Connect with us

កីឡា

ព្រះ​ខ័ន​រាជ​ស្វាយរៀង បន្ត​​កាន់​កាប់​កំពូល​តារាង​កាន់​តែ​រឹង​មាំ

បានផុស

នៅ

ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយរៀង កាន់​តែ​រឹង​មាំ​ក្នុង​ការ​​គ្រប់​គ្រង​លើ​កំពូល​តារាង​នៃ​លីគ​បាល់ទាត់​កំពូល​កម្ពុជា បន្ទាប់​ពី​រក​បាន ៣ ពិន្ទុបន្ថែម​​សម្រាប់​​ការ​ប្រកួត​​​សប្តាហ៍​ទី​២១ ក្នុង​វគ្គ​ក្រុម​លំដាប់​កំពូល​ទាំង ៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​យក​ឈ្នះ ក្រុម​ អឹមអូអាយ កំពង់ដេវ៉ា ដោយ​លទ្ធផល ២-០ កាល​ពី​ថ្ងៃ​សៅរ៍ ទី​២៨ ខែ​កុម្ភៈ ឆ្នាំ ២០២៦ នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ។ ២​គ្រាប់​របស់​ពួក​គេ​រក​បាន​ដោយ​កីឡាករ គឹម សុខយុទ្ធ និង ១គ្រាប់​ទៀត​ជា​ការ​ភ្លាត់​ចូល​ទី​ខ្លួន​ឯង​របស់​ក្រុម អឹមអូអាយ កំពង់ដេវ៉ា។

តាម​រយៈ​ជ័យជម្នះ​នេះ ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​បង្កើន​ការ​ឈ្នះ​ចំនួន ១៨ លើក និង​ចាញ់ ៣ លើក រក​បាន ៥៤ ពិន្ទុ ដែល​នាំ​មុខ ៧ ពិន្ទុ លើ​គូ​ប្រជែង​លេខ ២ ភ្នំពេញ​ក្រោន ដែល​មាន ៤៧ ពិន្ទុ បន្ទាប់​ពី​ពួក​គេ​បាន​ត្រឹម​ស្មើ អង្គរថាយហ្គឺរ ០-០។ ភ្នំពេញ​ក្រោន ហាក់​ធ្វើ​មិន​សូវបាន​ល្អ​ប៉ុន្មាន​ទេ​មួយ​រយៈ​ពេល​ចុង​ក្រោយ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​កាន់​តែ​ពិបាក​ក្នុង​ការ​ប្រជែង​ជើង​ឯក​ជា​មួយ ព្រះ​ខ័ន​រាជ​ស្វាយរៀង។

មួយ​ក្រុម​ទៀត​ដែល​រក ៣ ពិន្ទុ គឺ បឹងកេត បន្ទាប់​ពី​បាន​យក​ឈ្នះ ណាហ្គាវើលដ៍​ដោយ​លទ្ធផល ១-០។ នេះ​ជា​ការ​សង​សឹក​បាន​សម្រេច​សម្រាប់​ក្រុម​ដែល​ប្រើ​ប្រាស់​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​ជា​ផ្ទះ​មួយ​នេះ ពី​ព្រោះ​២​ប្រកួត​មុនគឺ បឹងកេត ចាញ់១ និង​ស្មើ១។ ដូច្នេះ បឹងកេត មាន ៣៥ ពិន្ទុ ប៉ុន្តែ​ឈរ​លេខ ៥ នៅ​ពី​ក្រោម ណាហ្គាវើលដ៍ ដែល​មាន ៣៥ ពិន្ទុ​ដែរ ប៉ុន្តែ​ចំណេញ​គ្រាប់​បាល់​ច្រើន​ជាង​គេ។

ការ​ប្រកួត​វគ្គ Top 6 នៅ​សល់​ ៩ ប្រកួត​ទៀត​សម្រាប់​ក្រុម​នីមួយៗ។ សម្រាប់​សប្តាហ៍​ទី​២២ ថ្ងៃ​អាទិត្យ ទី៨ ខែ​មីនា ឆ្នាំ ២០២៦ ព្រះ​ខ័ន​រាជ​ស្វាយរៀង ត្រូវប៉ះ ណាហ្គាវើលដ៍ នៅ​ទឹក​ដី​ខេត្ត​កំពង់ស្ពឺ ខណៈ ភ្នំពេញក្រោន ទទួល អឹមអូអាយ កំពង់ដេវ៉ា និង បឹងកេត ទទួល អង្គរថាយហ្គឺរ។

តារាង​ពិន្ទុ​ក្រុមលំដាប់ Top 6

  • ព្រះ​ខ័ន​រាជ​ស្វាយរៀង មាន ៥៤ ពិន្ទុ
  • ភ្នំពេញក្រោន មាន ៤៧ ពិន្ទុ
  • អង្គរថាយហ្គឺរ មាន ៣៧ ពិន្ទុ
  • ណាហ្គាវើលដ៍ មាន ៣៥ ពិន្ទុ
  • បឹងកេត មាន ៣៥ ពិន្ទុ
  • អឹមអូអាយ កំពង់ដេវ៉ា មាន ៣០ ពិន្ទុ

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម