Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ដាក់​លក្ខខណ្ឌ​ឲ្យ​អ៊ីរ៉ង់​សុំ​ចុះ​ចាញ់​ដោយគ្មានលក្ខខណ្ឌ​ជាមុន​​

បានផុស

នៅ

ប្រធានាធិបតីសហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ បាន​ច្រាន​ចោលការ​ធ្វើ​កិច្ចព្រមព្រៀងណាមួយជា​មួយអ៊ីរ៉ង់ ដោយ​ទាមទារឱ្យអ៊ីរ៉ង់ចុះ​ចាញ់​ដោយគ្មានលក្ខខណ្ឌជំនួស​វិញ​។ នេះ​បើយោង​តាម​​​ការ​ចុះ​ផ្សាយ​​របស់​បណ្តាញ​សារ​ព័ត៌មានអន្តរជាតិ​នានា។

លោក ត្រាំ ចេញ​ការទាមទារបែប​នេះ​​លើ Truth Social របស់​ខ្លួន​​កាល​ពី​ថ្ងៃ​សុក្រ ទី០៦ ខែមីនា, ខណៈ​ការ​វាយ​ប្រហារជា​បន្តបន្ទាប់​រវាងសហរដ្ឋអាមេរិក-​អ៊ីស្រាអែល​ លើ​ប្រទេស​​អ៊ីរ៉ង់​​ឆ្លង​ផុត​​នៃ​សប្តាហ៍ដំបូង​របស់​ពួក​គេ​ទៅ​ហើយ​។

ប្រធានាធិបតីសហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ត្រាំ​សរសេរថា៖«នឹង​មិន​មានកិច្ចព្រមព្រៀង​ជា​មួយ​​អ៊ីរ៉ង់ទេ លើក​លែងតែការចុះចាញ់​ដោយគ្មានលក្ខខណ្ឌ! បន្ទាប់​ពីនោះ និង​ការ​ជ្រើសរើសមេដឹកនាំ​ដ៏អស្ចារ្យ ដែល​អាច​ទទួលយកបាន! យើងនិង​សម្ព័ន្ធមិត្ត និង​ដៃ​គូដ៏អស្ចារ្យដែល​ក្លាហាន​ជា​ច្រើនរបស់យើង នឹង​ធ្វើ​ការ​ដោយ​មិនចេះនឿយហត់ ដើម្បី​នាំអ៊ីរ៉ង់​ត្រឡប់​ពី​​ភាព​បំផ្លិច​បំផ្លាញវិញ​ ដោយ​ធ្វើឱ្យវាកាន់តែ​អស្ចារ្យ​ ប្រសើរជាងមុន និង​រឹងមាំជាងពេលណាៗ​ទាំងអស់​។ អ៊ីរ៉ង់​នឹងមានអនាគតដ៏អស្ចារ្យ»។

​ក្នុង​រយៈពេល​១សប្តាហ៍​មក​នេះ សហរដ្ឋអាមេរិកនិងអ៊ីស្រាអែល បាន​វាយប្រហារ​លើ​ប្រទេស​អ៊ីរ៉ង់​ ចាប់​តាំងពី​ពីថ្ងៃសៅរ៍សប្តាហ៍​មុន ដោយ​ប្រកាសជាសាធារណៈ​ពីគោល​បំណង​​នៃ​ការផ្តួលរំលំរដ្ឋាភិបាល​របស់ប្រទេសនេះ។

មិន​តែ​ប៉ុណ្ណោះ មេដឹក​នាំ​កំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei ត្រូវ​បានសម្លាប់នៅក្នុង​ការវាយ​ប្រហារលើកដំបូងលើ​ប្រទេសនេះ រួម​ជា​មួយមន្ត្រី​ជំនិត​ និង​យោធាជាន់ខ្ពស់​មួយចំនួនទៀត។

សហរដ្ឋអាមេរិក​ ជា​មួយ​​សម្ព័ន្ធមិត្ត​អ៊ីស្រាអែល និង​អ៊ីរ៉ង់ សុទ្ធ​តែបានបង្ហាញ​ពីការតាំងចិត្ត​ខ្ពស់​បន្ត​ជម្លោះនេះ​ បើ​ក្នុង​ករណី​ចាំបាច់។

ខណៈលោកត្រាំ​ និយាយថាសហរដ្ឋអាមេរិក​មានធនធានយោ​ធា​ដ៏​ច្រើន​​​ ដើម្បី​ធ្វើ​សង្គ្រាម​រហូត​ ដល់​​ដល់​អ៊ី​រ៉ង់​ចាញ់​។

ចំណែក​ទីក្រុងតេហេរ៉ង់និយាយ​ថា ខ្លួន​មាន​ពេល​ជា​ច្រើន​ទសវត្សរ៍​ ដើម្បី​រៀបចំសម្រាប់​ជម្លោះ​មួយ​នេះ ហើយ​ហ៊ាន​ឱ្យ​ទីក្រុងវ៉ាស៊ីនតោន​ចាប់​ផ្តើម​ការឈ្លានពាន​ដីគោក​ចូល​ក្នុង​ប្រទេស​នេះ​ទៀត​ផង​៕

ប្រែ​សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម