Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ អះអាងថា អ៊ីរ៉ង់ កំពុងអស់ទាំងមីស៊ីលបាញ់ អស់ទាំងកន្លែងបាញ់

បានផុស

នៅ

ស្របពេលសង្គ្រាមមជ្ឈិមបូព៌ាកាន់តែខ្លាំងឡើងៗ ដោយអ៊ីរ៉ង់ បើកការវាយប្រហារលើប្រទេសជាច្រើនដែលមានមូលដ្ឋានយោធាអាមេរិកនោះ ពេលនេះមេដឹកនាំសេតវិមាន ដូណាល់ ត្រាំ អះអាងថា ទីក្រុងតេហេរ៉ង់ កំពុងអស់ទាំងមីស៊ីលបាញ់ អស់ទាំងកន្លែងបាញ់។

លោក ដូណាល់ ត្រាំ (រូប៖ Reuters)

ក្នុងបទសម្ភាសជាមួយសារព័ត៌មាន Politico ផ្សាយកាលពីថ្ងៃអង្គារទី៣ខែមីនា ប្រធានាធិបតីអាមេរិក និយាយថា៖ «របបអ៊ីរ៉ង់ កំពុងត្រូវកម្ទេចយ៉ាងខ្ទេចខ្ទី។ ពួកគេកំពុងតែអស់គ្រាប់ ហើយក៏កំពុងតែអស់កន្លែងសម្រាប់បាញ់មីស៊ីលដែរ ពីព្រោះពួកគេកំពុងត្រូវបានបំផ្លាញយ៉ាងដំណំ»។

ការបញ្ជាក់របស់លោកត្រាំ កើតឡើងស្របពេលកងកម្លាំងការពារអ៊ីស្រាអែល IDF ក៏អះអាងដែរថា ចាប់តាំងពីខ្លួនរួមដៃជាមួយអាមេរិក បើកប្រតិបត្តិការវាយប្រហារអ៊ីរ៉ង់មក មានឧបករណ៍បាញ់មីស៊ីលប្រមាណ ៣០០គ្រឿង ត្រូវបានបំផ្លាញ។

មុននេះ លោកត្រាំ បានអួតក្តែងៗរួចទៅហើយថា៖ «ទោះធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់រហូត ក៏អាមេរិកមិនអស់អាវុធដែរ»។

មីស៊ីលអ៊ីរ៉ង់ (រូប៖ Reuters)

តាមរយៈសារបង្ហោះលើបណ្តាញសង្គម Truth Social នៅថ្ងៃអង្គារទី៣ខែមីនាឆ្នាំ២០២៦ ប្រមុខសេតវិមានវ័យ៧៩ឆ្នាំរូបនេះ លើកឡើងថា៖ ស្តុកគ្រាប់រំសេវរបស់សហរដ្ឋអាមេរិក ទាំងធុនមធ្យមនិងធុនធ្ងន់ មិនដែលមានច្រើនឬល្អប្រសើរជាងពេលនេះឡើយ។ ដូចដែលគេបានជម្រាបខ្ញុំនៅថ្ងៃនេះ យើងមានការផ្គត់ផ្គង់អាវុធទាំងនេះស្ទើរតែគ្មានដែនកំណត់។ សង្គ្រាមអាចប្រយុទ្ធបានជារៀងរហូត និងប្រកបដោយជោគជ័យយ៉ាងខ្លាំង ដោយគ្រាន់តែប្រើប្រាស់ការផ្គត់ផ្គង់ទាំងនេះ។

យោងតាមលោកត្រាំ, «ចំពោះអាវុធធុនធ្ងន់វិញ យើងមានស្តុកល្អបង្គួរ ប៉ុន្តែមិនទាន់ដល់កម្រិតដែលយើងចង់បាននៅឡើយទេ។ អាវុធកម្រិតខ្ពស់បន្ថែមជាច្រើនទៀតត្រូវបានរក្សាទុកក្នុងបណ្ដាប្រទេសនៅជិតខាង»។

ក្នុងការបង្ហោះនោះផងដែរ លោកត្រាំ បានឆ្លៀតស្តីបន្ទោសអតីតប្រធានាធិបតី ចូ បៃដិន ដែលចំណាយពេលនិងលុយកាក់របស់អាមេរិក ប្រគល់អ្វីៗគ្រប់យ៉ាងទៅឲ្យមេដឹកនាំអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី អស់តម្លៃរាប់រយពាន់លានដុល្លារទាំងឥតប្រយោជន៍៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម