Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីអប់រំ លើកទឹកចិត្តភាគីពាក់ព័ន្ធចូលរួមលើកកម្ពស់អាហារូបត្ថម្ភតាមសាលារៀនដើម្បីបង្កើតអនាគតដ៏ភ្លឺស្វាងសម្រាប់យុវជនជំនាន់ក្រោយ

បានផុស

នៅ

ឧបនាយករដ្ឋមន្ត្រី លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកទឹកចិត្តគ្រប់ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងវិស័យឯកជនទាំងអស់ចូលរួមសហការលើកកម្ពស់អាហារូបត្ថម្ភដល់សិស្សានុសិស្សនៅតាមសាលារៀនដើម្បីបង្កើតអនាគតដ៏ភ្លឺស្វាងសម្រាប់យុវជនជំនាន់ក្រោយដែលជាសសទ្រូងដ៏រឹងមាំសម្រាប់អភិវឌ្ឍប្រទេសជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


អញ្ជើញក្នុងពិធីសម្ពោធជាផ្លូវការយុទ្ធនាការសុវត្ថិភាពចំណីអាហារ រដូវកាលទី២ និងអបអរទិវាកុមារអន្តរជាតិថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ លោក ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធនឹងជួយបណ្ដុះទម្លាប់បរិភោគអាហារដែលមានតុល្យភាព ពោលគឺក្រុមអាហារសំខាន់ៗទាំងបីក្រុម គឺអាហារថាមពល អាហារសាងសង់ និងអាហារការពារ និងតិចខ្លាញ់ តិចអំបិល តិចស្ករ អាហារូបត្ថម្ភមានជាតិដែក និងវីតាមីន C និងការជៀសវាងភេសជ្ជៈផ្អែម រួមនឹងការត្រួតពិនិត្យសុវត្ថិភាពចំណីអាហារតាមសាលារៀន ការពង្រឹងការយល់ដឹង ការត្រួតពិនិត្យភាពស្លេកស្លាំង។

លោកបន្តថាការណែនាំអាហារូបត្ថម្ភដ៏ត្រឹមត្រូវ នឹងរួមចំណែកកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកដែលមានសារៈសំខាន់ក្នុងការទ្រទ្រង់ការលូតលាស់ប្រកបដោយសុខភាពល្អរបស់កុមារកម្ពុជា និងកែលម្អលទ្ធផលសិក្សារបស់ពួកគេ។

ជាក់ស្តែងភាពជាដៃគូជាមួយវិស័យឯកជន រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមគ្នាក្នុងការចូលរួមចំណែកលើកកម្ពស់ការយល់ដឹងអំពីកង្វះអាហារូបត្ថម្ភ និងជំងឺកង្វះជាតិដែក ចូលរួមកាត់បន្ថយអត្រាប្រេវ៉ាឡង់នៃភាពស្លេកស្លាំង និងកង្វះជាតិដែកក្នុងចំណោមកុមារអាយុក្រោម៥ឆ្នាំ។ ការយល់ដឹងទាំងនេះ ដើម្បីធានាថាពួកគេមានការលូតលាស់ និងទទួលបានឱកាសរីកចម្រើន ក្លាយជាធនធានមនុស្សប្រកបដោយសក្ដានុពលពេញលេញ។

លើសពីនេះទៀតវាបានសបញ្ជាក់ពីការប្ដេជ្ញាចិត្តរួមគ្នារវាងរដ្ឋ និងឯកជន ក្នុងការលើកកម្ពស់សុខភាពកុមារ និងបង្កើតអនាគតដ៏ភ្លឺស្វាងសម្រាប់យុវជនជំនាន់ក្រោយនៃប្រទេសកម្ពុជាខណៈរាជរដ្ឋាភិបាលបានកំណត់យក «ការអភិវឌ្ឍមូលធនមនុស្ស» ជាមុំចម្បង តាមរយៈការដាក់ចេញនូវវិធានការគន្លឹះក្នុងការលើកកម្ពស់សុខភាពសិក្សា និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន។ក្នុងនោះក្រសួងអប់រំបានដាក់ចេញនូវគោលនយោបាយជាតិស្ដីពីសុខភាពសិក្សា និងបានហាមឃាត់ការលក់ដូរចំណីអាហារដែលមិនមានសុវត្ថិភាព ឬភេសជ្ជៈផ្អែម និងប៉ូវកម្លាំងនៅក្នុងគ្រឹះស្ថានសិក្សា។

គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៦ រាជរដ្ឋាភិបាលបានអនុវត្តកម្មវិធីផ្ដល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលសហគមន៍ នៅតាមសាលាគោលដៅចំនួន ១ ១១៤សាលា ក្នុងខេត្តចំនួន១០ ដែលផ្ដល់អត្ថប្រយោជន៍ដល់សិស្សប្រមាណ ៣០០ ០០០នាក់ ព្រមទាំងបានកែលម្អហេដ្ឋារចនាសម្ព័ន្ធអនាម័យ (ទឹកស្អាត ៨៨%, កន្លែងលាងដៃ ៩៤%, បង្គន់អនាម័យ ៩៩%) និងសហការជាមួយវិស័យសុខាភិបាលដើម្បីផ្ដល់ថ្នាំទម្លាក់ដង្កូវព្រូន វីតាមីន A និងគ្រាប់ថ្នាំជាតិដែក ជូនដល់សិស្សានុសិស្សឱ្យបានគ្របដណ្ដប់ជាង ៩៥% នៅទូទាំងប្រទេស៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម