ព័ត៌មានអន្ដរជាតិ
អាមេរិកគ្រោង យកទ្រព្យសម្បត្តិបង្កករបស់អ៊ីរ៉ង់ ទៅចែកឲ្យសម្ព័ន្ធមិត្ត នៅឈូងសមុទ្រ ដើម្បីជួសជុលការខូចខាតសង្គ្រាម
ប្រភពជិតស្និទ្ធនឹងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានទម្លាយថា សហរដ្ឋអាមេរិក មានផែនការបង្វែរទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ ដែលត្រូវបានរឹបអូស និងបង្កក ទៅឲ្យបណ្តាសម្ព័ន្ធមិត្តនៅក្នុងតំបន់ឈូងសមុទ្រ ដើម្បីផ្តល់មូលនិធិសម្រាប់ការជួសជុល និងកសាងឡើងវិញ នូវការខូចខាត ដែលបង្កឡើងដោយការវាយប្រហារយោធារបស់ទីក្រុងតេហេរ៉ង់។

យោងតាមប្រភពដែលដកស្រង់ផ្សាយដោយ CNN នៅថ្ងៃអាទិត្យ ទី៧ ខែមិថុនា ឆ្នាំ២០២៦, រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក Scott Bessent បានណែនាំដល់មន្ត្រីទាំងឡាយ ឲ្យប្រើប្រាស់រាល់ក្របខ័ណ្ឌច្បាប់ដែលមាន ដើម្បីធ្វើឲ្យដៃគូក្នុងតំបន់ អាចទទួលបានទ្រព្យសម្បត្តិទាំងនេះ ដែលវាជាគំនិតផ្តួចផ្តើម ដើម្បីដាក់សម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ ដោយកំណត់គោលដៅផ្ទាល់ លើការកាន់កាប់ហិរញ្ញវត្ថុរបស់ខ្លួន ដើម្បីសងការខូចខាតសម្រាប់អរិភាពនៅក្នុងតំបន់។
ក្រសួងហិរញ្ញវត្ថុអាមេរិក កំពុងពិនិត្យមើលជម្រើសជាច្រើន ដែលលើសពីមូលនិធិធនាគារ ក្នុងនោះមានទាំងការគិត ចង់ប្រើវិធីផ្សេង ដូចជាប្រើកប៉ាល់ដឹកប្រេង ដែលត្រូវបានរឹបអូស ជាដើម។
ពាក់ព័ន្ធរឿងនេះ មន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក កំពុងសម្របសម្រួលជាមួយរដ្ឋាភិបាល នៃបណ្តាប្រទេសក្នុងតំបន់ឈូងសមុទ្រ ដើម្បីធានាបាននូវការវាយតម្លៃថ្លៃដើម នៃការខូចខាតដោយសារសង្គ្រាម ពិសេសគុយវ៉ែត និងបារ៉ែន ដែលតែងរងការវាយប្រហារយ៉ាងខ្លាំង ពីសំណាក់មីស៊ីល និងដ្រូន។

ទោះយ៉ាងណា គេមើលឃើញរួចទៅហើយថា ការសម្រេចចិត្តនេះ នឹងក្លាយជាឧបសគ្គយ៉ាងធំធេង ដល់ការចរចាការទូតដោយប្រយោលដែលកំពុងបន្ត ព្រោះពីមុនមក ថ្នាក់ដឹកនាំអ៊ីរ៉ង់ បានដាក់លក្ខខណ្ឌថា រាល់ក្របខ័ណ្ឌសន្តិភាពយូរអង្វែងណាមួយ គឺត្រូវផ្អែកលើការបញ្ចេញជាបន្ទាន់ នូវទ្រព្យសម្បត្តិក្រៅប្រទេសចំនួន ២៤ ពាន់លានដុល្លារ ដែលត្រូវបានបង្កក។
រឿងនេះកើតឡើង ស្របពេលអាមេរិក និងអ៊ីរ៉ង់ បានបាញ់តដៃគ្នាជាថ្មី នៅក្នុងឈូងសមុទ្រពែរ្ស។
តាមការផ្សាយរបស់ BBC នៅថ្ងៃអាទិត្យ ទី៧ ខែមិថុនា ឆ្នាំ២០២៦ ជម្លោះនេះផ្ទុះឡើងពេញមួយយប់ថ្ងៃសៅរ៍ បន្ទាប់ពីបញ្ជាការដ្ឋានកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) ស្ទាក់ចាប់ដ្រូនវាយប្រហារ របស់អ៊ីរ៉ង់ចំនួន ៤គ្រឿង ដែលហោះសំដៅទៅច្រកសមុទ្រ Hormuz។
ជាការសងសឹក កងកម្លាំងអាមេរិក បានបើកការវាយបក ដោយកំណត់គោលដៅលើ ទីតាំងរ៉ាដាតាមដានឆ្នេររបស់អ៊ីរ៉ង់ នៅលើកោះ Qeshm និងក្នុងតំបន់ Goruk។
ក្រោយមក កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) ក៏ឆ្លើយតបវិញ ដោយការបាញ់មីស៊ីលផ្លោងចំនួន ៧ គ្រាប់ សំដៅលើបន្ទាយអាមេរិក ជាពិសេស មូលដ្ឋានទ័ពអាកាស Ali Al Salem ក្នុងប្រទេសគុយវ៉ែត និងទីបញ្ជាការកងនាវាទី៥ របស់កងទ័ពជើងទឹកអាមេរិក នៅក្នុងប្រទេសបារ៉ែន៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


