ព័ត៌មានជាតិ
កម្ពុជាបង្កើតច្បាប់ស្ដីពី “ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” ទន្ទឹមនឹងការបោសសម្អាតឧក្រិដ្ឋជនទ្រង់ទ្រាយធំ
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងយុត្តិធម៌ បានរៀបចំនូវសេចក្តីព្រាងច្បាប់ស្តីពី “ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេះឱ្យសម្រេចបានតាមការគ្រោងទុក។ នេះបើតាមការឲ្យដឹងដោយក្រសួងយុត្តិធម៌នៅថ្ងៃទី១១ ខែកុម្ភៈ និងបញ្ជាក់ថា ច្បាប់នេះ ទទួលបានគោលការណ៍បង្កើតពីសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំជាមួយក្រសួងមហាផ្ទៃ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ធនាគារជាតិនៃកម្ពុជា, ក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្ត្រី, គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស, គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, ព្រមទាំងអង្គភាពនគរបាលយុត្តិធម៌ ដើម្បីប្រមូលធាតុចូលបន្ថែមផ្នែកបច្ចេកទេស សំដៅធានាភាពគ្រប់ជ្រុងជ្រោយនៃសេចក្តីព្រាងច្បាប់នេះ និងធានាប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយជាលទ្ធផល អង្គប្រជុំបានឯកភាពជារួមលើសេចក្តីព្រាងច្បាប់នេះ។

ក្រសួងយុត្តិធម៌ ឱ្យដឹងតាមរយៈបណ្ដាញសង្គមផ្លូវការថា ÷”ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នឹងបង្កើតបានជាក្របខ័ណ្ឌគតិយុត្តមួយដ៏សំខាន់ និង ច្បាស់លាស់បន្ថែមទៀត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការបង្ការ, ទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាអាទិភាពមួយដ៏សំខាន់របស់រាជរដ្ឋាភិបាល។ បន្ថែមពីនេះ ច្បាប់នេះ ក៏ត្រូវបានរៀបចំឡើង ស្របតាមអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីការប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលកម្ពុជាបានចុះហត្ថលេខានាពេលកន្លងមក។“។

រាជរដ្ឋាភិបាលកម្ពុជា បានបង្កើនល្បឿនក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ដោយក្នុងនោះ បានបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដឹកនាំដោយសម្ដេច ហ៊ុន ម៉ាណែត ផ្ទាល់។

សម្ដេច ហ៊ុន ម៉ាណែត នៅពាក់កណ្តាលខែមករា ឆ្នាំ២០២៦ បានអំពាវនាវឱ្យពលរដ្ឋខ្មែរ គ្រប់និន្នាការ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ រួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិខ្មែរសំដៅលុបបំបាត់នូវរាល់បញ្ហាអសកម្មពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក៏ដូចជាដើម្បីលើកកម្ពស់កេរ្តិ៍ឈ្មោះដ៏ប្រពៃនៃកម្ពុជាលើឆាកអន្តរជាតិ។

បន្ទាប់មក សកម្មភាពបង្ក្រាបបទល្មើសទ្រង់ទ្រាយធំ បន្តលេចឡើងជាបន្តបន្ទាប់ ក្នុងនោះបង្ក្រាបបានទីតាំងទ្រង់ទ្រាយតូច និងទ្រង់ទ្រាយធំ តួយ៉ាងនៅដើមខែកុម្ភៈ សមត្ថកិច្ចបង្ក្រាបបានជនសង្ស័យពាក់ព័ន្ធជាង២ពាន់នាក់ នៅខេត្តស្វាយរៀង និងថ្មីៗនេះ ឃាត់ខ្លួនជាង៨រយនាក់នៅខេត្តព្រះសីហនុ។

ក្រោយពីការឃាត់ខ្លួន អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា ក៏បានបណ្ដេញជនបរទេសពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទាំងនោះទៅកាន់ប្រទេសកំណើតផងដែរ។

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ បានគូសបន្ទាត់ក្រហមនៃប្រតិបត្តិការបោសសម្អាតខ្នាតធំ(XXL) ផ្ដាច់ដង្ហើមចុងក្រោយបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺត្រឹមកំឡុងខែមេសា ឆ្នាំ២០២៦ ដោយត្រូវបោសសម្អាតទីតាំងប្រព្រឹត្តបទល្មើសឆបោកអនឡាញ ឱ្យអស់ពីលទ្ធភាព និងឱ្យស្អាត៕
ដោយ/ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


