Connect with us

ចរាចរណ៍

សមត្ថកិច្ចចរាចរណ៍ខេត្តប៉ៃលិន បន្តចុះអប់រំផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោកដល់ប្រជាពលរដ្ឋនៅភូមិក្ងោក

បានផុស

នៅ

លោកឧត្តមសេនីយ៍ត្រី គិត ធីរ៉ា ស្នងការរងទទួលផែនការងារសណ្តាប់ធ្នាប់ បានដឹកនាំកម្លាំងក្រោមឱវាទ ចុះអប់រំផ្សព្វផ្សាយប្រជាពលរដ្ឋនៅភូមិក្ងោក ឲ្យយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដែលកើតមានជាយថាហេតុ និងបិទចំណាំងផ្លាតតាមយានយន្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ដោយអនុវត្តនូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន លោកឧត្តមសេនីយ៍ត្រី គិត ធីរ៉ា ស្នងការរងទទួលផែនការងារសណ្តាប់ធ្នាប់ បានដឹកនាំមន្ត្រីក្រោមឱវាទ សហការជាមួយមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តប៉ៃលិន និងអាជ្ញាធរមូលដ្ឋាន ចុះអប់រំផ្សព្វផ្សាយប្រជាពលរដ្ឋឲ្យបានយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងបិទចំណាំងផ្លាតតាមយានយន្ត ដឹកនាំដោយលោក សុខ សាវុធ នាយករងរដ្ឋបាលខេត្តប៉ៃលិន ស្ថិតនៅភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ក្នុងឱកាសនោះ ក្រុមការងារបានធ្វើការផ្សព្វផ្សាយអំពីសារៈសំខាន់នៃការគោរពច្បាប់ចរាចរណ៍ ព្រមទាំងបានណែនាំឲ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ក្នុងការបើកបរយានយន្ត ដោយផ្តោតលើការពាក់មួកសុវត្ថិភាព ការបើកបរមិនលើសល្បឿនកំណត់ ការមិនបើកបរពេលស្ថិតក្រោមឥទ្ធិពលគ្រឿងស្រវឹង ឬសារធាតុញៀន និងការគោរពសញ្ញាចរាចរណ៍គ្រប់ប្រភេ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

ជាមួយគ្នានេះ ក្រុមការងារបានចែកចាយសម្ភារៈផ្សព្វផ្សាយ និងបិទចំណាំងផ្លាតលើយានយន្តជូនប្រជាពលរដ្ឋ ដើម្បីជួយបង្កើនការមើលឃើញនៅពេលយប់ និងបន្ថយហានិភ័យគ្រោះថ្នាក់។ ជាចុងក្រោយកម្លាំងនគរបាលចរាចរណ៍ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្តគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន និងចូលរួមជាមួយអាជ្ញាធរ ក្នុងការរក្សាសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម