Connect with us

ព័ត៌មានជាតិ

កសិករនៅខេត្តបាត់ដំបងត្អូញត្អែររឿងកសិផលធ្លាក់ថ្លៃស្នើឱ្យមន្រ្ដីជំនាញជួយរកទីផ្សារទាន់ពេលប្រមូលផល

បានផុស

នៅ

ក្នុងរយៈពេលចុងក្រោយនេះ នៅតាមបណ្តាទីផ្សារធំៗមួយចំនួន ជាពិសេសផ្សារ ពូ ពុយ គេសង្កេតឃើញបន្លែគ្រប់ប្រភេទ បានកកស្ទះពេញទីផ្សារ ធ្វើឱ្យអាជីវករជាឈ្មួញកណ្តាលបង្ខំចិត្តលក់បន្តទៅតាមបណ្តាខេត្តនានាក្នុងតម្លៃថោក ខណៈការចំណេញបានត្រឹមក្បាលកាក់បន្តិចបន្តួចប៉ុណ្ណោះ បើធៀបឆ្នាំកន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងចំណោមកសិផលជាច្រើនប្រភេទ ដែលកសិករបានធ្វើការដាំដុះ កសិកររំពឹងថា នឹងមានចំណូលគ្រាន់បើ ផ្ទុយពីការរំពឹងទុកពេលប្រមូលផលទីផ្សារក៏ចង្អៀតតែម្តង។ ក្នុងនោះមាន ត្រប់ស្រួយ និងត្រប់វែង ដែលធ្លាប់តែដើរលើទីផ្សារបានល្អប្រសើរ ប៉ុន្ដែពេលនេះ បានធ្លាក់តម្លៃយ៉ាងកំហុកដែលធ្វើឱ្យកសិករខាតដើមទុនយ៉ាងតំណំ។

កសិករនៅក្នុងស្រុកសំឡូត លោក រឿន ដាវីត ជាកសិករប្រកបរបរដាំត្រប់ស្រួយ បានឱ្យដឹងថា ឆ្នាំនេះបានខាតបង់ថវិកាច្រើន ពេលលោកដាក់កម្មករប្រមូលទិន្នផលត្រប់ស្រួយ ស្រាប់តែទីផ្សារកកស្ទះខុសពីការរំពឹងទុករបស់លោក ហេតុនេះធ្វើឱ្យលោកបង្ខំចិត្តលក់ក្នុងតម្លៃថោកៗបានខ្លះ ដោយ១គីឡូក្រាមលក់ចេញបានត្រឹមចន្លោះពី ៣០០រៀល ៥០០រៀល តែប៉ុណ្ណោះ។ ហើយក្រៅពីលក់បានខ្លះ ដោយសារតែសល់ច្រើនពេក គ្មានម៉ូយទិញ ណាមួយទុកយូរវាខូចផង លោកក៏បានដឹកទៅចាក់ចោលរាប់សិបគីឡូក្រាមនិងតោន។

ចំណែកកសិករដែលមានមុខរបរដាំត្រប់វែង ស្ថិតនៅឃុំខ្នាចរមាស ស្រុកបវេល បានឱ្យដឹងដូចគ្នាដែរថា តម្លៃត្រប់វែងឆ្នាំនេះ លោកលក់មិនបានតម្លៃដូចមុនទេ គឺឈ្មួញបានមកទិញដល់ចំការដូចឆ្នាំសព្វដង តែឆ្នាំនេះឈ្មួញទទួលទិញត្រឹម ៨០០រៀល ក្នុង១គីឡូក្រាម តែប៉ុណ្ណោះ ដ្បិតឆ្នាំកន្លងទៅលោកលក់បានចន្លោះពី ១៥០០ដល់ ២០០០រៀល ក្នុងមួយគីឡូក្រាម។

កសិកររូបនេះបន្តថា មុខរបរត្រប់វែង លោកបានធ្វើការដាំដុះរាល់ឆ្នាំ មិនដែលខកខាននោះទេ ព្រោះត្រប់វែងនេះ ជាបន្លែមួយប្រភេទដ៏ពេញនិយមរបស់ប្រជាជនទូទៅ ហើយគ្រួសារលោកក៏មានសក្ដានុពលខ្ពស់ក្នុងការបង្កើនប្រាក់ចំណូលផងដែរ។

បើតាមលោក ហ៊ួត សឿត ដំណាំត្រប់វែងនេះ គឺឆាប់បានប្រមូលផល គឺត្រឹម២ខែជាងតិចតួច អាចប្រមូលផលហើយ ខណៈការប្រមូលផលបានច្រើនលើក ហើយជាទូទៅត្រប់វែង លោកលក់បានក្នុងតម្លៃចន្លោះពី១៥០០ ទៅ១៨០០រៀល ក្នុងមួយគីឡូក្រាម ដោយឈ្នួលមកទិញដល់ចំការផ្ទាល់ នេះបើគិតពីឆ្នាំកន្លងទៅ។

លោកថា សម្រាប់លោកវិញ បើទោះបីមួយរយៈចុងក្រោយនេះ ធ្លាក់តម្លៃត្រឹម ៨០០រៀល ក្នុង១គីឡូក្រាម ក៏លោកអាចទទួលយកបានដែរ តែបើសិនជាតម្លៃចុះខ្លាំង លោកនឹងផ្អាកការដាំ ដុះលើដីទំហំធំ ហើយលោកដាំតិចតួចសម្រាប់ផ្គត់ផ្គង់ឱ្យអ្នកភូមិប៉ុណ្ណោះ។

អាជីវករម្នាក់ ដែលលក់បន្លែជាច្រើនប្រភេទនៅក្នុងផ្សារ ពូ ពុយ បានឱ្យដឹងថា លោកទទួលទិញ ត្រប់ស្រួយ និងត្រប់វែង នៅក្នុងឆ្នាំនេះ បើផ្លែត្រប់ល្អលោកទិញមួយគីឡូ៥០០រៀល សម្រាប់ត្រប់ស្រួយប្រភេទលេខ១ ហើយលោកលក់បន្តបាន ៧០០ រៀលក្នុងមួយគីឡូក្រាម។ លោកថា ចំណែកត្រប់វែង លោកបានទទួលទិញពីកសិករស្រុកបវេល ក្នុង១គីឡូក្រាមបើផ្លែត្រប់ល្អ លោកទទួលទិញក្នុងតម្លៃ ៨០០រៀល ហើយលោកលក់បន្តបាន ១០០០ដល់១២០០រៀល ក្នុង១គីឡូក្រាម។

បើតាមការលើកឡើងពីលោក ភា សុភ័ក្រ ក្នុងមួយរយៈចុងក្រោយនេះ កសិផលសម្បូរបែបណាស់ ទើបប្រឈមនឹងទីផ្សារ ដោយលោកកត់សម្គាល់ឃើញថា តាំងពីពលករខ្មែរត្រឡប់មកពីប្រទេសថៃវិញ ពួកគេបានប្រកប របរដាំបន្លែច្រើន ទើបទំហំកសិផល កាន់តែមានទំហំ នៃការដាំដុះច្រើន ក្រៅពីធ្វើដំណាំស្រូវក្នុងរដូវវស្សា ខណៈស្របពេលពលករក៏បានខាងមន្ត្រីជំនាញជួយក្នុងការបណ្តុះបណ្តាលផ្នែកវិស័យកសិកម្មផង ហើយពួកគេក៏បានចាប់ផ្តើមអនុវត្តក្នុងការដាំដុះព្រមៗ គ្នាតែម្តង ទើបឆ្នាំនេះបន្លែសម្បូរបែប។

តាមគំនិតលោក ភា សុភ័ក្រ លោកបានកត់សម្គាល់ថា បើទោះបច្ចុប្បន្នកសិផលបានធ្លាក់ចុះខ្លះ តែតម្លៃនេះក៏មិនទាន់ធ្លាក់ខ្លាំងណាស់ណានោះទេ គឺស្ថិតក្នុងកម្រិតមធ្យមសម្រាប់កសិករ ហើយម្យ៉ាងទៀតក៏បានបង្កលក្ខណៈល្អដល់ប្រជាពលរដ្ឋដែលមានកម្រិតសេដ្ឋកិច្ចគ្រួសារទន់ខ្សោយ បានទិញប្រើប្រាស់ដោយចំណាយថវិការតិចតួច ផងដែរ។

បើតាមមន្ត្រីកសិកម្ម បញ្ហាបន្លែចុះថោក ដោយសារតែការប្រមូលផល ស្របពេលគ្នាទើបធ្វើឱ្យបន្លែសល់ច្រើននៅលើទីផ្សារ ប៉ុន្ដែតម្លៃបច្ចុប្បន្ន ក៏នៅមិនទាន់ចុះខ្លាំងនោះដែរ ហើយអាច​នឹងមានតម្លៃឡើងវិញ នៅពេលខាងមុខនេះផងដែរ។

គួរឱ្យដឹងថា ខេត្តបាត់ដំបងផលដំណាំវិលជុំរបស់កសិករ បានធ្វើការដាំដុះស្ទើរគ្រប់ស្រុក ក្នុងនោះក៏មានការដាំដុះពីសំណាក់សហគមន៍បន្លែសេរីរាង្គជាច្រើន ចំណែកតម្លៃក៏មិនស្ថិតថេរនោះដែរ ហើយនៅតាមទីផ្សារមួយចំនួន ក៏បន្លែនៅមានតម្លៃថ្លៃដែរ ម្យ៉ាងទៀតបើបន្លែសម្បូរបែប ហើយតម្លៃថោកសមរម្យ ក៏អាចជាតម្រូវការសម្រាប់ប្រជាពលរដ្ឋគ្រប់រូបបានប្រើប្រាស់គ្រប់គ្រាន់ដែរ ដោយពួកគាត់ចំណាយថវិការតិចតួចតែប៉ុណ្ណោះក្នុងតម្រូវការប្រចាំថ្ងៃ៕

អត្ថបទ ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម