ព័ត៌មានជាតិ
ក្រសួងអប់រំ៖ ២៥ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានសាងសង់អគារសិក្សាប្រមាណជា ៤ពាន់ខ្នង
លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ក្នុងអំឡុង ២៥ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានសាងសង់អគារសិក្សាប្រមាណជា ៤ពាន់ខ្នង។ លោកឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងបែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាថ្មី ២ខ្នង ៥បន្ទប់ និងអគារសិក្សាជួសជុលរួចរាល់ចំនួន ១០ខ្នង ស្មើនឹង២៦បន្ទប់ ក្នុងខេត្តរតនគីរី កាលពីរសៀលថ្ងៃទី២៧ ខែកមរា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានចូលរួមអបអរសាទរចំពោះការដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាថ្មី និងអគារសិក្សាជួសជុលរួចរាល់ចំនួនជាច្រើនខ្នង ក្នុងខេត្តរតនគិរី គាំទ្រថវិការួមគ្នាដោយអង្គការ ភ្លែនអន្តរជាតិកម្ពុជា អង្គការអេដ អេ អាក់ស្យុង និងមូលនិធិ Education Above All (EAA) របស់ប្រទេសកាតា ក្នុងកិច្ចសម្របសម្រួលយ៉ាងជិតស្និទ្ធរវាង មន្ទីរអប់រំ យុវជន និងកីឡា អាជ្ញាធរមូលដ្ឋាន និងសហគមន៍។ លោកថា សមិទ្ធផលទាំងអស់នេះពិតជាបំពេញតម្រូវការជាក់ស្តែងរបស់អ្នកសិក្សានៅតំបន់ជនបទ និងកុមារជនជាតិដើមភាគតិច ព្រមទាំងបង្ហាញពីការចូលរួមចំណែករបស់ដៃគូអភិវឌ្ឍន៍ ក្នុងការជួយសម្រាលបន្ទុករបស់រាជរដ្ឋាភិបាលកម្ពុជា និងប្រជាពលរដ្ឋនៅមូលដ្ឋាន។
បើតាមលោកឧបនាយករដ្ឋមន្ត្រី «ក្នុងអំឡុង ២៥ឆ្នាំកន្លងមកនេះរាជរដ្ឋាភិបាលកម្ពុជា បានសាងសង់អគារសិក្សាប្រមាណជា ៤ពាន់ខ្នង ហើយក្រសួងអប់រំ យុវជន និងកីឡានឹងនៅតែបន្តយកចិត្តទុកដាក់ កៀរគរធនធានថវិកា ដើម្បីបន្តសាងសង់ និងជួសជុលអគារសិក្សាបន្ថែមទៀត ឆ្លើយតបនឹងតម្រូវការនៃកំណើនសិស្សជារៀងរាល់ឆ្នាំ ជាពិសេសកំណើននៃការចូលរៀននៅកម្រិតមត្តេយ្យសិក្សា ដែលនេះសបញ្ជាក់ពីការចូលរួមចំណែកយ៉ាងសកម្មពីសំណាក់មាតាបិតា និងអាណាព្យាបាល ដែលបានបញ្ជូនកូនៗឱ្យមកទទួលការអប់រំ»។

លោកបានបន្តថា វឌ្ឍនភាពជាច្រើនក្នុងវិស័យអប់រំនៅកម្ពុជា អាចសម្រេចទៅបាន ដោយមានការចូលរួមគាំទ្រពីសំណាក់ ដៃគូអភិវឌ្ឍន៍មកពីគ្រប់មជ្ឈដ្ឋាន លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ ហើយនេះក៏ជាសក្ខីភាពនៃការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល ដើម្បីធានាផ្តល់សេវាអប់រំប្រកបដោយគុណភាព សមធម៌ និង បរិយាបន្ន។
នាឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណជាថ្មី ដល់អង្គការភ្លែនអន្តរជាតិកម្ពុជា អង្គការអេដ អេ អាក់ស្យុង និងមូលនិធិ Education Above All នៃប្រទេសកាតា ដៃគូអភិវឌ្ឍទាំងអស់និងសហគមន៍ដែលបានរួមគ្នាផ្តល់ការគាំទ្រដល់ការអភិវឌ្ឍវិស័យអប់រំ ផ្តោតសំខាន់លើតំបន់ដែលមានស្ថានភាពងាយរងគ្រោះ ឬតំបន់ដែលមានជនជាតិដើមភាគតិចរស់នៅ។

លើសពីនេះ ក្រសួង នឹងនៅតែបន្តពង្រឹងការអនុវត្ត ការពង្រីក ការវិនិយោគបន្ថែម និងការពិនិត្យតាមដានជាប្រចាំ ដើម្បីធានាប្រសិទ្ធភាព និងចីរភាពនៃការផ្តល់សេវាអប់រំ ជាពិសេសការលើកកម្ពស់ និងផ្តល់ឱកាសសិក្សាពេញមួយជីវិតជូនដល់ក្រុមកុមារ និងយុវជនកម្ពុជាស្របតាមតម្រូវការទីផ្សារការងារទាំងពេលបច្ចុប្បន្ន និងអនាគត៕


-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


