Connect with us

ព័ត៌មានជាតិ

មន្ត្រីអភិរក្សរកឃើញពងអណ្តើកហ្លួងជិតផុតពូជចំនួន២៥គ្រាប់ នៅឆ្នេរខ្សាច់ព្រែកកំពង់លើខេត្តកោះកុង

បានផុស

នៅ

មន្រ្តីជំនាញអភិរក្សនៃរដ្ឋបាលជលផល និងអង្គការ​សមាគម​អភិរក្ស​សត្វព្រៃ WCS នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ បានរកឃើញសំបុកអណ្តើកហ្លួង២ទីតាំង ដែលមានគ្រាប់ពងសរុប២៥គ្រាប់ នៅឆ្នេរខ្សាច់ចំណុចឈើទាល នៃព្រែកកំពង់លើ ក្នុងប្រព័ន្ធព្រែកស្រែអំបិល។ បច្ចុប្បន្ន ក្រុមការងារកំពុងការពារសំបុកទាំងនោះនិងតាមដានការញាស់ ដើម្បីធានាអត្រាគង់វង្សខ្ពស់។ នេះបើតាមការផ្សព្វផ្សាយរបស់រដ្ឋបាលជលផល នៃក្រសួងកសិកម្ម នាថ្ងៃទី១៣ ខែកុម្ភៈ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អណ្តើកហ្លួង ត្រូវបានចាត់ជាប្រភេទឧរង្គសត្វនិមិ្មតរូប នៃព្រះរាជាណាចក្រកម្ពុជា ដោយព្រះរាជក្រឹត្យចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥ និងត្រូវបានចាត់ជាប្រភេទកំពុងរងគ្រោះថ្នាក់ ដោយអនុក្រឹត្យលេខ១២៣ របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០០៩។ បើតាមការអះអាងរបស់រដ្ឋបាលជលផល អណ្ដើកហ្លួង ប្រភេទនេះក៏ត្រូវបានចាត់ជាប្រភេទជិតផុតពូជ ក្នុងបញ្ជីក្រហមនៃអង្គការ IUCN និងស្ថិតក្នុងឧបសម្ព័ន្ធ១ នៃអនុញ្ញាសាយតេស ផងដែរ។

រដ្ឋបាលជលផល ឱ្យដឹងថា ៖«ប្រព័ន្ធព្រែកស្រែអំបិលគឺជាកន្លែងការពារ និងអភិរក្សដ៏សំខាន់បំផុតនៅកម្ពុជា ព្រោះជាកន្លែងតែមួយគត់ដែលអណ្តើកហ្លួងរស់នៅនិងពងកូន។ ដូចនេះ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអង្គការ WCS រដ្ឋបាលខេត្តកោះកុងនិងព្រះសីហនុ អាជ្ញាធរមូលដ្ឋាន និងសហគមន៍នេសាទ បានយកចិត្តទុកដាក់ការរពារប្រភេទនេះចាប់ពីឆ្នាំ២០០០ តាមរយៈការថែរក្សាប្រព័ន្ធអេកូឡូស៊ីក្នុងប្រព័ន្ធព្រែកស្រែអំបិល ការពង្រឹងការអនុវត្តច្បាប់ ការអប់រំផ្សព្វផ្សាយ និងការបង្កាត់ភ្ញាស់និងលែង ដើម្បីធានានិរន្តរភាពនៃប្រភេទនេះក្នុងដែនទឹកធម្មជាតិ។»។

​គួរឱ្យដឹងថា អណ្តើក​ហ្លួង មានឈ្មោះ​ជា​ភាសា​អង់គ្លេស ថា Southern River Terrapin និង​ឈ្មោះ​វិទ្យាសាស្ត្រ​ថា Batagur affinis​។ អណ្ដើកប្រភេទកម្រនេះ រងការគម្រាមគំហែងដោយការកាប់បំផ្លាញព្រៃលិចទឹក ការនេសាទខុសច្បាប់ដូចជា ការប្រើប្រាស់ឧបករណ៍ឆក់ត្រី,ការដាក់សន្ទូច,ឧបករណ៍ហាមឃាត់នានាការនេសាទក្នុងតំបន់ហាមឃាត់ជាដើម ជាពិសេសការបូមខ្សាច់បានបំផ្លាញទីតាំងសម្រាប់អណ្ដើកហ្លួងពងកូនដែលធ្វើឱ្យចំនួនអណ្ដើកហ្លួងកាន់តែថយចុះយ៉ាងខ្លាំង ដែលអាចឈានដល់ផុតពូជ បើមិនមានការការពារត្រឹមត្រូវ៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម