Connect with us

កីឡា

កម្ពុជា មានតែ ព្រះខ័នរាជស្វាយរៀង មួយគត់ត្រូវចូលប្រកួតពាន Shopee Cup រដូវកាលក្រោយ

បានផុស

នៅ

ការប្រកួតប្រជែងក្នុងពាន ASEAN Club Championship Shopee Cup រដូវកាល ២០២៦-២០២៧ ត្រូវបានប្រកាសជាផ្លូវការអំពីកាលបរិច្ឆេទចាប់ឆ្នោតវគ្គចែកពូល ខណៈសមាសភាពក្រុមពី កម្ពុជា នឹងត្រូវចូលប្រកួតក្នុងពាននេះ គឺមានតែ ព្រះខ័នរាជស្វាយរៀង មួយគត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ASEAN United FC បានប្រកាសជាផ្លូវការ ថា ការចាប់ឆ្នោតវគ្គចែកពូលពាន ASEAN Club Championship រដូវកាល ២០២៦-២០២៧ នឹងធ្វើឡើងនៅថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ២០២៦ នេះទីក្រុង ហ្សាកាតា ប្រទេស ឥណ្ឌូណេស៊ី។

ពានក្លិប អាស៊ាន ក្នុងរដូវកាលថ្មីខាងមុខ គឺមានលក្ខណៈពិសេសច្រើន ដោយ​បង្កើនចំនួនក្រុមចូលរួមពី ១២ ដល់ ១៤ ក្រុម ដែលក្រុមនីមួយៗ ជាក្រុមជើងឯកលីគ ក្រុមជើងឯករង រួមជាមួយក្រុមជើងឯកពានក្នុងស្រុកលំដាប់ទី ២ (Cup) ផងដែរ។

យោងតាមព័ត៌មានពី ASEAN Football ក៏ដូចជាប្រភពគួរឱ្យទុកចិត្តមួយចំនួនទៀតបានបង្ហាញ ថា រដូវកាលថ្មីខាងមុខ កៅអីក្រុមចូលរួមមកពីប្រទេស កម្ពុជា នឹងមិនប្រែប្រួលនោះទេ ដោយទទួលបាន ១ កៅអី ដើម្បីចូលប្រកួតនៅវគ្គក្នុងពូលដោយស្វ័យប្រវត្តិ។ ជាមួយគ្នានេះ ក្រុមត្រូវតំណាងឱ្យ កម្ពុជា ក៏បានរកឃើញហើយដែរ នោះគឺក្រុមជើងឯកលីគកំពូល កម្ពុជា ព្រះខ័នរាជស្វាយរៀង។

ដោយឡែកក្រុមមកពីលីគ ថៃ ទទួលបាន ៣ កៅអី, ក្រុមលីគ វៀតណាម ទទួលបាន ២ កៅអី, ក្រុមលីគ ម៉ាឡេស៊ី ទទួលបាន ២ កៅអី, ក្រុមលីគ ឥណ្ឌូណេស៊ី ទទួលបាន ២ កៅអី, ក្រុមលីគ សិង្ហបុរី ទទួលបាន ២ កៅអី។ រីឯក្រុមលីគ ហ្វីលីពីន មីយ៉ាន់ម៉ា ឡាវ និង ប្រ៊ុយណេ ទទួលបានកន្លះកៅអីដូចគ្នា ដែលតម្រូវឱ្យប្រកួតជម្រុះ Playoff។

សូម​បញ្ជាក់​ថា​ ពាន​រង្វាន់ ASEAN Club Championship នេះ​ទើប​ត្រូវ​បាន​បង្កើត​ឡើង​ពីររដូវ​កាល​ប៉ុណ្ណោះ​គឺ រដូវ​កាល ២០២៤-២៥ ដោយ ព្រះ​ខ័ន​រាជ​ស្វាយរៀង បានបញ្ចប់​​នៅ​ចំណាត់​ថ្នាក់​លេខ ៣ ក្នុងពូល និង​រដូវ​កាល ២០២៥-២៦ បញ្ចប់​ចំណាត់​ថ្នាក់​លេខ ៣ ក្នុង​ពូល​ទៀត។ អ្វី​គួរ​ឲ្យកត់​សំគាល់ ក្រុម​ជើង​ឯក​លីគ​កំពូល​កំពូល​កម្ពុជា បាន​យក​ឈ្នះក្រុម​ខ្លាំង​របស់សិង្ហបុរី Lion City Sailors ២-០, ស្មើ​ក្រុម​ខ្លាំង​ម៉ាឡេស៊ី Johor Darul Tazim ២-២ និង​ស្មើ​ក្រុម​ថៃ ​Bangkok United ១-១ ​ជា​លទ្ធផល​ដ៏​ល្អ​នៅ​ក្នុង​រដូវ​កាល ២០២៥-២៦ ដែល​អ្នក​គាំទ្រ​គិត​ថា លីគ​កម្ពុជា​គួរ​មាន​ក្រុម​ហោច​ណាស់​ពីរ​ក្រុម​ចូល​រួម​ការ​ប្រកួត​ចាប់​ពី​រដូវ​កាល​ក្រោយ​ទៅ៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម