Connect with us

កីឡា

វិសាខា ប្រឈម​ធ្លាក់​ពី Top 6 នៅ​ពេល​ប៉ះ ភ្នំពេញក្រោន ថ្ងៃ​សៅរ៍​នេះ

បានផុស

នៅ

ក្លិប​បាល់ទាត់ វិសាខា និង អឹមអូអាយ កំពង់ដេវ៉ា ត្រូវ​ប្រឹង​​ប្រែង​ឲ្យ​ខ្លាំង​លើសពី​ ១០០ % ដើម្បី​រក្សា​ខ្លួន​ឲ្យ​ស្ថិត​នៅ​ក្នុង​ចំណោម​ក្រុម​លំដាប់​កំពូល​ទាំង ៦ (Top 6) សម្រាប់​ការ​ប្រកួត​ជុំ​ទី ៣ ក្នុង​ការ​ប្រជែង​ឯក​លីគ​បាល់ទាត់​កំពូល​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិសាខា មាន ២៩​ ពិន្ទុ​ ស្ថិត​នៅ​លេខ ៦ ក្នុង​តារាង​ពិន្ទុ បន្ទាប់​ពីឈ្នះ ៧ ប្រកួត ស្មើ ៨ ប្រកួត និង​ចាញ់ ៤ ប្រកួត។ ការ​ប្រកួត​សប្តាហ៍​ចុង​ក្រោយ​នៃ​ជុំ​ទី​២ ពួក​គេ​ត្រូវ​ធ្វើ​ការ​ធ្ងន់​មែន​ទែនដោយ​ត្រូវ​ជួប​ក្រុម​លេខ ២ ភ្នំពេញ​ក្រោន វេលា​ម៉ោង ៦ ល្ងាច ថ្ងៃ​សៅរ៍ ទី២១ ខែ​កុម្ភៈ ឆ្នាំ ២០២៦ នៅ​កីឡដ្ឋាន​ភ្នំពេញក្រោន។ ពួក​គេ​ត្រូវ​ការ​ឈ្នះ​ដាច់​ខាត ដើម្បីស្ថិត​នៅវគ្គ Top 6 ដោយ​ស្វ័យ​ប្រវត្តិ។ ប្រសិន​បើស្មើ  ឬ ចាញ់​នោះ ពួក​គេ​ប្រឈម​នឹង​ហានិភ័យ​​ខ្ពស់​។

វា​ពិបាក​ខ្លាំង​ណាស់សម្រាប់ វិសាខា ក្នុង​ជំនួប​សប្តាហ៍​ទី ២០ ដោយសារ ភ្នំពេញក្រោន ពុះពារ​គ្រប់​បែប​យ៉ាង​ដើម្បី​រក​ឲ្យ​បាន​ពិន្ទុ​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន បន្ទាប់​ពី​សប្តាហ៍​មុន​បានចាញ់ អង្គរថាយហ្គឺរ ៣-៤។ ការ​រក​បាន​ពិន្ទុ​គឺ​ដើម្បី​ឱកាស​ប្រជែង​ជើង​ឯក​ជា​មួយ​ព្រះ​ខ័ន​រាជ​ស្វាយរៀង។ ជួប​គ្នា​កាល​ពី​ជើង​ទី១ ក្រុម​ទាំង​ពីរ​ស្មើ​គ្នា ១-១ នៅ​កីឡដ្ឋាន​វិសាខា។

ចំណែក ក្រុមអឹមអូអាយ កំពង់ដេវ៉ា វិញ ត្រូវ​មើល​លទ្ធផល​របស់ វិសាខា នៅ​ថ្ងៃ​សៅរ៍ មុន​ពេល​ពួក​គេ ដាក់​ចិត្ត​លេងកម្រិត​ណា​ជា​មួយ អាយអេសអាយ ដង្កោសែន​ជ័យ នៅ​ថ្ងៃ​អាទិត្យ ទី​២២ ខែ​កុម្ភៈ។ ប្រសិន​បើ​ វិសាខា ឈ្នះ ភ្នំពេញក្រោន នោះ កំពង់ដេវ៉ា អស់​ឱកាស​វគ្គ Top 6 ប៉ុន្តែ​ប្រសិន​បើ​ វិសាខា ចាញ់ ភ្នំពេញ​ក្រោន គឺ​ជា​ឱកាស​មាស​សម្រាប់ កំពង់ដេវ៉ា ហើយ។

ក្រុម អឹមអូអាយ កំពង់ដេវ៉ា មាន​ ២៧ ពិន្ទុ តាមពី​ក្រោយ វិសាខា តែ ២ ពិន្ទុ​ប៉ុណ្ណោះ បន្ទាប់​ពីឈ្នះ ៧ ស្មើ ៦ និង​ចាញ់ ៦ ស្ថិត​នៅ​លេខ ៧ ក្នុង​តារាង។

សូម​បញ្ជាក់​ថា ក្រុម​ស្ថិត​នៅ Top 6 ដោយ​ជោគជ័យ​គឺ ព្រះ​ខ័ន​រាជ​ស្វាយរៀង ភ្នំពេញក្រោន អង្គរថាយហ្គឺរ ណាហ្គាវើលដ៍ និង បឹងកេត។ នៅ​ជុំ​ទី​៣ ក្រុម​ទាំង​ ៦ ត្រូវ​ធ្វើ​ការ​ប្រកួត​ពីរ​ជើង​ទៀត​គឺក្នុង​ដី និង​ក្រៅ​ដី សរុបចំនួន ១០ ប្រកួត​ម្នាក់​ទៀត​ទើប​ចប់​លីគ​កំពូល​កម្ពុជា​រដូវ​កាល ២០២៥-២៦៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម