាមេរិក។

បើក្រលេកមើលទិន្នន័យទីផ្សារវិញ​ ក្នុងឆ្នាំ២០២៥ ទីផ្សារមានស្ថិរភាព និងមានភាពធន់ ដោយសន្ទស្សន៍ទីផ្សារបានបិទនៅ ៤២៣,០៦ពិន្ទុ កើនឡើង២,៥% បើធៀប នឹងឆ្នាំ២០២៤ ហើយទំហំជួញដូរភាគហ៊ុនជាមធ្យមក្នុងមួយថ្ងៃមានប្រមាណ ១១ ម៉ឺនដុល្លារ ជាមួយនឹងបរិមាណជួញដូរភាគហ៊ុនជាមធ្យមមានប្រមាណជា ១០ ម៉ឺនភាគហ៊ុន ដោយមានការជួញដូរតាមការចរចាបានកើតឡើងជាច្រើនដងក្នុងឆ្នាំ២០២៥ កន្លងទៅនេះ។

រីឯចំនួនគណនីជួញដូរបានហក់ទៅដល់ប្រមាណជា ៧៣.០០០ គណនីជួញដូរ គិតត្រឹមឆ្នាំ២០២៥ ដោយមានកើន ឡើងប្រមាណជា ១៤.៥០០ គណនី បើធៀបនឹងឆ្នាំ២០២៤។

លោក ហុង សុហួរ បានសង្កត់ធ្ងន់ថា ទោះបីជាស្ថានភាពសេដ្ឋកិច្ចជា សកលហាក់មានភាពមិននឹងនរ បន្ថែមដោយការឈានពានពីសំណាក់ប្រទេសជិតខាងមកលើប្រទេសកម្ពុជាក្តី តែផ្សារមូលបត្រកម្ពុជានៅតែធ្វើដំណើរយ៉ាងស្វាហាប់ទៅមុខ និងរក្សាបានភាពធន់ ពោលគឺធ្វើដំណើរឆ្ពោះទៅមុខជានិច្ច ទោះបីជាជំហ៊ានតូចៗក្តី តែនៅតែបន្តឥតឈប់ឈរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម