Connect with us

ព័ត៌មានអន្ដរជាតិ

តើមានប៉ុន្មានដងហើយ ដែលលទ្ធផលបោះឆ្នោត​ថៃ​ត្រូវបានបដិសេធ?

បានផុស

នៅ

នៅក្នុងប្រទេសថៃ ការបដិសេធលទ្ធផលបោះឆ្នោតមិនមែនជារឿងចៃដន្យទេ ប៉ុន្តែវាគឺជា «វដ្តនយោបាយ» ដែលកើតឡើងដដែលៗ។ ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ២០០០មក ឆន្ទៈរបស់ប្រជាជនត្រូវបានរារាំងតាមរូបភាពធំៗចំនួន៣៖

១.ការលុបចោលការបោះឆ្នោតទាំងស្រុង (២លើក)

តុលាការធម្មនុញ្ញថៃធ្លាប់បានសម្រេចឲ្យការបោះឆ្នោតទូទាំងប្រទេសក្លាយជាមោឃៈចំនួន២ដង៖

ឆ្នាំ២០០៦៖ តុលាការបានលុបចោលការបោះឆ្នោតខែមេសា បន្ទាប់ពីមានការធ្វើពហិការពីបក្សប្រឆាំង ដែលនាំ​ឲ្យមានរដ្ឋប្រហារយោធានៅខែកញ្ញា ឆ្នាំ២០០៦។

ឆ្នាំ២០១៤៖ តុលាការបានសម្រេចថា ការបោះឆ្នោតខែកុម្ភៈមិនស្របតាមរដ្ឋធម្មនុញ្ញ ព្រោះមិនអាចរៀបចំការបោះឆ្នោតបានគ្រប់មណ្ឌលក្នុងថ្ងៃតែមួយ (ដោយសារបាតុកម្មរារាំង)។ មិនយូរប៉ុន្មាន រដ្ឋប្រហារឆ្នាំ២០១៤ក៏បានកើតឡើង។

២.ការមិនឲ្យអ្នកឈ្នះឡើងកាន់អំណាច (២លើកចុងក្រោយ)

ទោះបីជាការបោះឆ្នោតមិនត្រូវបានលុបចោល ប៉ុន្តែអ្នកដែលឈ្នះ​នៅ​លេខ​រៀង​ទី​​១ មិនអាចបង្កើតរដ្ឋាភិបាលបាន៖

ឆ្នាំ២០១៩៖ គណបក្សភឿថៃឈ្នះអាសនៈច្រើនជាងគេ ប៉ុន្តែច្បាប់ដែលតាក់តែងដោយយោធាបានអនុញ្ញាត​ឲ្យសមាជិកព្រឹទ្ធសភា (ដែលតែងតាំងដោយយោធា) បោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី បន្តអំណាចឲ្យមេដឹកនាំយោធាដដែល។

ឆ្នាំ២០២៣៖ គណបក្សចលនាឆ្ពោះទៅមុខ (Move Forward) ឈ្នះឆ្នោតក្លាយជាបក្សលេខ១ ប៉ុន្តែត្រូវបានព្រឹទ្ធសភារារាំងមិន​ឲ្យមេដឹកនាំបក្សក្លាយជានាយករដ្ឋមន្ត្រី។ ចុងក្រោយ គណបក្សនេះត្រូវបានតុលាការរំលាយចោលនៅឆ្នាំ២០២៤។

៣.ការរំលាយគណបក្សដែលឈ្នះឆ្នោត

តុលាការថៃមានប្រវត្តិរំលាយគណបក្សដែលទទួលបានការគាំទ្រខ្លាំងបំផុតពីប្រជាជន។ ចាប់តាំងពីឆ្នាំ២០០៧មក គណបក្សឈ្នះឆ្នោតធំៗដូចជា ថៃរ៉ាក់ថៃ, គណបក្សអំណាចប្រជាជន, គណបក្សអានាគតថ្មី និងចុងក្រោយគណបក្សចលនាឆ្ពោះទៅមុខ សុទ្ធតែត្រូវបានរំលាយចោលទាំងអស់។

សរុបមក ប្រព័ន្ធនយោបាយថៃត្រូវបានគេមើលឃើញថាមាន «តម្រង» ពីរជាន់ គឺតុលាការ និងយោធា ដែលតែងតែចេញមុខមក «កែប្រែ» លទ្ធផលបោះឆ្នោត បើលទ្ធផលនោះមិនស្របតាមបំណងរបស់ក្រុមអ្នកមានអំណាចរបស់​ខ្លួន៕

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម