Connect with us

កីឡា

ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយរៀង ប្រកាស​ពី​ការ​ចាក​ចេញ​កីឡាករ Patrick, Cristian និង Yudai

បានផុស

នៅ

នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ ២០២៦ ក្លិប​បាល់ទាត់ ​ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​ប្រកាស​ពីការចាក​ចេញ​របស់​កីឡាករ​សំខាន់ ៣ នាក់​គឺ Patrick Robson, Cristian Roque និង Yudai Ogawa។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល Patrick Robson បាន​ចូល​រួម​ជា​មួយ ព្រះ​ខ័ន​រាជ​ស្វាយរៀង តែ​មួយ​រដូវ​កាល​ប៉ុណ្ណោះ​គឺ ២០២៥-២៦ ដោយ​បាន​ជួយ​ឲ្យ​ក្រុមឈ្នះ ជើង​ឯក​លីគ​កំពូល​កម្ពុជា ជើង​ឯក​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន និង​ពាន​បើក​រដូវ​កាល​ ខេមបូឌានស៊ុបភើខាប់ ព្រម​ទាំង​ចំណាត់​ថ្នាក់​លេខ២ ពាន​ងាស៊ី AFC Challenge League។ ពេល​នេះ រូបគេ​សម្រេច​ចាក​ចេញ និង​ចូល​រួម​ជា​មួយ​ក្លិប Bersin Bandung នៃ​លីគ​បាល់ទាត់​កំពូល​ឥណ្ឌូណេស៊ី។

កីឡាករ​ជប៉ុន​សញ្ជាតិ​កម្ពុជា Yudai Ogawa ក៏​បាន​ចូល​រួម​ជា​មួយ ព្រះ​ខ័ន​រាជ​ស្វាយរៀង តែ​មួយ​រដូវ​កាល​ដែរ ហើយ​ក៏​សម្រេច​ចាក​ចេញ​​វិញ។ កីឡាករ​សញ្ជាតិ​កម្ពុជា​រូប​នេះ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ថា ទៅ​ចូល​រួម​ជា​មួយ​ក្លិប​ណា​ទេ ឬ​ក៏​អាច​ចេញ​ទៅ​ក្រៅ​ប្រទេស​ក៏​ថា​បាន ខណៈ​រូប​គេ​បាន​លេង​នៅ​ក្នុង​ប្រទេស​កម្ពុជា ប្រមាណ ៧ រដូវ​កាល​មក​ហើយ​គិត​ចាប់​តាំង​ពីឆ្នាំ ២០១៨។

ចំណែក​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល Cristian Roque បាន​ចូល​រួម​ជា​មួយ​ព្រះ​ខ័ន​រាជ​ស្វាយរៀង ២ រដូវ​កាល​គឺ ២០២៤-២៥ និង ២០២៥-២៦ ដោយ​បាន​ឈ្នះ​ជើង​ឯក​លីគ​កំពូល​កម្ពុជា ២ លើក ឈ្នះ​ជើង​ឯក​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន ១ លើក ពាន​បើក​រដូវ​កាល​ខេមបូឌាន​ស៊ុប​ភើ​ខាប់ ១ លើក និង​ចំណាត់​ថ្នាក់​លេខ ២ ពាន AFC Challenge League ២ លើក។

នៅ​ពេល​នេះ Cristian Roque បាន​សម្រេច​ចិត្ត​ចាក​ចេញ​ពី ព្រះ​ខ័ន​រាជ​ស្វាយរៀង ប៉ុន្តែ​រូប​គេ​នឹង​មិន​ទាន់​ចាក​ចេញ​ពី​ប្រទេស​កម្ពុជាឡើយ។ រូប​គេ​ចង់​បន្ត​លេង​នៅ​លីគ​កំពូល​កម្ពុជា​ដោយ​សារ​រូប​គេ​ចង់​ទទួល​បាន​សញ្ជាតិ​កម្ពុជា​ដើម្បី​លេង​តំណាងឲ្យ​ជម្រើស​ជាតិ​កម្ពុជាលើ​ឆាក​អន្តរជាតិ។

ព្រះ​ខ័ន​រាជ​ស្វាយរៀង ទំនង​ជា​ធ្វើ​ការរុះ​រើ​ទ្រង់​ទ្រាយ​ធំ បន្ទាប់​ពី​ចប់​រដូវ​កាល ដើម្បី​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ​សម្រាប់​រដូវ​កាល​ថ្មី​ដែល​ត្រូវ​លេង​ក្នុង​ពាន​រង្វាន់​អាស៊ី​កម្រិត​ទី​២ AFC Champions League Two និង​ពាន​រង្វាន់​ផ្សេង​ៗ​ជា​ច្រើន​ទៀត៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម