Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តស្វាយរៀង ប្រជុំវាយតម្លៃសមិទ្ធកម្មវិស័យទេសចរណ៍ និងលើកទិសដៅសម្រាប់ឆ្នាំ២០២៦-២០៣០

បានផុស

នៅ

នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ នេះ សាលប្រជុំសាលាខេត្តស្វាយរៀង មានរៀបចំកិច្ចប្រជុំបច្ចេកទេសយ៉ាងសំខាន់មួយ ដើម្បីត្រួតពិនិត្យ និងវាយតម្លៃលើលទ្ធផលការងារទេសចរណ៍នាពេលកន្លងមក និងរៀបចំផែនការយុទ្ធសាស្ត្រថ្មីសម្រាប់ពេលអនាគត ការវាយតម្លៃសម្មិទ្ធកម្មបញ្ចប់អាណត្តិឆ្នាំ”២០២១-២០២៥” និងការធ្វើបច្ចុប្បន្នភាព ស្ដីពីការអភិវឌ្ឍន៍ទេសចរណ៍ខេត្តស្វាយរៀង ឆ្នាំ”២០២៦-២០៣០”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាព លោក សេង សីលា អភិបាលរងខេត្ត លោកអភិបាលខេត្តស្វាយរៀង និងលោក ម៉ូញ ទី អនុប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ នៃក្រសួងទេសចរណ៍ ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

ចំពោះចំនុចសំខាន់ៗនៃកិច្ចប្រជុំនេះរួមមាន៖ ១. ការវាយតម្លៃសមិទ្ធកម្មបញ្ចប់អាណត្តិ (២០២១-២០២៥)៖ អង្គប្រជុំបានពិភាក្សា និងបូកសរុបលទ្ធផលដែលសម្រេចបានក្នុងរយៈពេល ៥ឆ្នាំកន្លងមក លើការអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងខេត្តស្វាយរៀង ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ សេវាកម្ម និងការទាក់ទាញភ្ញៀវទេសចរ។

២. ការធ្វើបច្ចុប្បន្នភាពផែនការអភិវឌ្ឍន៍ (២០២៦-២០៣០)៖ កិច្ចប្រជុំបានផ្តោតលើការរៀបចំផែនការយុទ្ធសាស្ត្រថ្មី ដើម្បីជំរុញសក្តានុពលទេសចរណ៍ខេត្តឱ្យកាន់តែរីកចម្រើន ស្របតាមការវិវត្តនៃសង្គម និងតម្រូវការរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងរយៈពេល ៥ឆ្នាំទៅមុខទៀត។

ក្នុងឱកាសនោះលោក សេង សីលា អភិបាលរងខេត្ត បានកោតសរសើរដល់មន្ទីរទេសចរណ៍ និងអង្គភាពពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងសម្រេចបាននូវសមិទ្ធផលនានាក្នុងអាណត្តិកន្លងមក ទោះបីជាជួបប្រទះបញ្ហាប្រឈមខ្លះៗក៏ដោយ។ លោកក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហការអន្តរវិស័យ ដើម្បីធ្វើឱ្យផែនការអភិវឌ្ឍន៍ទេសចរណ៍ឆ្នាំ២០២៦-២០៣០ ប្រកបដោយប្រសិទ្ធភាព និងចីរភាព។

គួរបញ្ជាក់ថា កិច្ចប្រជុំនេះគឺជាជំហានយុទ្ធសាស្ត្រមួយក្នុងការប្រែក្លាយខេត្តស្វាយរៀង ឱ្យទៅជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយនៅតំបន់ភូមិភាគអាគ្នេយ៍ តាមរយៈការកែលម្អគុណភាពសេវាកម្ម និងការបង្កើតផលិតផលទេសចរណ៍ថ្មីៗដែលសម្បូរបែប៕

ដោយ៖ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម