Connect with us

ព័ត៌មានជាតិ

អ្នកជំនាញ២រូប គាំទ្រការរឹតបន្តឹងច្បាប់ចរាចរណ៍ឡើងវិញ និងស្នើឱ្យសមត្ថកិច្ចពង្រឹងសណ្តាប់ធ្នាប់ ការកកស្ទះបន្ថែម

បានផុស

នៅ

ក្រោយពីកត់សម្គាល់ឃើញថា គ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងគួរឱ្យព្រួយបារម្ភក្នុងរយៈពេលកន្លងមកនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រកាសរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឡើងវិញ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៦ តទៅ។ បន្ទាប់ពីការប្រកាសនេះ អ្នកជំនាញ ២រូប បានបង្ហាញការគាំទ្រ និងស្នើឱ្យសមត្ថកិច្ចពង្រឹងសណ្តាប់ធ្នាប់ចរាចរណ៍ និងមានវិធានការកាត់បន្ថយការកកស្ទះចរាចរណ៍បន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ី(AIP) បានលើកឡើងថា លោកគាំទ្រឱ្យមានការអនុវត្តច្បាប់ រឹតបន្តឹងច្បាប់ចរាចរណ៍ឡើងវិញ។ ទន្ទឹមនឹងការគាំទ្រនេះ លោកស្នើឱ្យមន្ត្រីនគរបាលចរាចរណ៍ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ ជួយពង្រឹងសណ្តាប់ធ្នាប់ចរាចរណ៍ និងមានវិធានការកាត់បន្ថយការកកស្ទះចរាចរណ៍បន្ថែមទៀត។ លោកថា «ប្រសិនជាអាចបង្កើតឱ្យមានក្រុមអន្តរាគមន៍ចល័ត ដើម្បីជួយសម្រួលដល់ការកកស្ទះចរាចរណ៍នៅលើដងផ្លូវបន្ថែមពីលើការអនុវត្តច្បាប់ដោយមន្ត្រី»។

លោកបានបន្តថា ការអនុវត្តច្បាប់នេះ ត្រូវធ្វើឱ្យបានជាប់លាប់ ទូលំទូលាយ មានតម្លាភាព ស្មើភាព និងត្រឹមត្រូវ ព្រោះវាជាកត្តាគន្លឹះក្នុងការជំរុញឱ្យការអនុវត្តច្បាប់ទទួលបានជោគជ័យ និងមានការសាទរពីសាធារណៈជន។ លោកបញ្ជាក់ទៀតថា​ «ការអនុវត្តច្បាប់ ក៏ត្រូវផ្សារភ្ជាប់ ជាមួយការផ្សព្វផ្សាយអប់រំ ក្រើនរម្លឹកដល់អ្នកបើកបរ ហើយនឹងអ្នកប្រព្រឹត្តបទល្មើសចរាចរណ៍ ជាពិសេសត្រូវផ្តោតលើកត្តាហានិភ័យ ដែលបង្កឱ្យមានការស្លាប់ និងរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ ដូចជា ល្បឿន ស្រវឹង មិនពាក់មួក ការគោរពសិទ្ធអាទិភាព មិនពាក់ខ្សែក្រវ៉ាត់។ល។»

បន្ថែមពីលើនេះ លោកបានសំណូមពរឱ្យមានការរឹតបន្តឹង ក៏ដូចជាពង្រឹងនូវក្រមសីលធម៌វិជ្ជាជីវៈរបស់មន្ត្រីអនុវត្តច្បាប់ឱ្យបានល្អ ដោយត្រូវមានការពិន័យដាក់ទោសឱ្យបានធ្ងន់ធ្ងរ ក្នុងករណី មន្ត្រីណាបានប្រព្រឹត្តនូវឥរិយាបទណាមិនសមស្រប ដែលនាំឱ្យមានការបាត់បង់នូវជំនឿ និងការចូលរួមពីប្រជាពលរដ្ឋ។

ពាក់ព័ន្ធនឹងការរឹតបន្តឹងច្បាប់ចរាចរណ៍ឡើងវិញនេះដែរ លោកបណ្ឌិ ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងកិច្ចការសង្គម យល់ឃើញថា ការអនុវត្តច្បាប់ចរាចរណ៍ឡើងវិញនេះ គឺជារឿងដែលត្រូវធ្វើ និងត្រឹមត្រូវ។ លោកបណ្ឌិត បានបង្ហាញការគាំទ្រឱ្យមានការអនុវត្តច្បាប់លើគ្រប់វិស័យ មិនថាច្បាប់ចរាចរណ៍ ច្បាប់ប្រឆាំងអំពើពុករលួយ ច្បាប់ប្រឆាំងគ្រឿងញៀន ឬច្បាប់ប្រឆាំងបទល្មើសបច្ចេកវិទ្យានោះទេ ប៉ុន្តែលោកចង់ឱ្យការធ្វើច្បាប់នោះត្រឹមត្រូវ និងពេញលេញ ដើម្បីឱ្យច្បាប់នោះមានយុត្តិធម៌។

លោកបណ្ឌិត បានបញ្ជាក់ទៀតថា «ការអនុវត្តក៏ត្រូវអនុវត្តឱ្យបានត្រឹមត្រូវ និងយុត្តិធម៌ផងដែរ មានន័យថាជនណាក៏ដោយ បុគ្គលណាក៏ដោយ ឱ្យតែប្រព្រឹត្តល្មើសច្បាប់ត្រូវតែទទួលទោសដូចគ្នា មិនមែនអ្នកតូចទទួលទោស អ្នកធំមិនទទួលទោស អ្នកក្រទទួលទោស អ្នកមានមិនទទួលទោស អ្នកមានខ្នងបង្អែកមិនទទួលទោស អ្នកអត់ខ្នងបង្អែកអត់ទទួលទោស អត់ទេ គឺត្រូវអនុវត្តឱ្យបានស្មើៗគ្នា»។

លើសពីនេះទៀត បើសិនជារកឃើញថា មន្ត្រីដែលអនុវត្តច្បាប់ខ្លួនឯង បានប្រព្រឹត្តល្មើសច្បាប់នៅក្នុងការអនុវត្តច្បាប់ក៏ត្រូវមានទោសដូចគ្នាដែរ មិនមែនគ្រាន់តែណែនាំបន្តិចបន្ទួច ហើយរួចខ្លួននោះទេ បើមិនដូច្នោះទេ មន្ត្រីទាំងនេះហើយដែលធ្វើឱ្យប្រជាពលរដ្ឋមិនគោរពច្បាប់ ដោយសារតែពលរដ្ឋមើលឃើញថា មន្ត្រីអនុវត្តច្បាប់ខ្លះអនុវត្តច្បាប់មិនបានត្រឹមត្រូវ៕

ដោយ៖ គេន ម៉ាលិះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម